នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចិត្ត​កើតជា​ថ្មី ក្នុង​ព្រះគ្រីស្ទ

ចិត្ត​កើតជា​ថ្មី ក្នុង​ព្រះគ្រីស្ទ

ដោយAmy Boucher Pye

March 13, 2025

អេសេគាល ១១:១៤-២១

អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ​។ អេសេគាល ១១:១៩

លោក​ប្រក់(Brock) និង​លោក​ដេនីស(Dennis) គឺជា​មិត្ត​ភក្តិ​តាំង​ពី​វ័យ​កុមារ ប៉ុន្តែ នៅពេល​ដែល​ពួក​គេ​ចម្រើន​វ័យ​ធំឡើង លោក​ប្រក់ មិន​សូវ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ជំនឿ​ដែល​លោក​ដេនីស​មាន ចំពោះ​ព្រះយេស៊ូវ​ទេ​។ លោក​ដេនីស​ស្រឡាញ់​មិត្ត​ភក្តិ​គាត់ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ ព្រោះ​គាត់​ដឹង​ថា ផ្លូវ​ដែល​មិត្ត​ភក្តិ​គាត់​កំពុង​ដើរ​មាន​ភាព​ងងឹត និង​នាំមក​នូវ​ភាព​សោកសៅ​។ លោក​ដេនីស​ក៏​បាន​អធិស្ឋាន​ឲ្យ​លោក​ប្រក់ តាម​គំរូ​ហោរា​អេសេគាល​ថា “ព្រះ​អង្គ​អើយ សូម​ព្រះអង្គ​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញពី​គាត់ ដើម្បី​ប្រទាន​គាត់​នូវ​ចិត្ត​ដែល​ទន់​ដូច​សាច់​វិញ”(អេសេគាល ១១:‌១៩)។ គាត់​ចង់​ឲ្យ​លោក​ប្រក់​ដើរ​ក្នុង​ផ្លូវ​ព្រះ ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​។

១០ឆ្នាំ​ក្រោយមក លោក​ដេនីស​នៅតែ​បន្ត​អធិស្ឋាន​ឲ្យ​លោក​ប្រក់ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ បន្ទាប់​មក​លោក​ប្រក់​ក៏​បាន​ទូរស័ព្ទ​មក​គាត់ ប្រាប់​ថា គាត់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​ហើយ! លោក​ដេនីស​មាន​អំណរ​ខ្លាំង​ណាស់ រហូត​ស្រក់​ទឹក​ភ្នែក ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ទី​បំផុត​មិត្ត​ភក្តិ​គាត់​បាន​ឈប់​រស់នៅ​តាម​បំណង​ចិត្ត​ខ្លួនឯង​ទៀត ហើយ​បាន​ទទួល​ជឿ​ព្រះ​។

លោក​ដេនីស​ក៏​បាន​អធិស្ឋាន ដោយ​ផ្ដោត​ទៅលើ​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​រាស្រ្ត​របស់​ព្រះអង្គ តាមរយៈ​ហោរា​អេសេគាល​។ ទោះ​រាស្រ្ត​របស់​ព្រះ​អង្គ​បាន​ងាក​បែរ​ចេញពី​ព្រះអង្គ ទៅ​រក​សេចក្តី​ស្មោកគ្រោក​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​កែ​ប្រែ​ចិត្ត​របស់​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្តតែ១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ”(ខ.១៩)។ ដោយសារ​ចិត្ត​ដែល​បាន​ផ្លាស់​ប្រែ ពួកគេ​ក៏បាន​ដើរ​តាម​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.២០)។

ទោះ​យើង​បាន​ងាក​បែរ​ចេញពី​ព្រះអង្គ​ឆ្ងាយ​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​យើង​នូវ​ចិត្ត​ថ្មី​ដ៏​កក់​ក្តៅ និង​មាន​ក្តី​ស្រឡាញ់​។ យើង​គ្រាន់តែ​ចាំ​បាច់​ត្រូវ​ងាក​បែរ​ទៅ​រក​ព្រះអង្គ ដោយ​ជំនឿ និង​ការ​ប្រែ​ចិត្ត ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប​ហើយ​។—Amy Boucher Pye

តើ​ព្រះអម្ចាស់​បាន​រំលាយ​ភាព​រឹង​ទទឹង​ក្នុង​ចិត្ត​អ្នក ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ​ណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​បាប និង​សេចក្តី​អាម៉ាស​។

Learn more here: ODB.org/personal-relationship-with-god.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២០-២២ និង ម៉ាកុស ១៣:២១-៣៧

