នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ដូច​សត្វ​ដំរី

ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ដូច​សត្វ​ដំរី

ដោយElisa Morgan

March 12, 2025

១កូរិនថូស ១២:២១-២៦

ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក​។ ១កូរិនថូស ១២:២៥

នៅ​ពេលយប់​មួយ​នោះ គេ​បាន​ទូរស័ព្ទ​មក​ក្រុម​អភិ​រក្ស​សត្វ​ដំរី ក្នុង​តំបន់​អភិរក្ស​មួយ​នៅ​ប្រទេស​កេនយ៉ា នៅ​ពេលយប់​ជ្រៅ ដើម្បី​ប្រាប់​ពួក​គេ​ថា មាន​កូន​ដំរី​មួយ​ក្បាល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​។ ក្រុម​ជួយ​សង្រ្គោះ​ក៏បាន​មកដល់​កន្លែង​ស​ម្រែក​នៃ​ភាព​អស់​សង្ឃឹម​ដែល​កំពុង​ជន់ជោរ​ភាព​ងងឹត ហើយក៏​បាន​ដឹង​ថា សត្វ​ឆ្កែ​ព្រៃ​ហាយយេណាស បាន​ស៊ី​ប្រមោយ​របស់​វា​ដាច់​អស់២ភាគបី​ហើយ​។ គេ​ក៏​បាន​ដឹក​កូន​ដំរី​នោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព ហើយក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ឡងអ៊ូរ៉ូ (Long’uro)ដែល​មានន័យថា “របស់​ដែល​បាន​ដាច់”។ ទោះ​វា​នៅសល់​ប្រមោយតែ១ភាគ៣ក៏ដោយ ក៏​របួស​នៅ​លើ​ប្រមោយ​របស់​វា​បាន​ជា​សះ​ស្បើយ ហើយ​ហ្វូង​ដំរី​ក្នុង​តំបន់​អភិ​រក្ស​បាន​ទទួល​ចិញ្ចឹម​វា​ដោយ​ក្តី​ស្រឡាញ់​។ សត្វ​ដំរី​មាន​និស្ស័យ​ធម្មជាតិ​ពី​កំណើត​មក ដែល​ធ្វើ​ឲ្យ​ពួកវា​ដឹង​ថា ពួកវា​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ហេតុ​នេះ​ហើយ​ពួកវា​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន​។

ក្នុង​បទ​គម្ពីរ១កូរិនថូស ជំពូក១២ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ក្នុង​រូបកាយ​ព្រះគ្រីស្ទ​។ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច អំពី​រូបកាយ​របស់​មនុស្ស និង​អវយវៈ​នីមួយៗ ដើម្បី​ពិពណ៌នា​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ស្វាគមន៍​អំណោយ​ទាន​ដែល​មនុស្ស​ម្នាក់ៗ​មាន ព្រោះ​អ្នកជឿ​ម្នាក់ៗ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​រូបកាយ​ទាំងមូល​មាន​ដំណើរ​ការ(ខ.១២-២៦)។ បន្ទាប់មក សាវ័ក​ប៉ុល​ក៏​បាន​បក​ស្រាយ​អំពី​របៀប​ដែល​ការ​រូប​រួម​នៅ​ក្នុង​ភាព​ខុស​ប្លែក​គ្នា បាន​កើត​មាន​យ៉ាង​ជោគជ័យ​។ គាត់​បាន​បង្រៀន​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក”(ខ.២៤-២៥)។

ទោះ​យើង​ខ្លាំង ឬ​ខ្សោយ មាន​សមត្ថភាព​ច្រើន ឬ​ជា​មនុស្ស​សាមញ្ញ​ក្តី ចូរ​យើង​ជួយ​គ្នា​ទៅវិញ​ទៅមក​។ យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ខុសពី​សត្វ​ដំរី​ទេ​។—Elisa Morgan

តើ​អ្នក​បាន​ទទួល​ជំនួយ​ពី​មហា​គ្រួសារ​របស់​ព្រះ នៅ​ពេលណា? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នកជឿ​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​នឹក​ចាំ​អំពី​តម្លៃ​របស់​អវយវៈ​នីមួយៗ​ក្នុង​រូបកាយ​ព្រះគ្រីស្ទ
ហើយ​បង្ហាញ​ទូល​បង្គំ​នូវ​របៀប​ទទួល និង​ផ្តល់​ជំនួយ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​កម្លាំង​ឡើង ដោយសារ​ការ​រួបរួម​គ្នា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៧-១៩ និង ម៉ាកុស ១៣:១-២០

