នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មរតក​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ

មរតក​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ

ដោយMatt Lucas

March 11, 2025

កាឡាទី ៤:១-៧

កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើជា​ម្ចាស់​លើ​ទាំង​អស់​ក៏ដោយ​។ កាឡាទី ៤:‌១

កាល​ឪពុក​ម្តាយ​របស់​អាប៊ីហ្គេល(Abigail) បាន​បាត់បង់​ជីវិត​យ៉ាង​សោកសៅ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ គាត់​បាន​ទទួល​មរតក​ជា​អចលន​ទ្រព្យ​ជា​ច្រើន​។ នាង​ក៏បាន​ដឹង​ផង​ដែរ​ថា ឪពុក​ម្តាយ​របស់​នាង​បាន​រៀបចំ​ឲ្យ​មាន​គេ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​ជំនួស​នាង ជា​បណ្ដោះ​អាសន្ន​។ នៅពេល​នោះ នាង​គ្រាន់តែ​អាច​ទទួល​បាន​លុយ​ល្មម​នឹង​អាច​បង់​ថ្លៃ​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ប៉ុណ្ណោះ​។ ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​នឹង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាង នៅពេល​ដែល​នាង​មាន​អាយុ​ច្រើន​ជាង​នេះ​។ អាប៊ីហ្គេល​មាន​អារម្មណ៍​នឿយណាយ​យ៉ាង​ខ្លាំង តែ​ក្រោយមក នាង​ក៏​បាន​ដឹង​ថា ឪពុក​ម្តាយ​របស់​នាង​បាន​ធ្វើ​ការ​រៀបចំ​ប្រកបដោយ​ប្រាជ្ញា នៅ​ក្នុង​ការ​ធ្វើ​ផែនការ​ផ្ទេរ​មរតក​ឲ្យ​នាង​។

ក្នុង​បទ​គម្ពីរ​កាឡាទី ជំពូក៤ សាវ័ក​ប៉ុល​បាន​លើកយក​ឧទាហរណ៍​ស្រដៀង​នេះ​ផង​ដែរ ដើម្បី​ពន្យល់​អំពី​ស្ថានភាព​របស់​ជនជាតិ​អ៊ីស្រាអែល ដែល​ជា​អ្នក​ស្នង​មរតក​នៃ​សេចក្តី​សញ្ញា​ដែល​ព្រះ​បាន​តាំង​ជាមួយ​លោក​អ័ប្រាហាំ​។ ព្រះអម្ចាស់​បាន​តាំង​សញ្ញា​ជាមួយ​លោក​អ័ប្រាហាំ ដើម្បី​ប្រទាន​ពរ​គាត់ ហើយ​ការ​កាត់​ស្បែក​គឺ​ជា​ទី​សំគាល់​នៃ​សេចក្តី​សន្យា​នេះ(មើល​លោកុប្បត្តិ ១៧:១-១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ទី​សំគាល់​នេះ​មិនមែន​ជា​សេចក្តី​សន្យា​ទេ​។ កូនចៅ​ជំនាន់​ក្រោយ​របស់​លោក​អ័ប្រាហាំ​ត្រូវ​រង់​ចាំ​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់ ដែល​នឹង​សម្រេច​ព្រះបន្ទូល​សន្យា​នេះ​។ អ៊ីសាក​ក៏បាន​ចាប់​កំណើត ហើយ​ក៏​បាន​ចង្អុល​បង្ហាញ​ទៅ​រក​កំណើត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​នឹង​ប្រោស​លោះ​រាស្រ្ត​របស់​ព្រះ(កាឡាទី ៥:៤-៥)។

ប្រជាជន​អ៊ីស្រាអែល គឺ​មិន​ខុស​ពី​អាប៊ីហ្គេល​ទេ​។ ពួកគេ​ក៏​ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល ដែល​ព្រះវរបិតា​បាន​កំណត់(ខ.២)។ ទាល់តែ​ដល់​ពេល​នោះ ទើប​ពួកគេ​អាច​ទទួល​មរតក​យ៉ាង​ពេញលេញ​។ មរតក​ដែល​ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​នោះ នឹង​មកដល់​នៅពេល​ដែល​ព្រះយេស៊ូវ​សុគត ព្រះ​សព​ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ហើយ​អស់អ្នក​ដែល​ទទួល​ជឿ​ព្រះគ្រីស្ទ មិនមែន​ជា​ទាសករ​នៃ​អំពើបាប​ទៀត​ទេ តែ​ជា​កូន​ព្រះ(ខ.៧)។ ព្រះអង្គ​បាន​តាំង​សេចក្តី​សញ្ញា​ថ្មី​ជាមួយ​យើង​ហើយ​។ យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ! យើង​អាច​ហៅ​ព្រះ​អង្គ​ថា “អ័ប្បា ព្រះវរបិតា”(ខ.៦)។—Matt Lucas