ល្ងាច

Devotional illustration

ភាព​អត់​ធន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 13, 2025

«ពិត​មែន មាន​ភស្តុតាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ ដោយ​ការ​អត់ធន់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» (២កូរិនថូស ១២:១២)។

ពេល​ណា​យើង​គិត​អំពី​រយៈ​ពេល​នៅ​ក្រោយ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ របស់​ព្រះ​យេស៊ូវ គឺ​នៅ​ពេល​ដែល​ពួក​សាវ័ក​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការងារ​បម្រើ​ព្រះ ហើយ​ពួក​ជំនុំ​បាន​កើត​មាន នោះ​យើង​ងាយ​នឹង​ស្រមៃ​អំពី «ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» ដែល​ពួក​គេ​បាន​ធ្វើ ហើយ​យើង​ក៏​ចង់​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ផ្ទាល់​ភ្នែក​ផង​ដែរ ដើម្បី​ឲ្យ​ជំនឿ​យើង​បាន​ពង្រឹង​កាន់​តែ​រឹងមាំ​ឡើង ហើយ​ការងារ​របស់​យើង​ក៏​កាន់​តែ​ផុសផុល ដោយ​សារ​ពួក​គេ។

យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ ទាំង​គុណ​ភាព និង​បរិមាណ​នៃ​ការ​អស្ចារ្យ​ក្នុង​សម័យ​នោះ មាន​លក្ខណៈ​ពិសេស ហើយ​មនុស្ស​សម័យ​ក្រោយ​មិន​អាច​ធ្វើ​ដូច​បាន​ឡើយ។ ពួក​សាវ័ក​បាន​ទទួល​អំណោយ​ទាន​ខាង​ការ​អស្ចារ្យ​លើស​គ្រីស្ទាន​សម័យ​បច្ចុប្បន្ន។ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ថា ពួក​ជំនុំ​ដំបូង​មិន​បាន​ប្រើ​បទ​ពិសោធន៍​ទាំង​អស់​នេះ ដើម្បី​ល្បង​ល​ជំនឿ​របស់​ពួក​គេ​នោះ​ទេ។ យើង​មិន​អាច​ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​តែ​ម្យ៉ាង ដោយ​មិន​មើល​បរិបទ ដែល​ក្នុង​នោះ​អ្នក​ដែល​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​យល់​ដឹង និង​ការ​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ ដែល​ប្រទាន​កម្លាំង​ឲ្យ​ពួក​គេ «មាន​ចិត្ត​អត់​ធ្មត់​បំផុត» ឬ «ការ​ស៊ូ​ទ្រាំ​ដ៏​អស្ចារ្យ» ពេញ​មួយ​ជីវិត​ពួក​គេ។ ពួក​ជំនុំ​បាន​កើត​មាន​ឡើង ភាគ​ច្រើន​មិន​មែន​ដោយសារ​ការ​អស្ចារ្យ តែ​ដោយ​សារ​ការ​អត់​ធន់​ដ៏​ស្មោះ​ត្រង់ និង​ភាព​ក្លាហាន​របស់​ពួក​សាវ័ក។

សាវ័ក ប៉ុល មិន​ចង់​ឲ្យ​ការងារ​របស់​គាត់ ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ ឬ​ទៅ​លើ​ទុក្ខ​លំបាក​ដែល​គាត់​បាន​អត់​ទ្រាំ​នោះ​ទេ តែ​ទៅ​លើ​សេចក្តី​ជំនឿ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ដែល​ព្រះ​ទ្រង់​ប្រទាន​មក​គាត់ និង​សេចក្តី​ពិត​ដែល​គាត់​បាន​ចែក​ចាយ។ ពេល​យើង​សង្កេត​មើល​ការងារ​របស់​សាវ័ក ប៉ុល ឃើញ​បន្ទុក​របស់​គាត់ និង​ឮ​សម្លេង​ស្រែក​យំ​ក្នុង​ចិត្ត​គាត់ នោះ​យើង​អាច​ដឹង​យ៉ាង​ងាយ​ថា ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាម​រយៈ​គាត់ មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​គេ​មើល​ឲ្យ​ប្លែក​ភ្នែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​អស្ចារ្យ​ទាំង​នោះ​កើត​ចេញពី​ទុក្ខ​វេទនា និង​ការ​លំបាក ក្នុង​ជីវិត​ដែល​ពិបាក​ដល់​កម្រិត​មួយ ហើយ​បាន​សង្កត់​ធ្ងន់​អំពី​សារៈ​សំខាន់​នៃ​សេចក្តី​ពិត នៃ​ព្រះ​រាជសារ​ដែល​ពួក​គេ​បាន​ចែក​ចាយ។

