នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បញ្ជី​ឈ្មោះ​ដែល​ជា​រឿង​ស្លាប់រស់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

បញ្ជី​ឈ្មោះ​ដែល​ជា​រឿង​ស្លាប់រស់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយTim Gustafson

March 8, 2025

ជន​គណនា ២៦:១-៤,២០-២២

សត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំងពី​អាយុ២០ឆ្នាំ​ឡើង​ទៅលើ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូនចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ​។ ជន​គណនា ២៦:៤

លោក​អ៊ីតហ្សាក ស្ទើន(Itzhak Stern) បាន​អង្គុយ​វាយ​អង្គុលី​លេខ​ទាំងយប់ ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស មាន​ចំនួន​សរុប​១០៨៩នាក់​។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ គឺជា​ជនជាតិ​ជ្វីប(ឬ​យូដា) ដែល​បាន​ទទួល​ការ​ការពារ​ពី​លោក​អូ​ស្កា ស្គីនដ៍ល័រ(Oskar Schindler) ជា​ម្ចាស់​រោង​ចក្រ ឲ្យ​រួច​ផុត​ពី​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ គាត់​ក៏បាន​កាន់​បញ្ជី​ឈ្មោះ​នោះ​យ៉ាង​ណែន ដោយ​ប្រកាស​ថា បញ្ជី​ឈ្មោះ​នោះ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ដោយ​វា​បាន​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​។ មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​នោះ ក៏​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​ណាហ្ស៊ី​អ៊ីត្លែ​។ នៅ​ឆ្នាំ២០១២ គេ​បាន​ប៉ាន់​ប្រមាណ​ថា កូនចៅ​ជំនាន់​ក្រោយ​របស់​អ្នក​ដែល​បាន​រួច​ជីវិត​នោះ គឺ​មាន​ចំនួន៨៥០០នាក់​។

ព្រះ​គម្ពីរប៊ីប​ផ្ទុក​ទៅ​ដោយ​បញ្ជី​ឈ្មោះ​ជា​ច្រើន​។ យើង​ច្រើនតែ​មើល​រំលង​បញ្ជី​ឈ្មោះ​ទាំង​នោះ ព្រោះ​មាន​ឈ្មោះ​ច្រើន​ពេក និង​ឈ្មោះ​ដដែលៗ​ដែល​យើង​មិន​ចង់​អាន​។ យើង​ប្រហែល​ជា​ធ្លាប់​និយាយ​ថា យើង​មាន​ការ​ធុញ​ទ្រាន់​ចំពោះ ខ​គម្ពីរ​ទាំង​នោះ​ទៀត​ផង​។ ឧទាហរណ៍ បទ​គម្ពីរ​ជន​គណនា ២៦:២០ បាន​រៀបរាប់​បញ្ជី​ឈ្មោះ​យ៉ាង​ដូច​នេះ​ថា “ពួក​កូនចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស”(ជន​គណនា ២៦:២០)។ តើមាន​នរណា​ខ្លះ​ខ្វល់​អំពី​បញ្ជី​ឈ្មោះ​នេះ?

ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់! ខ.៤ បាន​ចែងថា ពួកគេ​គឺជា​អ្នក​ដែល​បាន​ចេញពី​ទឹកដី​អេស៊ីព្ទ​មក គឺ​ដូច​ដែល​គេ​បាន​កត់​ត្រា​ក្នុង​ប្រវត្តិ​សាស្រ្ត(ខ.៤)។ មិន​យូរ​ប៉ុន្មាន​ពួក​បណ្តាជន​ក៏បាន​ចូល​ទៅ​តាំងទី​លំនៅ ក្នុង​ទឹកដី​ដែល​ព្រះអង្គ​សន្យា​ប្រទាន​ឲ្យ​ពួកគេ​។ ហើយ​ថ្ងៃ​មួយ ព្រះ​មែស៊ី​ក៏បាន​ចាប់​កំណើត​ក្នុង​ពូជ​អំបូរ​យូដា​នោះ​។ បញ្ជី​ឈ្មោះ​នេះ​គឺជា​រឿង​ស្លាប់រស់ មិន​គ្រាន់តែ​សម្រាប់​ជនជាតិ​យូដា តែ​ក៏​សម្រាប់​អស់​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ​ផង​ដែរ​។

