នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ត្រូវ​ការ​ព្រះយេស៊ូវ​កែ​ប្រែ​ជីវិត

ត្រូវ​ការ​ព្រះយេស៊ូវ​កែ​ប្រែ​ជីវិត

ដោយArthur Jackson

March 31, 2025

១ធីម៉ូថេ ១:១២-១៧

ព្រះគ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជាលេខ១ក្នុង​ពួកគេ​។ ១ធីម៉ូថេ ១:១៥

បញ្ហា​ប្រឈម​របស់​អេរិក(Eric) ក្នុង​វ័យ​កុមារ មាន​ដូចជា ស្បែក​ចេញ​កន្ទួល​ធ្ងន់ធ្ងរ បញ្ហា​ដ៏​លំបាក​នៅ​សាលា​រៀន ហើយ​បាន​សេព​ស្រា និង​គ្រឿងញៀន​ជា​រៀង​រាល់​ថ្ងៃ ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​ខ្លួន​ឯង​ថា “មនុស្ស​អាក្រក់​ផុត​លេខ” តែ​ក្រោយមក គាត់​មាន​ភាព​លេច​ធ្លោ នៅ​ក្នុង​កីឡា​វាយ​កូន​បាល់​បេសប៊ល រហូត​ដល់​ពេល​ដែល​គាត់​បោះបង់​កីឡា​នេះ ព្រោះតែ​ការ​បាក់​ទឹក​ចិត្ត ដោយសារ​ការ​រើសអើង​។ បញ្ហា​នេះ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ពេល​កាន់តែ​ច្រើន សម្រាប់​ការ​ប្រើ​ប្រាស់ និង​ជួញ​ដូរ​គ្រឿងញៀន​។

ទោះជា​យ៉ាងណា​ក៏ដោយ ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​របស់​អេរិក​ក៏បាន​កើត​មាន នៅពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅ​ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ ក្នុង​ព្រះវិហារ​។ នៅ​ថ្ងៃ​បន្ទាប់ មាន​អ្នក​បម្រើ​ព្រះ​ម្នាក់​បាន​អញ្ជើញ​អេរិក ឲ្យ​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ក្រោយ​ទៀត​។ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​លើក​នោះ គាត់​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ក្នុង​នាម​គាត់​ជា​អ្នកជឿ​ថ្មី ពី​ខ​គម្ពីរ​ដែល​បាន​ចែងថា “បាន​ជា​បើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះថា​បាន​កើតជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ ជីវិត​របស់​អេរិក​ក៏​មាន​ការ​ផ្លាស់​ប្រែ​ចាប់​តាំងពី​ពេល​នោះ​មក​។

កាលពី​មុន សាវ័ក​ប៉ុល​ធ្លាប់​មាន​ឈ្មោះថា សូល មកពី​ស្រុក​តើស៊ីស ជា​អ្នក​បៀតបៀន​សម្លាប់​អ្នកជឿ​ព្រះ​។ ដូច​នេះ គាត់​ក៏​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់​ផង​ដែរ​។ ជាក់​ស្តែង​គាត់​បាន​ហៅ​ខ្លួន​ឯង​ថា មនុស្ស​មាន​បាប​ដែល​អាក្រក់លេខ១(១ពេត្រុស ១:‌១៥) ព្រោះ ពីដើម គាត់ “ជា​អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន​ឈ្លានពាន”(ខ.១៣)។ ប៉ុន្តែ ព្រះយេស៊ូវ​នៅតែ​អាច​កែ​ប្រែ​ជីវិត​របស់​អេរិក គឺ​មិន​ខុសពី​សាវ័ក​ប៉ុល​ឡើយ​។ ហើយ​យើង​ក៏​ត្រូវ​ការ​ព្រះ​អង្គ​កែ​ប្រែ​ជីវិត​យើង​ផង​ដែរ ទោះ​យើង​មិន​បាន​គិតថា យើង​មាន​ប្រវត្តិ​ដូច​អេរិក ឬ​សាវ័ក​ប៉ុល​ក៏ដោយ ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ(រ៉ូម ៣:២៣)។ និយាយ​រួម យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ព្រះ​អង្គ​កែ​ប្រែ​ជីវិត​យើង​។—Arthur Jackson

