នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​សប្បុរស​មាន​ជ័យ​ជម្នះ

សេចក្តី​សប្បុរស​មាន​ជ័យ​ជម្នះ

ដោយArthur Jackson

April 1, 2025

១ពេត្រុស ៣:៨-១២

កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥

លោក​ជែកគី រ៉ូប៊ីនសិន(Jackie Robinson) គឺជា​កីឡាករ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ ដែល​បាន​ចូល​រួម​ក្នុង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​បេសប៊ល ក្នុង​ការ​ប្រកួត ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​ឧទ្យាន​សែប ក្នុង​រដ្ឋ​ភីឡាដេភា នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ១៩៤៧​។ នៅ​ថ្ងៃ​នោះ ដូរីស(Doris) ជា​ក្មេង​អាយុ១០ឆ្នាំ កំពុង​ឈរ​ទស្សនា​ការ​ប្រកួត ពី​ជួរ​កៅអី​ជាន់​ខាងលើ ជាមួយ​ឪពុក​របស់​នាង​។ នៅពេល​ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់ ដើរមក​អង្គុយ​នៅ​លើ​កៅអី នៅ​ក្បែរ​ពួកគេ ឪពុក​របស់​នាង​ក៏​បាន​និយាយរក​គាត់​មុន​។ ដូរីស​ក៏​បាន​និយាយ​ថា ការ​សន្ទនា​របស់​នាង​ជាមួយ​គាត់​អំពី​ការ​ដាក់​ពិន្ទុ ក្នុង​ការ​ប្រកួត​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា “នាង​ជា​មនុស្ស​ពេញវ័យ”។ ក្រោយមក នាង​ក៏​បាន​រៀបរាប់​ថា នាង​មិន​ដែល​ភ្លេច​គាត់ ឬ​ភ្លេច​ស្នាម​ញញឹម​នៅ​លើ​មុខ​គាត់​ទេ​។ ការ​ទំនាក់​ទំនង​ដ៏​រីករាយ​រវាង​ដូរីស ជា​ក្មេង​ស្រី​ស្បែក​ស ជាមួយ​បុរស​ចំណាស់​ចិត្ត​ល្អ ដែល​មាន​ឪពុក​ម្តាយ​ជា​ទាសករ គឺជា​ពេល​ដែល​មិន​អាច​ភ្លេច​បាន នៅ​ថ្ងៃ​នោះ​។

ទោះជា​យ៉ាងណា​ក៏ដោយ ពេល​នោះ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ពេល​ផ្សេង​ទៀត ដែល​បុរស​វ័យ​ចំណាស់​នោះ បាន​ជួប​ប្រទះ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ឆ្នាំ​ដដែល​នោះ​។ គាត់​បាន​នឹក​ចាំ​ថា “កាល​នោះ គេ​បាន​ស្រែក​ដាក់​គាត់ ក្នុង​លក្ខណៈ​រើសអើង​ជាតិ​សាសន៍​ដោយ​ឥត​ត្រា​ប្រណី”។

ការ​ប្រព្រឹត្តិ​ដោយ​ឥត​ត្រា​ប្រណី មិន​គ្រាន់តែ​បាន​កើត​ឡើង នៅ​កន្លែង​ប្រកួត​កីឡា​ប៉ុណ្ណោះ​ទេ​។ រឿង​នេះ​អាច​កើត​មាន​ឡើង នៅ​តាម​ផ្ទះ ក្នុង​តំបន់​រស់នៅ កន្លែង​ធ្វើ​ការ និង​សូម្បីតែ​ក្នុង​ព្រះវិហារ​របស់​យើង​ក៏ដោយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះ​ដែល​បាន​បង្ហាញ​សេចក្តី​សប្បុរស ​តាមរយៈ​ព្រះរាជបុត្រា​របស់​ព្រះអង្គ(មើល​ទីតុស ៣:៤) ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ​ផង​ដែរ​។ កណ្ឌ​គម្ពីរ​ពេត្រុស​បាន​ចែងថា “ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិតតែ១ ព្រម​ទាំង​មាន​ចិត្ត​អាណិត​អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន និង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យពរ​វិញ”(១ពេត្រុស ៣:៨-៩)។ សេចក្តី​សប្បុរស​ឈ្នះ​ភាព​កាច​សាហាវ នៅ​ពេលណា​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​សប្បុរស​ពី​ព្រះ បាន​ចែក​ចាយ​សេចក្តី​សប្បុរស​នោះ ដល់​អ្នក​ដទៃ តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ​។—Arthur Jackson

តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​ដោយ​ឥត​ត្រា​ប្រណី​នៅ​ពេលណា? តើ​អ្នក​បាន​ទទួល​សេចក្តី​សប្បុរស​ពី​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​សប្បុរស​ដែល​ព្រះអង្គ​បាន​ប្រទាន តាមរយៈ​ព្រះយេស៊ូវ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១៣-១៥ និង លូកា ៦:២៧-៤៩

ល្ងាច

ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 1, 2025

«ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ​វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប​កាយ​យើង​ផង» (រ៉ូម ៨:២៣)។

ការ​ដក​ពិសោធន៍​នឹង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​ភាព​អស្ចារ្យ តែ​ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែរ។

យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ។ ព្រះ​អង្គ​បាន​ទទួល​ចិញ្ចឹម​យើង​ក្នុង​គ្រួសារ​ព្រះ​អង្គ។ យើង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា​ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​ទំនាក់​ទំនង​ធម្មតា។ យើង​មាន​ក្តី​សង្ឃឹម​ពិត​ប្រាកដ​ថា នឹង​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ការ​រំពឹង​ចង់​បាន​យ៉ាង​ខ្លាំង។ យើង​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ ជា​ព្រះ​ដែល​គង់​នៅ​ក្នុង​ចិត្ត​យើង។ តែ​ទោះ​ជា​យ៉ាង​ណា ព្រះ​អង្គ​មិន​បាន​ដក​យើង​ចេញ​ពី​ភាព​ពិត​នៃ​ជីវិត​ក្នុង​លោកីយ៍​ដែល​មាន​បាប​ទេ។ យើង​នៅ​តែ​អាច​មាន​ចិត្ត​នឿយណាយ ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ការ​ខក​ចិត្ត និង​ការ​ត្អូញត្អែរ។

ខណៈ​ពេល​ដែល​យើង​មាន​ជីវិត​រស់​នៅ​លើ​ផែនដី យើង​បាន​ស្គាល់​រស់​ជាតិ​នៃ​ស្ថាន​សួគ៌​បន្តិច​បន្តួច​ដែរ តែ​យើង​មិន​ទាន់​បាន​ទៅ​ដល់​ស្ថាន​សួគ៌​នៅឡើយ​ទេ។ ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មិន​បាន​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ភាព​ពុក​ផុយ ឬ​បាប​ទេ។ យើង​នៅ​តែ​មាន​ជំនឿ ហើយ​រូបកាយ​យើង​ក៏​ទន់​ខ្សោយ​ជា​លំដាប់។ យើង​បន្ត​ត​យុទ្ធ​នឹង​បាប ហើយ​ជួប​ប្រទះ​ការ​ប្រឆាំង​មក​លើ​ជំនឿ​យើង។ ជា​ការ​ពិត​ណាស់ គឺ​ដូច​ដែល​ក្រុម​ទេវ​វិទូ វេស្តមីនស្ទ័រ បាន​បក​ស្រាយ កាលពី​សតវត្សរ៍ទី១៧​ថា ជីវិត​គ្រីស្ទ​បរិស័ទ​កំពុង​តែ​ជាប់​នៅ​ក្នុង «សង្គ្រាម» ទាស់​ប្រឆាំង​នឹង​បាប​ដែល​នៅ​តែ​បន្ត និង​មិន​អាច​សម្រុះ​សម្រួល​បាន1

យើង​ងាយ​នឹង​ជាប់​ខ្លួន​ក្នុង​ភាព​ស្មុកស្មាញ​នៃ​រឿង​ខាង​វិញ្ញាណ និង​ខាង​ទេវសាស្ត្រ ខណៈ​ពេល​ដែល​យើង​កំពុង​ត​យុទ្ធ​នឹង​បាប។ យើង​ប្រហែល​ជា​ឆ្ងល់​ថា «ហេតុ​អ្វី​ខ្ញុំ​នៅតែ​មិន​ស្តាប់​បង្គាប់​ព្រះ?» ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​ចង​ចាំ​ថា ពេល​វេលា​ទាំង​៣នៃ​សេចក្តី​សង្គ្រោះ ដែល​មាន​ការ​បក​ស្រាយ​សង្ខេប​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ។

បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហើយ នោះ​យើង​បាន​សង្គ្រោះ​ឲ្យ​រួចពី​ទោស​របស់​បាប​ហើយ។ ក្នុង​ន័យ​អតីត​កាល យើង​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទេ ព្រោះ​ព្រះ​យេស៊ូវ​បាន​ទទួល​យក​បាប​យើង និង​ទទួល​ទោស​ជំនួស​យើង​តាម​រយៈ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ ក្នុង​ន័យ​បច្ចុប្បន្នកាល​ព្រះ​អង្គ​កំពុង​សង្គ្រោះ​យើង​ឲ្យ​រួចពី​អំណាច​របស់​បាប។ នេះ​ជា​ព្រះ​រាជ​កិច្ច​ដែល​នៅ​បន្ត​ធ្វើ ព្រោះ​គ្មាន​នរណា​ដែល​គ្មាន​បាប​ក្នុង​លោកីយ៍​នេះ​ទេ តែ​ព្រះ​អង្គ​កំពុង​ធ្វើ​ការ​ក្នុង​យើង ជួយ​ឲ្យ​យើង​អាច​និយាយ​ថា ទេ ចំពោះ​អ្វី​ដែល​ខុស ហើយ បាទ ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ។ ហើយ​ក្នុង​ន័យ​អនាគត​កាល ពេល​ណា​ព្រះ​គ្រីស្ទ​យាង​មក​វិញ យើង​នឹង​បាន​រួច​ផុត​ពី​វត្ត​មាន​នៃ​បាប​ទាំង​ស្រុង។

ជា​ញឹក​ញាប់ យើង​បាន​ស្គាល់​រស់​ជាតិ​ស្ថាន​សួគ៌​បន្តិច​បន្តួច ដែល​ធ្វើ​ឲ្យ​យើង​ស្រេក​ឃ្លាន​ការ​អ្វី​ដែល​ត្រូវ​មក​ដល់។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា យើង «ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប​កាយ​យើង​ផង»។ យើង​គួរ​តែ​សម្លឹង​មើល​ទៅ​ការ​យាង​មក​វិញ​របស់​ព្រះ​គ្រីស្ទ​ដោយ​ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍។

ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ចូល​ទៅ​ក្នុង​លោកីយ៍ ជា​ពលរដ្ឋ​របស់​ស្ថាន​សួគ៌ ដោយ​រស់​នៅ ក្នុង​ពេល​បច្ចុប្បន្ន ជា​អ្នក​ដំណើរ និង​អ្នក​មក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី។ យើង​កំពុង​រង់​ចាំ​ការ​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​នៅ​ស្ថាន​សួគ៌ តែ​យើង​មិន​រង់​ចាំ​ជា​រៀង​រហូត​ទេ។ ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ហើយ​ព្រះ​អង្គ​នឹង​នាំ​យើង​ទៅ​រស់​នៅ​ជា​មួយ​ព្រះ​អង្គ​ក្នុង​រូប​កាយ​ដែល​រស់​ឡើង​វិញ​ដ៏​ឧត្តម ក្នុង​នគរ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។ សព្វ​ថ្ងៃ​នេះ យើង​មិន​រស់​នៅ ធ្វើ​មើល​តែ​ជីវិត​យើង​មាន​តែ​ប៉ុណ្ណេះ​ឡើយ។ ចូរ​មមុល​ទៅ​មុខ​ដោយ​ដឹង​ថា ថ្ងៃ​ល្អ​បំផុត​របស់​អ្នក​នឹង​មក​ដល់។ អ្នក​មិន​ទាន់​ទៅ​ដល់​ទេ តែ​ថ្ងៃ​មួយ អ្នក​ច្បាស់​ជា​នឹង​បាន​ទៅ​ដល់។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ២២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ២៤:២៦ និង ហេព្រើរ ៣

1The Westminster Confession of Faith 13.2.

ប្រភេទ