ល្ងាច

Devotional illustration

ការ​ស្តាយ​ក្រោយ ដែល​មាន​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 12, 2025

«កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ...វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ​វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ» (ម៉ាថាយ ២៧:៣-៥)។

តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក យូដាស បន្ទាប់​ពី​គាត់​បាន​ក្បត់​ព្រះ​យេស៊ូវ? «គឺ​គាត់​បាន​ផ្លាប់​ប្ដូរ​គំនិត»។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «វា​នឹក​ស្តាយ»។ ចិត្ត​របស់​លោក យូដាស បាន​ផ្លាស់​ប្ដូរ គឺ​ហាក់​ដូច​ជា​ភ្លាមៗ ហើយ​គំនិត​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ​ដែរ។

លោក យូដាស បាន​នាំ​មនុស្ស​ប្រដាប់​ដោយ​អាវុធ​ចូល​សួន​ច្បា​គែតសេម៉ានី មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ យ៉ាង​គឃ្លើន តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ទឹក​មុខ​គាត់​ក៏​បាន​ផ្លាស់​ប្ដូរ​នៅ​ចំពោះ​មុខ​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា។ ចិត្ត​ដ៏​រឹង​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ដោយ​វិញ្ញាណ​នៃ​ការ​ស្តាយ​ក្រោយ ដែល​កំពុង​ធ្វើ​ទុក្ខ​ព្រលឹង​គាត់។

ចូរ​យើង​ពិចារណា​អំពី​រឿង​របស់​លោក យូដាស បន្តិច ហើយ​ចូរ​យើង​ចាំ​ថា បាប​តែង​តែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្លែងក្លាយ។ ជា​ញឹក​ញាប់​អារម្មណ៍​របស់​យើង នៅ​មុន​ពេល​យើង​ធ្វើ​អំពើ​បាប​ខុស​ពី​អារម្មណ៍​បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​បាប​ហើយ។ នេះ​ក៏​ជា​អារម្មណ៍​ដែល​លោក អ័ដាម និង​នាង អេវ៉ា មាន​ក្នុង​សួន​ច្បារ​អេដែន បន្ទាប់ពី​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះ​ដែរ។ អ្វីៗ​ដែល​ពួក​គេ​បាន​ដឹង មុន​ពេល​ពួក​គេ​បរិភោគ​ផ្លែ​នោះ អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​ក្នុង​ការ​បះបោរ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​រក​និយាយ​មិន​ចេញ (លោកុប្បត្ដិ ៣:៦-៨)។ ដូច​គ្នា​នេះ​ដែរ អ្វីៗ​ដែល​ហាក់​ដូច​ជា​មាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចំពោះ​លោក យូដាស ក្នុង​ការ​បញ្ជូន​ព្រះ​យេស៊ូវ​ទៅ​ឲ្យ​​សត្រូវ​របស់​ព្រះ​អង្គ​ក៏​បាន​ក្លាយ​ជា​គ្មាន​តម្លៃ​ទាល់​តែ​សោះ​ក្នុង​មួយ​ពព្រិច​ភ្នែក។

ពេល​យើង​ប្រព្រឹត្ត​បាប អ្វីៗ​ដែល​ល្បួង និង​ការ​ទាក់ទាញ​អារម្មណ៍​យើង​ឲ្យ​បះបោរ​ក៏​បាន​កន្លង​បាត់ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ យើង​ក៏​បាន​ដឹង​ថា វត្ថុ​ដែល​មាន​ពន្លឺ​ចែងចាំង​នោះ គឺ​ជា​មាស​ក្លែងក្លាយ។ អ្វី​ដែល​នៅ​សល់​នោះ គឺ​ការ​ពិត​ដែល​ថា៖ ខ្ញុំ​បាន​ធ្វើ​បាប ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ ក៏​ដូច​ជា​ទាស់​នឹង​ក្តី​ស្រឡាញ់។