តើ​ទី​បន្ទាល់​របស់​អេរិក និង​លោក​សូល បាន​ជួយ​អ្នក​ឲ្យ​មើល​ឃើញថា ព្រះអង្គ​ជា​ព្រះ​ដែល​អត់​ទោស​បាប​យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​ហេតុ​អ្វី​អ្នក​យល់​ឃើញថា អ្នក​ត្រូវ​ការ​ព្រះ​យេស៊ូវ​ជួយ​កែ​ប្រែ​ជីវិត​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មើល​ឃើញថា ព្រះ​លោហិត​របស់​ព្រះយេស៊ូវ
បាន​ជួយ​លាង​ជម្រះ​បាប​ទាំង​អស់​របស់​ទូល​បង្គំ ទោះ​តូច ឬ​ធំ​ក្តី។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១១-១២ និង លូកា ៦:១-២៦

ល្ងាច

Devotional illustration

ស្រែក​រក​ជំនួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 31, 2025

«រីឯ​កាល​ពួក​អ៊‌ីស្រាអែល​បាន​សាប​ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ាលេក និង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់...ឯ​ពួក​កូនចៅ​អ៊‌ីស្រាអែល​ត្រូវ​ទុគ៌ត​ទៅ ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ដូច្នេះ គេ​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា» (ពួក​ចៅហ្វាយ ៦:៣, ៦)។

ពេល​ណា​យើង​អស់​សង្ឃឹម យើង​កំពុង​ស្ថិត​ក្នុង​ពេល​ល្អ​បំផុត​សម្រាប់​រៀន​ស្គាល់​ជំនឿ​ពិត។

នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ចៅហ្វាយ​ជំពូក៦ ប្រជាជន​អ៊‌ីស្រាអែល​បាន​ប្រព្រឹត្តិ​ការ​អាក្រក់​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​សា​ជា​ថ្មី (ខ.១)។ ពួក​គេ​បាន​ជាប់​ខ្លួន​នៅ​ក្នុង​វដ្ដ​នៃ​ការ​បះបោរ និង​ការ​ប្រែ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយ​ពួក​គេ​យឺត​ក្នុង​ការ​រៀន​សូត្រ​អំពី​កំហុស​ខ្លួន​ឯង ហើយ​ឆាប់​ភ្លេច​ថា កាលៈទេសៈ​ដ៏​ពិបាក​របស់​ពួក​គេ ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​មិន​ស្តាប់​បង្គាប់​របស់​ពួក​គេ។ ទី​បំផុត ពួក​អ៊‌ីស្រាអែល​ពិបាក​នឹង​ជឿ​ថា ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ឲ្យ​ចូល​ដល់​ស្ថានភាព​មួយ​ដែល​ពួក​គេ​មិន​អាច​ឆ្លើយ​តប​ ក្រៅ​ពី​ស្រែក​រក​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ និង​ដើម្បី​ប្រយោជន៍​ពួក​គេ។ ព្រះ​អង្គ​ក៏​ធ្វើ​ដូច​នេះ​ចំពោះ​យើង ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ ដោយ​សម្រេច​គោល​បំណង​ព្រះ​អង្គ​ក្នុង​ជីវិត​អ្នក​ដែល​ដឹង​ថា ខ្លួន​ឯង​កំពុង​អស់​សង្ឃឹម។ ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​នគរ​ព្រះ​អង្គ​ដល់​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន «មាន​ភាព​កម្សត់​ខាង​វិញ្ញាណ» គឺ​មិន​មែន​អ្នក​ដែល​គិត​ថា ខ្លួន​មាន​ភាព​គ្រប់​គ្រាន់​នោះ​ទេ (ម៉ាថាយ ៥:៣)។

អ្នក​ខ្លះ​ច្រឡំ​ថា បើ​យើង​គ្រាន់​តែ​ដើរ​តាម​ព្រះ​យេស៊ូវ អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ជម្រៅ​ចិត្ត​យើង យើង​គិត​ថា ព្រះ​អង្គ​នឹង​តែង​តែ​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​យើង ដោយ​ដក​ទុក្ខ​លំបាក​ចេញ​ភ្លាមៗ។ ពេល​ណា​ព្រះ​ទ្រង់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​តាម​របៀប និង​តាម​ពេល​វេលា​ដែល​យើង​ចង់​បាន យើង​ឆ្ងល់​ថា តើ​យើង​អាច​បន្ត​ទុក​ចិត្ត​ថា ព្រះ​អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់​មែន​ឬ។ អ្នក​ប្រហែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ នៅ​ថ្ងៃ​នេះ។