បើ​អ្នក​ប្រកាស​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​អង្គ​សង្គ្រោះ នោះ​អ្នក​មិនមែន​ជា​ទាសករ​របស់​បាប​ទៀត​ទេ តែ​ជា​កូន​ព្រះ?
តើ​ការ​ស្គាល់​ព្រះអង្គ​ជា​ព្រះវរបិតា មានន័យ​យ៉ាងណា​ចំពោះ​អ្នក?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ
ឲ្យ​មក​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើបាប​របស់​លោកិយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៤-១៦ និង ម៉ាកុស ១២:២៨-៤៤

ល្ងាច

ស្កប់​ចិត្ត នឹង​ផែនការ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្កប់​ចិត្ត នឹង​ផែនការ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 11, 2025

«ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូចជា​មិន​បាន​ទទួល​វិញ?» (១កូរិនថូស ៤:៧)។

ការ​ច្រណែន​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដែល​យើង​បាន​ដាក់​ឲ្យ ហើយ​ក៏​បាន​លួច​ប្រើ​វា តាម​របៀប​ជា​ច្រើន ប៉ុន្តែ​ជា​ញឹក​ញាប់ វា​ស្ថិត​ក្នុង​ចំណោម​អំពើ​បាប​ដែល​គ្រីស្ទាន​បាន «ទ្រាំទ្រ»។ អ្នក​មិន​ទំនង​ជា​រក​ឃើញ​វា ក្នុង​បញ្ជី​នៃ​អំពើ​បាប​ធំ​ជាង​គេ​ទាំង​១០ ដែល​គ្រូ​គង្វាល​បាន​ដាស់​តឿន​ពួក​ជំនុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​បាន​លើក​យក​មក​និយាយ ជា​ញឹក​ញាប់ នៅ​ពេល​ដែល​អ្នក​ជឿ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ស្ថិត​ក្នុង​បញ្ជី​របស់​ព្រះ​អង្គ ហើយ​ព្រះ​គម្ពីរ​បាន​លើក​យក​វា​មក​និយាយ​ជា​ញឹក​ញាប់។ តាម​ពិត ការ​ច្រណែន​ស្ថិត​ក្នុង​ចំណោម​បាប​ស្មោកគ្រោក​បំផុត​ដែល​កណ្ឌ​គម្ពីរ​សំបុត្រ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី បាន​លើក​យក​មក​និយាយ ព្រោះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​វា (ឧទាហរណ៍៖ រ៉ូម ១៣:‌១៣)។

ចាប់​តាំង​ពី​ពេល​ដែល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ពួក​ជំនុំ​ជា​ទូទៅ​នៅ​តែ​ជួប​ភាព​រញ៉េរញ៉ៃ និង​ការ​បែក​បាក់​បណ្ដាល​មក​ពី​ការ​ច្រណែន ហើយ​ការ​ច្រណែន​មាន​គ្រោះ​ថ្នាក់ នៅ​ត្រង់​ថា វា​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា ព្រះ​ទ្រង់​មិន​ចេះ​ចែក​អំណោយ​ឲ្យ​បាន​ស្មើ​ភាព។

សាវ័ក ប៉ុល ក៏​បាន​ប្រាប់​ពួក​ជំនុំ​ដែល​បែក​បាក់ និង​មាន​ការ​ច្រណែន​គ្នា​ថា អ្វីៗ​ដែល​ពួក​គេ​មាន​គឺ​បាន​ទទួល​មក​ពី​ព្រះ​អាទិករ​នៃ​ចក្រវាល​ដែល​ជា​អ្នក​ប្រទាន​អំណោយ ព្រះ​អង្គ​មិន​ដែល​ប្រទាន​អំណោយ​ខុស​ឡើយ។

