នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​សម្រាក​ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​សម្រាក​ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយBren thackett

March 9, 2025

លូកា ១០:៣៨-៤២

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា ម៉ាថា​ៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ​។ លូកា ១០:៤១

កាល​ប៉ុន្មាន​ឆ្នាំ​មុន ការ​សិក្សា​មួយ​បាន​ធ្វើ​ការ​វិភាគ​មក​លើ​ទំនាក់​ទំនង​រវាង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​ក្មេង​ជំទង់ និង​បរិមាណ​នៃ​ដំណេក​ដែល​ក្មេង​ជំទង់​ទទួល​បាន ជា​រៀង​រាល់​យប់​។ បន្ទាប់​ពី​បាន​អាន​របាយ​ការណ៍​នៃ​ការ​សិក្សា​នេះ​ហើយ យុវតី​ម្នាក់​ក៏​បាន​បញ្ចេញ​យោបល់​ថា “ខ្ញុំ​ហាក់​ដូចជា​មិន​ដែល​ដឹង​សោះ​ថា ពេលណា​ខ្ញុំ​ត្រូវ​ឈប់​។ ខ្ញុំ​បាន​ជំរុញ​ខ្លួនឯង​ឲ្យ​ខំ​ប្រឹង​ខ្លាំង​ណាស់ បានជា​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ការ​ដេក​មិន​គ្រប់​គ្រាន់ និង​ស្រ្តេស”។ បន្ទាប់មក នាង​ក៏​បាន​និយាយ​ថា នាង​ចង់​ដឹង​អំពី​របៀប​គ្រប់​គ្រង​ពេល​វេលា ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។ តើ​ការ​ជាប់​រវល់​ច្រើន និង​ការ​បង្កើត​ផល​ផ្លែ​ខាង​វិញ្ញាណ​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច​ខ្លះ?

ការ​ជាប់​រវល់​ច្រើន​មិន​ប្រាកដ​ថា ធ្វើ​ការ​បាន​ច្រើន មាន​ភាព​ស្មោះ​ត្រង់ ឬ​បង្កើត​ផល​ផ្លែ​បាន​ច្រើន​នោះ​ទេ​។ ប៉ុន្តែ យើង​ប្រហែល​ជា​គិតថា ការ​ជាប់​រវល់​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​រស់នៅ​។ ក្នុង​បទ​គម្ពីរ​លូកា ១០:៤១ ព្រះយេស៊ូវ​បាន​ក្រើន​រំឭក​នាង​ម៉ាថា ដោយ​សុភាព​ថា “ម៉ាថា​ៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ”។ នៅ​ពេល​នោះ ​ម៉ារា​ជា​ប្អូន​ស្រី​របស់​នាង បាន​សម្រេច​ចិត្ត​អង្គុយ​នៅ​ទាប​ព្រះ​បាទ​ព្រះអម្ចាស់(ខ.៣៩) ជា​ឥរិយាបថ​នៃ​ភាពជា​សិស្ស​របស់​ព្រះយេស៊ូវ ដែល​ជា​ជម្រើស​ល្អ​ជាង​។

បើ​យើង​មាន​ចិត្ត​ចង់​បម្រើ​ព្រះគ្រីស្ទ តើ​យើង​កំពុងតែ​ធ្វើ​ច្រើន​ពេក ដោយ​គិតថា ព្រះ​អង្គ​នឹង​កត់​សំ​គាល់​ឃើញ​យើង​កាន់តែ​ខ្លាំង បើ​យើង​ធ្វើ​កាន់តែ​ច្រើន​ឬ? បទ​គម្ពីរ​កូល៉ុស ៣:‌១៧ បាន​ចែងថា “ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះអម្ចាស់យេស៊ូវ”។ តែ​ខ​គម្ពីរ​នេះ​មិន​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​ការ​ទាល់តែ​ខ្សោះ​អស់​កម្លាំង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ដោយនូវ​ព្រះ​នាម​ព្រះអង្គ​នោះ​ទេ​។ បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:១០ បាន​ក្រើន​រំឭក​យើង​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។