ក្នុង​ការ​ស្តាយ​ក្រោយ​នោះ យើង​មាន​ជម្រើស​មួយ គឺ​ការ​ប្រែ​ចិត្ត និង​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​វិញ ឬ​បន្ត​អស់​សង្ឃឹម ហើយ​ថ្កោល​ទោស​ខ្លួន​ឯង។ គួរ​ឲ្យ​ស្តាយ​ណាស់ លោក យូដាស បាន​រើស​យក​ជម្រើស​ទី​ពីរ។ ទោស​គាត់​ធ្ងន់​ណាស់ បាន​ជា​មនុស្ស​គ្រប់​គ្នា​ដែល​គាត់​ជួប​នឹង​ប្រកាន់​ទោស​គាត់ ហើយ​សំឡេង​គ្រប់​យ៉ាង​ដែល​គាត់​ឮ​ចាក់​ទម្លុះ​ចិត្ត​គាត់​ឲ្យ​ឈឺ​ចាប់ ហើយ​ចិត្ត​របស់​គាត់​ក៏​បាន​ប្រកាន់​ទោស​ខ្លួន​ឯង។ គាត់​បាន​ព្យាយាម​សម្រាល​ទោស​ខ្លួន​ឯង ដោយ​យក​ថ្លៃ​ឈ្នួល​របស់​គាត់​ទៅ​ប្រគល់​ឲ្យ​ពួក​សង្ឃ​វិញ តែ​បន្ទុក​ក្នុង​ចិត្ត​គាត់​មិន​បាន​ធូរ​ស្រាល​សោះ​ឡើយ។ គាត់​មាន​អារម្មណ៍​ឯកា ហើយ​គិត​ថា គ្មាន​អ្វី​អាច​ជួយ​គាត់​បាន​ជា​គាត់​សម្រេច​ចិត្ត​ស្លាប់ ដោយ​អស់​សង្ឃឹម។

ថ្ងៃ​នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា មាន​បន្ទុក​ធ្ងន់ ដោយ​សារ​បាប​របស់​អ្នក​ផង​ដែរ។ អ្នក​ប្រហែល​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង តែ​បន្ទុក​កាន់​តែ​ធ្ងន់​ឡើង។ បើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​មែន សូម​ចាំ​ថា អ្នក​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​លោក យូដាស ទេ។ អ្នក​អាច​ងាក​បែរ​ទៅ​រក​ព្រះ​គ្រីស្ទ។ ព្រះ​អង្គ​ប្រទាន​សេរី​ភាព និង​ការ​អត់​ទោស​ជា​នឹម​ដែល​ងាយ និង​បន្ទុក​ដែល​ស្រាល (ម៉ាថាយ ១១:២៨-៣០)។ ព្រះ​គ្រីស្ទ​បាន​សុគត គឺ​ដើម្បី​ប្រោស​លោះ​មនុស្ស​ក្បត់ ដែល​មាន​បាប​ដូច​លោក យូដាស ជាដើម។

គំរូ​របស់​លោក យូដាស បាន​ផ្តល់​ឲ្យ​នូវ​ការ​រម្លឹក​សម្រាប់​យើង នៅ​ពេល​ណា​បាប​ទាញ​នាំ​យើង។ តើ​មាន​បាប​ណា​ខ្លះ​ដែល​កំពុង​ទាញ​នាំ​ចិត្ត​អ្នក នៅ​ពេល​នេះ? សូម​ចាំ​ថា អារម្មណ៍​មុន​ពេល​ប្រព្រឹត្ត​បាប មិន​ដូច​អារម្មណ៍​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​បាប​នោះ​ទេ។ ពេល​ណា​យើង​ជួប​ការ​ល្បួង យើង​មាន​ជំនួយ ហើយ​ពេល​ណា​យើង​មាន​កំហុស យើង​ក៏​មាន​សង្ឃឹម។ ការ​អត់​ទោស​របស់​ព្រះ​អង្គ កំពុង​រង់​ចាំ ឲ្យ​យើង​​ស្តាយ​កំហុស ហើយ​ប្រែ​ចិត្ត​ចេញ​ពី​បាប។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៥១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ២០-២១ និង​១កូរិនថូស ៧:២០-៤០

ប្រភេទ