ក្នុង​ព្រះ​គម្ពីរ​ប៊ីប ព្រះ​ទ្រង់​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​យាង​មក​ជួយ​យើង ពេល​ណា​យើង​ស្រែក​រក​ព្រះ​អង្គ គឺ​ដូច​មាន​សេចក្តី​ចែង​ថា «នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ​អា​ទិត្យ​ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ​ចន្ទ​ធ្វើ​ទុក្ខ​ដែរ។ ព្រះ​យេហូវ៉ា​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទ្រង់​នឹង​ថែរក្សា​ព្រលឹង​របស់​អ្នក។ ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ» (ទំនុកតម្កើង ១២១:៦-៨)។ នេះ​ជា​ការ​ធានា​នៃ​ព្រះ​បន្ទូល​ព្រះ។ តែ​របៀប​ដែល​ព្រះ​អង្គ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ តែង​តែ​ប្រៀប​ដូច​ជា​ផ្លូវ​រលាក់​កាត់​តាម​ជ្រលង​ងងឹត និង​ក្នុង​បន្ទប់​រង់ចាំ​ដ៏​ពិបាក។

កាល​ព្រះ​អម្ចាស់​ឆ្លើយ​តប​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ ព្រះ​អង្គ​បាន​បង្វែរ​ពួក​គេ​ឲ្យ​ងាក​មក​រក​ព្រះ​បន្ទូល​ព្រះ​អង្គ ដោយ​ធ្វើ​ការ​ក្នុង​ចិត្ត​ពួក​គេ​ឲ្យ​ស្គាល់​កំហុស។ ពួក​ហោរា​បាន​ថ្លែង​ព្រះ​បន្ទូល​ព្រះ​អម្ចាស់ ដោយ​រម្លឹក​ពួក​អ៊‌ីស្រាអែល​អំពី​ការ​អ្វី​ដែល​ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា «អញ​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ពួក​បាវ​បម្រើ​មក...អញ​បាន​ប្រាប់​ឯង​ថា អញ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា...តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ» (ពួក​ចៅហ្វាយ ៦:៨,១០)។ ប៉ុន្តែ បន្ទាប់​មក ការ​ផ្លាស់​ប្ដូរ​ក៏បាន​កើត​មាន ខណៈ​ពេល​ដែល​យើង​រំពឹង​ថា ការ​ជំនុំ​ជម្រះ​របស់​ព្រះ​នឹង​ធ្លាក់​មក​លើ​ពួក​គេ «ទេវតា​នៃ​ព្រះ​អម្ចាស់​ក៏​បាន​លេច​មក» ដោយ​ថ្លែង​ព្រះ​បន្ទូល​នៃ​សេចក្តី​មេត្តា​ថា ព្រះ​អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ (ខ.១២)។

តើ​យើង​នឹង​ទៅ​ជា​យ៉ាង​ណា បើ​សិន​ជា​ព្រះ​ទ្រង់​ទម្លាក់​ការ​ជំនុំ​ជម្រះ​មក​លើ​យើង តាម​ដែល​យើង​សម​នឹង​ទទួល ជា​ជាង​បង្ហាញ​សេចក្តី​មេត្តា​ជា​រៀង​រាល់​ថ្ងៃ? ព្រះ​អង្គ​មិន​បាន​ប្រទាន​រាស្ត្រ​អ៊‌ីស្រាអែល​នូវ​អ្វី​ដែល​ពួកគេ​សម​នឹង​ទទួល ហើយ​ព្រះ​អង្គ​ក៏​មិន​បាន​ដាក់​ទោស​អ្នក​នឹង​ខ្ញុំ​ដែរ។ សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​គ្មាន​ទី​បញ្ចប់​ឡើយ។ តែ​ក្នុង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ ព្រះ​អង្គ​ច្រើន​តែ​ប្រើ​ការ​លំបាក​ក្នុង​ជីវិត​យើង ដើម្បី​បង្រៀន​យើង​ថា ព្រះ​អង្គ​ជា​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ។ ការ​ដក​ការ​ល្អ​ណា​មួយ​ចេញ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់ តែ​ក៏​អាច​នាំ​យើង​ឲ្យ​ស្រែក​រក​ព្រះ​អង្គ ហើយ​រក​ឃើញ​កម្លាំង សន្តិភាព និង​ក្តី​សង្ឃឹម​ក្នុង​ព្រះ​អង្គ។ ចូរ​យើង​ស្រែក​រក​ជំនួយ​ពី​ព្រះ​អង្គ ដោយ​សង្ឃឹម​ថា ព្រះ​ដែល​ស្តាប់​ឮ​អ្នក ព្រះ​អង្គ​ពិត​ជា​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​អ្នក។ ព្រះ​អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក!

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៥:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ២១-២៣ និង​ហេព្រើរ ២

ប្រភេទ