ចូរ​យើង​បន្ថយ​ល្បឿន ហើយ​ចំណាយ​ពេល​ជាមួយ​ព្រះគ្រីស្ទ​ឲ្យ​កាន់តែ​ច្រើន ជា​ជាង​ផ្ដោត​ទៅ​លើ​ការងារ​តែ​ម្យ៉ាង​។ ទាល់តែ​ធ្វើ​ដូច​នេះ ទើប​យើង​អាច​រក​ឃើញ​ការ​សម្រាក​ពិត​ប្រាកដ​សម្រាប់​វិញ្ញាណ​យើង (ម៉ាថាយ ១១:២៩)។—Brent Hackett

តើ​នៅ​ពេលណា​អ្នក​មាន​ការ​រវល់​ខ្លាំង​ពេក ដល់​ថ្នាក់​មិន​អាច​មាន​ចិត្ត​ស្មោះ​ត្រង់ និង​បង្កើត​​ផល​ផ្លែ?
តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​រក​ឃើញ​ការ​សម្រាក​ក្នុង​ព្រះយេស៊ូវ ដើម្បី​សម្រេច​កិច្ចការ​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ជំនួស​ការ​ជាប់​រវាល់ ដោយ​ការ​ឈប់​បង្អង់ ដើម្បី​សម្រាក
ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ចាំ​ថា ព្រះអង្គ​ជា​ព្រះ ហើយ​ជីវិត​ទូល​បង្គំ​អាច​មានផល​ផ្លែ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៨-១០ និង ម៉ាកុស ១១:១៩-៣៣

ល្ងាច

Devotional illustration

ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 9, 2025

«ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ»។ ម៉ាថាយ ១១:២៩

តើ​ឪពុក​ម្តាយ​សួរ​កូន​អំពី​រឿង​អ្វី​ខ្លះ បន្ទាប់​ពី​ពួក​គេ​បាន​វិល​ត្រឡប់​មក​ពី​សាលា​រៀន​វិញ? ឪពុក​ម្តាយ​ខ្លះ​សួរ​កូន​ថា «ថ្ងៃ​នេះ កូន​រៀន​បាន​អ្វី​ខ្លះ?» ប៉ុន្តែ ឪពុក​ម្តាយ​ភាគ​ច្រើន​សួរ​កូន​ថា «​ថ្ងៃ​នេះ កូន​ទៅ​រៀន​សប្បាយ​ទេ?»

ទាក់​ទង​នឹង​ការ​រៀន​សូត្រ គេ​ប្រហែល​មិន​សូវ​ខ្វល់​ខ្លាំង អំពី​សំណួរ​អ្វី​ដែល​ត្រូវ​សួរ ហើយ​គេ​បាន​ដាក់​អាទិភាព​ទៅ​លើ​អ្វី​ខ្លះ។ ប៉ុន្តែ សំណួរ​ដូច​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​សួរ​ជា​ញឹក​ញាប់​ទាក់ទង​នឹង​ការ​ទៅ​ព្រះវិហារ៖ តើ​អ្នក​ទៅ​ព្រះ​វិហារ​មាន​អំណរ​ទេ? តើ​យើង​មាន​អំណរ ក្នុង​ការ​ទៅ​ព្រះ​វិហារ​ទេ? ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​សួរ​ថា «តើ​យើង​រៀន​សូត្រ​បាន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​បាន​បង្រៀន​យើង​អ្វី​ខ្លះ?» ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ឲ្យ​មាន​ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ។ ក្នុង​ដំណឹង​ល្អ​ទាំង​មូល ព្រះ​អង្គ​បាន​មាន​បន្ទូល​តាម​របៀប​ដែល​បណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​សំណួរ​ធំៗ​អំពី​ជីវិត​ដែល​មាន​ដូច​ជា៖ តើ​ខ្ញុំ​ជា​នរណា? តើ​ខ្ញុំ​មក​ពី​ណា? តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្វី? តើ​ខ្ញុំ​នឹង​ទៅ​ទី​ណា? តើ​ជីវិត​ខ្ញុំ​សំខាន់​ទេ? ការ​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ផ្ទាល់​ខ្លួន ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​គិត អំពី​សំណួរ​ធំៗ​ទាំង​នេះ។ ការ​នេះ​កែ​ប្រែ​ការ​គិត​របស់​យើង អំពី​ពេល​វេលា ធនធាន អាជីព និង​អំពី​ប្រភេទ​មនុស្ស​ដែល​យើង​ចង់​រៀប​ការ​ជា​មួយ ឬ​ប្រភេទ​ប្ដី ឬ​ប្រពន្ធ​ដែល​យើង​ចង់​ក្លាយ​ទៅ​ជា។ ព្រោះ​ការ​ទទួល​ស្គាល់​ព្រះ​យេស៊ូវ គឺ​ជា​ការ​អញ្ជើញ​ព្រះ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ជីវិត​យើង។ អ្វីៗ​មាន​ការ​ផ្លាស់​ប្ដូរ នៅ​ពេលណា​យើង​រៀន​សូត្រ​ពី​ព្រះ​អង្គ។