យើង​អាច​ដឹង​អំពី​បញ្ជី​ឈ្មោះ​របស់​លោក​អូ​ស្កា ស្គីនដ៍ល័រ តាមរយៈ​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា បញ្ជី​ឈ្មោះ​របស់​លោក​ស្គីនដ៍ល័រ និង​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​។ យើង​ក៏​អាច​ដឹង​អំពី​សេចក្តី​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ តាមរយៈ​រឿង​ដែល​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរប៊ីប​ផង​ដែរ​។ ពេលណា​យើង​អាន​ព្រះ​គម្ពីរប៊ីប សូម​ព្រះ​វិញ្ញាណ​ព្រះអង្គ​បង្ហាញ​ឲ្យ​យើង​ស្គាល់​តម្លៃ​នៃ​បញ្ជី​ឈ្មោះ​ទាំងឡាយ ក្នុង​ព្រះ​គម្ពីរប៊ីប​។ បញ្ជី​ឈ្មោះ​ទាំង​នោះ​ក៏​មានន័យ​សម្រាប់​យើង​ផង​ដែរ​។—Tim Gustafson

តើ​ព្រះ​គម្ពីរប៊ីប​មាន​ផ្នែក​ណា​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត​សម្រាប់​អ្នក? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ចិត្ត​ចង់​អាន​ផ្នែក​ទាំង​នោះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​អាន​ព្រះ​គម្ពីរប៊ីប ដោយ​ប្រុង​ប្រយ័ត្ន ដោយ​គ្មាន​ការ​ធុញ​ទ្រាន់​។
សូម​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ដឹកនាំ​ទូល​បង្គំ ឲ្យ​មើល​ឃើញ​តម្លៃ​នៃ​ខ​គម្ពីរ​នីមួយៗ​។

Visit ODBU.org/SF106 to gain the tools necessary to study the Bible.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៥-៧ និង ម៉ាកុស ១១:១-១៨

ល្ងាច

Devotional illustration

ក្តី​សង្ឃឹម​របស់​លោក អ័ប្រាហាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 8, 2025

«លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ​ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹតតែ​មាន​សេចក្តី​ជំនឿ​ខ្លាំង​ឡើង​ទាំង​សរសើរ​តម្កើង​ដល់​ព្រះ​វិញ» (រ៉ូម ៤:២០)។

មុន​ពេល​លោក អ័ប្រាហាំ​មាន​កូន ព្រះ​អង្គ​បាន​សន្យា​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ នឹង​មាន​គ្នា​ច្រើន​សន្ធឹក។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក លោក អ័ប្រាហាំ និង​នាង សារ៉ា មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​មាន​កូន​ឡើយ។ ព្រះ​បន្ទូល​សន្យា​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន​ទេ ដូច​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វីៗ​ដោយ​ចិត្ត​ឯង។ នាង សារ៉ា ក៏​បាន​ប្រគល់​នាង​ហាការ​ជា​អ្នក​បម្រើ ឲ្យ​ទៅ​លោក អ័ប្រាហាំ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់។ ហើយ ហាការ បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ីសម៉ាអែល។ តែ​ព្រះ​ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ព្រះ​អង្គ​សន្យា​ប្រទាន​ដល់​គាត់ មិន​មែន​កើត​ចេញពី​ខ្សែ​លោហិត​របស់ អ៊ីសម៉ាអែល ទេ។ ព្រះ​ទ្រង់​កំពុង​បង្ហាញ​លោក អ័ប្រាហាំ និង​នាង សារ៉ា ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​សន្យា​បាន​សម្រេច។ អ្វី​ដែល​លោក អ័ប្រាហាំ ត្រូវ​ធ្វើ​គឺ​ត្រូវ​ទុក​ចិត្ត​ ព្រះ​បន្ទូល​សន្យា​ដែល​ជួប​ការ​លំបាក​ដ៏​លើស​លប់ បាន​ជា​មាន​តែ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទេ​ដែល​អាច​សម្រេច​បាន។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នាង​សារ៉ា​នៅ​តែ​មិន​មាន​កូន។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក អ័ប្រាហាំ ម្តង​ទៀត ដោយ​ធានា​គាត់​ជា​ថ្មី​ថា ទោះ​នាង​មាន​វ័យ​ចាស់​យ៉ាង​ណា ក៏​នាង​នឹង​នៅ​តែ​មាន​កូន​ប្រុស​មួយ។ ទី​បំផុត នាង​ក៏​មាន​កូន​ម្នាក់ ក្នុង​វ័យ​៩០ឆ្នាំ។ កូន​ប្រុស​នោះ​ឈ្មោះ អ៊ីសាក ដែល​មាន​ន័យ​ថា «គាត់​សើច»។ លោក អ័ប្រាហាំ ដែល​ធ្លាប់​សើច​ដោយ​ការ​ហួស​ចិត្ត ចំពោះ​ការ​មាន​កូន​ក្នុង​វ័យ​ចាស់​ខ្លាំង (លោកុប្បត្ដិ ១៧:១៧) ក៏​បាន​ប្រែ​ជា​មាន​ការ​ស្ញប់​ស្ញែង​ជា​ពន់​ពេក​ចំពោះ​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ។