ដូច​នេះ ហេតុ​អ្វី​ពួក​គេ​ក៏​ដូច​ជា​ពួក​យើង​ដើរ​ពើង​ទ្រូង ធ្វើ​មើល​តែ​យើង​អាច​គ្រប់​គ្រង​ការ​បង្កើត​របស់​ព្រះ បាន​ល្អ​ជាង​ព្រះ​អង្គ? តើ​យើង​ជា​អ្នក​កំណត់​កម្ពស់ ល្បឿន និង​សមត្ថភាព​របស់​យើង​ឬ? តើ​នរណា​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​ពិសេស? គឺ​ព្រះ! ព្រះ​ទ្រង់​បាន​រៀប​ចំ DNA របស់​យើង។ កាលៈទេសៈ​របស់​យើង​កើត​មាន​តាម​ផែនការ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​មិន​ដែល​មាន​កំហុស​ឡើយ។ ការ​ច្រណែន​គឺ​ជា​បាប ព្រោះ​វា​ជា​ការ​យល់​ឃើញ​ថា ព្រះ​ទ្រង់​មិន​ល្អ ឬ​មិន​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​សម្រាប់​យើង។ ការ​ច្រណែន គឺ​មិន​ខុស​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ទេ។

ពេល​ណា​យើង​ផ្លុំ​ខ្លុយ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៃ​ជីវិត យើង​ប្រហែល​មើល​ទៅ​អ្នក​ផ្លុំ​ត្រែ​ធំ​អង្គុយ​មុខ​យើង​ពីរ​ជួរ ដែល​មាន​សម្លេង​ឮ​ខ្លាំង សម្លេង​ខ្ពស់ ហើយ​យើង​ចង់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «គ្មាន​នរណា​អាច​ស្តាប់​សម្លេង​ខ្លុយ​ខ្ញុំ​ឮ​ទេ។ ខ្ញុំ​ផ្លុំ​មិន​សូវ​ពីរោះ​ទេ»។ នៅ​ពេល​នោះ យើង​មាន​ចិត្ត​ជូរ​ល្វីង ចំពោះ​កន្លែង​របស់​យើង និង​ច្រណែន​អ្នក​លេង​ត្រែ​ធំ។ ប៉ុន្តែ យើង​ជា​អ្នក​ផ្លុំ​ខ្លុយ​ឲ្យ​មាន​សម្លេង ក្នុង​ការ​ប្រគំ ដោយ​មាន​មូល​ហេតុ​ច្បាស់​លាស់។ វា​ជា​ឧបករណ៍​សម្រាប់​ឲ្យ​យើង​ផ្លុំ ដូច​នេះ ចូរ​យើង​ផ្លុំ​ដោយ​អំណរ ឲ្យ​បាន​ពីរោះ​ចុះ។

នៅ​ក្នុង​ការ​ព្យាយាម​ប្រើ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន ហេតុ​អ្វី​យើង​ច្រណែន​គ្នា? ហេតុ​អ្វី​យើង​បណ្តោយ​ឲ្យ​ការ​មិន​ស្កប់​ចិត្ត​ឆក់​យក​ក្តី​អំណរ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​យើង ដោយ​ឥត​គិត​ថ្លៃ? ហេតុ​អ្វី​បាន​ជា​យើង​ផ្ដោត​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​អង្គ​ធ្វើ​សម្រាប់​នរណា​ម្នាក់ ហើយ​មើល​មិន​ឃើញ​ការ​អ្វី​ដែល​ព្រះ​អង្គ​ធ្វើ​សម្រាប់​យើង ដែល​យ៉ាង​ហោច​ណាស់ យើង​គួរ​តែ​នឹក​ចាំ​អំពី​ការ​ប្រទាន​ព្រះពរ​អស់​កល្ប ឲ្យ​យើង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ? នេះ​ជា​សេចក្តី​ពិត​ដែល​យើង​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​រម្លឹក​ខ្លួន​ឯង​ថា «ព្រះ​ទ្រង់​បាន​ប្រទាន​ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ ព្រះ​អង្គ​កែ​ប្រែ​ជីវិត​ខ្ញុំ តាម​ផែន​ការ​ព្រះ​អង្គ។ ហើយ​អ្វី​ដែល​ខ្ញុំ​មាន និង​មិន​មាន គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្ញុំ និង​ដើម្បី​សិរី​ល្អ​ព្រះ​អង្គ»។

ចូរ​កុំ​បណ្តោយ​ឲ្យ​ការ​ច្រណែន​ស៊ី​បំផ្លាញ​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​រស់​នៅ​ដោយ​អំណរ តាម​តួនាទី ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​អ្នក។ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ជា​មុន​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម (អេភេសូរ ២:១០) ។ ចូរ​យើង​មាន​ការ​ស្កប់​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​មាន នៅ​ថ្ងៃ​នេះ​ចុះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ធីម៉ូថេ ៦:៦-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ១៧-១៩ និង​១កូរិនថូស ៧:១-១៩

ប្រភេទ