ការ​ចូល​មក​រក​ព្រះ​យេស៊ូវ​ចាប់​ផ្ដើម​ដោយ​ការ​ដឹង​ថា ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​លោះ​បាប​យើង ម្តង​ជា​សម្រេច ដោយ​ព្រះ​សុចរិត​សុគត​ជំនួស​យើង​ដែល​មិន​សុ​ចរិត ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​អង្គ (១ពេត្រុស ៣:‌១៨)។ ការ​យល់​ដឹង​អំពី​រឿង​នេះ មិន​ស្មើ​នឹង​ការ​ជឿ ឬ​ទុក​ចិត្ត​រឿង​នេះ ហើយ​អរ​សប្បាយ​ក្នុង​ការ​ទទួល​នឹម​របស់​ព្រះ​អង្គ​ដែល​ប្រទាន​ទាំង​អស់​នេះ​មក​យើង។

យើង​រាល់​គ្នា​សុទ្ធ​តែ​ស្គាល់​មនុស្ស​ដែល​ព្យាយាម​ដោះ​ប្រស្នា​នៃ​ជីវិត​របស់​ពួក​គេ ដោយ​ផ្គុំ​បំណែក​រូប​ជា​ច្រើន​ចូល​គ្នា​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​យើង​រាល់​គ្នា​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ​ផង​ដែរ។ ប៉ុន្តែ បើ​យើង​មិន​ស្ម័គ្រ​ចិត្ត​រៀន​សូត្រ​ពី​ព្រះ​អង្គ​ទេ យើង​មិន​អាច​ផ្គុំ​រូប​នោះ​ឲ្យ​ត្រូវ​បាន​ឡើយ។ ប៉ុន្តែ ឥឡូវ​នេះ យើង​ពិត​ជា​អាច​ស្គាល់​ព្រះ​អង្គ​មិន​មែន​ដោយ​សារ​កម្រិត​បញ្ញា​របស់​យើង តែ​ដោយ​សារ​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​ស្គាល់ តាម​រយៈ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ។

តើ​អ្នក​ស្ម័គ្រ​ចិត្ត​រៀន​សូត្រ​ពី​ព្រះ​យេស៊ូវ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​អ្នក​ទេ? តើ​អ្នក​មើល​ឃើញ​ថា វា​ជា​ឯក​សិទ្ធិ មិន​មែន​ជា​បន្ទុក​ក្នុង​ការ​ដើរ​តាម​សេចក្តី​បង្រៀន​​របស់​ព្រះ​អង្គ ហើយ​ចុះ​ចូល​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ទេ? ចូរ​ប្រាកដ​ថា អ្នក​នឹង​ឆក់​ឱកាស​រៀន​សូត្រ​អំពី​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ហើយ​នាំ​ឲ្យ​អ្នក​មាន​ការ​ស្កប់​ចិត្ត ហើយ​កែ​ប្រែ​ជីវិត​អ្នក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:១៧-៥:២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ១១-១៣ និង ១កូរិនថូស ៥

ប្រភេទ