ការ​យល់​អំពី​បរិបទ​នេះ អាច​បណ្ដាល​ឲ្យ​គេ​ចោទ​សួរ​ថា គាត់​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​ដ៏​រឹងមាំ​ដោយ​របៀប​ណា គឺ​មិន​មែន​ចោទ​សួរ​ថា គាត់​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ប៉ុណ្ណា​នោះ​ទេ។ តើ​គាត់​អាច​បន្ត​បម្រើ​ព្រះ ដោយ​ការ​អត់​ធន់​បំផុត​ក្នុង​ទុក្ខ​លំបាក​ដោយ​របៀប​ណា? គឺ​ដោយសារ​ជំនឿ​ដែល​គាត់​មាន​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​យល់​ដឹង​របស់​គាត់​ខាង​ព្រះ​បន្ទូល​ព្រះ​ប៉ុណ្ណោះ។

តើ​មាន​អ្វី​ខ្លះ​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់​ការ​ល្បង​ល និង​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ជា​គ្រីស្ទាន ដោយ​ការ​អត់ធន់​បាន? តើ​ដោយ​សារ​ការ​អស្ចារ្យ​ឬ? ទី​សម្គាល់​ឬ? ទេ! ការ​អស្ចារ្យ​ជា​ជំនួយ​ពិសេស​មក​ពី​ព្រះ​អង្គ​ដែល​អាច​ជួយ​យើង​នៅ​ពេល​ណា​មួយ តែ​ការ​យល់​គោល​លទ្ធិ​មូល​ដ្ឋាន​របស់​គ្រីស្ទ​បរិស័ទ ដោយ​ភាព​រឹងមាំ និង​ការ​ដក​ពិសោធន៍​ទេ​ដែល​ពិត​ជា​បាន​ធ្វើ​ជា​ពន្លឺ​សម្រាប់​ផ្លូវ​យើង ពេល​ណា​អ្វីៗ​ផ្សេង​ទៀត​ហាក់​ដូច​ជា​ងងឹត (ទំនុកតម្កើង ១១៩:១០៥) និង​ធ្វើ​ជា​ឫស​នៃ​ជំនឿ​ដែល​ចាក់​ចូល​ជ្រៅ ពោល​គឺ​ធ្វើ​ជា​យុថ្កា​សម្រាប់​វិញ្ញាណ​យើង (ហេព្រើរ ៦:‌១៩)។ ពេលណា​សេចក្តី​ពិត​របស់​ព្រះ បាន​តាំង​នៅ​ក្នុង​ចិត្ត និង​គំនិត​យើង យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា «ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ​អើយ គ្រឹះ​របស់​អ្នក​ពិត​ជា​រឹងមាំ​ណាស់​ដែល​ព្រះ​អង្គ​បាន​សង់​សម្រាប់​ជំនឿ​របស់​អ្នក ដែល​ជឿ​ព្រះ​បន្ទូល​ដ៏​ប្រសើរ​របស់​ព្រះ​អង្គ»1

តើ​មាន​អ្វី​ជួយ​ទ្រទ្រង់​អ្នក? គឺ​មិន​មែន​ការ​ដក​ពិសោធន៍​នៅ​ខាង​ក្រៅ​ជា​មួយ​ការ​អស្ចារ្យ​នោះ​ទេ តែ​ជំនឿ​នៅ​ខាង​ក្នុង​វិញ​ដែល​ជួយ​ទ្រទ្រង់​អ្នក។ កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ក្នុង​អ្នក នឹង​តែង​តែ​ធ្វើ​ជា​ការ​អស្ចារ្យ​ដែល​ធំ​ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​ទ្រង់​ធ្វើ​នៅ​ជុំ​វិញ​ខ្លួន​អ្នក។ ពេល​អ្នក​ដទៃ​មើល​មក​អ្នក សូម​ឲ្យ​គេ​មិន​គ្រាន់​តែ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​ធ្វើ​ក្នុង​ជីវិត​អ្នក តែ​ក៏​ឃើញ​ភាព​អត់​ធ្មត់​បំផុត​ដែល​អ្នក​មាន​ក្នុង​ទុក្ខ​លំបាក និង​ឃើញ​ព្រះ​ចេស្ដា​ព្រះ​វិញ្ញាណ ខណៈ​ពេល​ដែល​អ្នក​ចុះ​ចូល​នឹង​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ៥:៧-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ២២-២៤ និង​១កូរិនថូស ៨

1លោក Anon. (possibly Robert Keene), “How Firm a Foundation” (ឆ្នាំ១៧៨៧)។

ប្រភេទ

Devotionals for March 13, 2025 | នំម៉ាណាប្រចាំថ្ងៃ - Daily Manna