ព្រះ​ទ្រង់​តែង​តែ​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា។ ស្ត្រី​វ័យ៩០ឆ្នាំ​មិន​អាច​មាន​កូន​បាន ប៉ុន្តែ​ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន។ ព្រះ​បន្ទូល​សន្យា​ថា​នឹង​ប្រទាន​កូន​ស្នង​មរតក​ចំពោះ​ប្ដី​ប្រពន្ធ​មាន​វ័យ​ចាស់​នេះ គឺ​បាន​ចង្អុល​បង្ហាញ​យើង​អំពី​អំណោយ​នៃ​ជីវិត​ដែល​កើត​ពី​ការ​អស្ចារ្យ។ បើ​គ្មាន​ការ​អន្តរាគមន៍​ពី​ព្រះ​អង្គ​ទេ ពួក​គេ​មិន​អាច​មាន​កូន​ជំនាន់​ក្រោយ​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ បើ​គ្មាន​ព្រះ​អង្គ​ធ្វើ​អន្តរាគមន៍​ទេ នោះ​ជីវិត​ក៏​គ្មាន​ការ​អស្ចារ្យ​ដែរ។ តែ​ដោយ​សារ​ព្រះ​ចេស្ដា​ព្រះ​អង្គ ជីវិត​អាច​កើត​មាន គឺ​ជីវិត​ពិត! តាំង​ពី​ដើម​មក ព្រះ​អង្គ​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ​ថា ការ​អស្ចារ្យ​ត្រូវ​តែ​កើត​មាន ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ចាក់​ឫស​ក្នុង​ជីវិត​នរណា​ម្នាក់។

ព្រះ​ទ្រង់​រក្សា​ព្រះ​បន្ទូល​សន្យា។ ហើយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សន្យា​ជា​ច្រើន សម្រាប់​រាស្ត្រ​ព្រះ​អង្គ ដែល​សុទ្ធ​តែ​អស្ចារ្យ ហើយ​សុទ្ធ​តែ​សម្រេច​នៅ​ក្នុង​ព្រះ​គ្រីស្ទ (២កូរិនថូស ១:២០)។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​រៀន​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​ដូច​លោក អ័ប្រាហាំ ផង​ដែរ ទោះ​ព្រះ​បន្ទូល​សន្យា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ឬ​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ក៏​ដោយ។ សរុប​មក ព្រះ​បន្ទូល​សន្យា​ដែល​ជួប​ការ​លំបាក​ដ៏​លើស​លប់​តម្រូវ​ឲ្យ​មាន​ការ​សម្រេច ដោយ​ព្រះ​មាន​គ្រប់​ព្រះ​ចេស្ដា ជា​ព្រះ​វរបិតា​របស់​យើង។

តើ​មាន​នរណា​ខ្លះ​ដែល​អ្នក​បាន​ស្គាល់ ដែល​ត្រូវ​ការ​ឲ្យ​អ្នក​រម្លឹក​ថា ព្រះ​អម្ចាស់​តែង​តែ​រក្សា​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ? និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​រម្លឹក​នេះ។ ចូរ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​តែ​មួយ​អង្គ​គត់​តាម​គំរូ​លោក អ័ប្រាហាំ។ ព្រះ​អង្គ​អាច​រក្សា​ព្រះ​បន្ទូល​សន្យា ដែល​សម្រេច​បាន ដោយ​សារ​តែ​ព្រះ​ចេស្ដា​ព្រះ​អង្គ​ប៉ុណ្ណោះ។ តែ​អ្នក​ដឹង​ស្រាប់​ហើយ​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ហើយ​ព្រះ​អង្គ​ប្រើ​ព្រះ​ចេស្ដា ដើម្បី​ដាក់​ផ្កាយ​នៅ​លើ​មេឃ និង​ទ្រទ្រង់​ពិភពលោក ដើម្បី​ដាស់​ចិត្ត​អ្នក នាំ​ឲ្យ​អ្នក​មាន​ជំនឿ និង​ប្រទាន​នូវ​ជីវិត​អស់​កល្ប​ជានិច្ច។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ១៥:១-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៨-១០ និង​១កូរិនថូស ៤

ប្រភេទ