កើតមក​ដើម្បី​ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះ

អេភេសូរ ២:៦-១០

ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:‌១០

មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ និង​កូន​ស្រី​ដែល​ជា​ក្មេង​តូច បាន​ជ្រុះ​កាត​មួយ​សន្លឹក នៅ​លើ​ដី​។ ពួកគេ​បាន​ដើរហួសប្រហែល៦ម៉ែត្រ​ហើយ ខ្ញុំ​ក៏​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា​ដែរ ដោយសារ​ខ្ញុំ​កំពុង​យឺត​ម៉ោង​ធ្វើ​ការ​។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ពួកគេ​មុខជា​ដឹង​ខ្លួន ហើយ​ត្រឡប់​មក​រើស​វា​វិញ​មិនខាន​។ ប៉ុន្តែ ពួកគេ​នៅតែ​បន្ត​ដើរទៅ​មុខ​ទៀត​។ បញ្ញា​ចិត្ត​របស់​ខ្ញុំ​ក៏​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​រើស​កាត​នោះ​ឲ្យ​ពួក​គេ។ វា​ជា​កាត​សម្រាប់​ឡើង​ជិះ​ឡាន​ក្រុង ដែល​ពួក​គេ​បាន​បង់​ថ្លៃ​ធ្វើ​ដំណើរ​រួច​ជា​ស្រេច​។ នៅពេល​ដែល​ខ្ញុំ​ប្រគល់​កាត់​នោះ​ឲ្យ​ទៅ​ពួកគេ ពួកគេ​បាន​ថ្លែង​អំណរ​គុណ ដោយ​ចិត្ត​ត្រេកអរ ហើយ​ខ្ញុំ​ក៏បាន​សប្បាយ​ចិត្ត​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ល្អ​យ៉ាង​នេះ នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​ដ៏​តូច សម្រាប់​អ្នក​ដទៃ​។

តាម​វិទ្យាសាស្ត្រ រូបកាយ​របស់​មនុស្ស​បង្កើត​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ល្អ​ជាង​មុន ពេលណា​យើង​ធ្វើ​អំពើ​សប្បុរស​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ ព្រះអម្ចាស់​បាន​បង្កើត​យើង​មក ដោយ​ឲ្យ​អារម្មណ៍​ល្អ​កើត​មាន​ក្នុង​ចិត្ត​យើង នៅពេល​ដែល​យើង​ធ្វើ​អំពើ​ល្អ! រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​យើង​ដឹង​ថា ព្រះ​ដ៏​ល្អ​បាន​បង្កើត​យើង​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់​។

បទ​គម្ពីរ​អេភេសូរ ២:១០ បាន​បង្ហាញថា គោលបំណង​ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ក៏​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ខ​គម្ពីរ​នេះ​មិន​គ្រាន់តែ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​លក្ខណៈ​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​យើង​មាន​ពី​កំណើត​មក ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ​។ យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​ល្អ​ធំៗ​គ្រប់​ពេល​ឡើយ​។ បើ​យើង​ធ្វើ​រឿង​តូច​មួយ ដើម្បី​ជួយ​អ្នក​ដទៃ ក្នុង​ការ​រស់នៅ​រាល់​ថ្ងៃ យើង​មិន​គ្រាន់តែ​ទទួល​បាន​ក្តី​អំណរ​ជា​រង្វាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ដឹង​ផង​ដែរ​ថា យើង​កំពុង​ផ្គាប់​ព្រះទ័យ​ព្រះ ដោយ​ធ្វើ​អ្វី​ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​ធ្វើ​។—Leslie Koh

តើ​នរណា​ត្រូវ​ការ​ជំនួយ​ ឬ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​អ្នក? តើមាន​ពាក្យ​សម្តី​ល្អៗ ឬ​អំពើ​ល្អ​ដ៏​សាមញ្ញ​អ្វី​ខ្លះ ដែល​អ្នក​អាច​ធ្វើ​សម្រាប់​មិត្ត​ភក្តិ មិត្ត​រួម​ការងារ ឬ​អ្នក​ជិត​ខាង?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បើក​ភ្នែក​របស់​ទូល​បង្គំ ឲ្យ​ដឹង​ថា ទូល​បង្គំ​អាច​មាន​ចិត្ត​សប្បុរស​ចំពោះ​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដោយ​របៀបណា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៣-២៥ និង ម៉ាកុស ១៤:១-២៦

More articles