នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គ្រប់​យ៉ាង

ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គ្រប់​យ៉ាង

ដោយSheridan Voysey

April 2, 2025

លូកា ១៥:១៧-២៤

ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ​។ លូកា ១៥:២៤

ក្នុង​រឿង​ខ្លី​ដែល​លោក​អឺនេស ហ៊ែមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​ពិពណ៌នា អំពី​បុរស​ជា​ឪពុក​ជា​ជាតិ​អេស្ប៉ាញ​​ម្នាក់ ដែល​ចង់​មាន​ការ​ផ្សះផ្សា​រ​ជាមួយ​កូន​ប្រុស​របស់​គាត់ ដែល​បាន​វង្វេង​ចេញពី​គ្រួសារ​។ គាត់​ក៏បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​​ការ​សែត​​ប្រចាំ​ដំបន់​យ៉ាង​ដូច​នេះ​ថា ប៉ាកូ(PACO) សូម​កូន​មក​ជួប​ប៉ា​នៅ​​សណ្ឋាគារ​ម៉ុនតាណា នៅពេល​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ា​បាន​អត់​ទោស​ឲ្យ​កូន​គ្រប់​យ៉ាង​។ នៅពេល​ដែល​បុរស​ជា​ឪពុក​ទៅដល់​កន្លែង​នោះ គាត់​ក៏បាន​ឃើញ​មនុស្ស​មួយ​ហ្វូង​កំពុង​រង់​ចាំ​គាត់​។ មាន​មនុស្ស៨០០នាក់ មាន​ឈ្មោះ ប៉ាកូ បាន​ឆ្លើយតប ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​គាត់ ដោយ​ចិត្ត​ចង់​ទទួល​ការ​អត់ឱន​ទោស​ពី​ឪពុក​របស់​ពួក​គេ​រៀងៗ​ខ្លួន​។

រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជម្រៅ​ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​ការ​អត់ឱន​ទោស ហើយក៏​បាន​រំឭក​ខ្ញុំ អំពី​រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​រឿង​នោះ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ចាក​ចេញពី​ឪពុក​របស់​ខ្លួន ទៅ​ស្វែងរក​ជីវិត​ដែល​សប្បាយ​រីករាយ តែ​មិន​យូរ​ប៉ុន្មាន​ គាត់​ក៏បាន​ធ្លាក់​ខ្លួន(លូកា ១៥:១៣-១៤)។ ពេល​ដែល​គាត់ “ភ្ញាក់​ខ្លួន” ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ(ខ.១៧) ឪពុក​របស់​គាត់​ក៏​បាន​រត់​មក​ឱប​គាត់ មុន​ពេល​ដែល​គាត់​មាន​ឱកាស​​និយាយ​សុំ​ទោស(ខ.២០)។ បុរស​ជា​ឪពុក​ក៏បាន​និយាយ​ទាំង​ទឹក​ភ្នែក ដោយ​អំណរ​ថា “ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ”(ខ.២៤)។ ក្នុង​រឿង​នេះ បុរស​ជា​ឪពុក​ជា​តំណាង​ឲ្យ​ព្រះ ហើយ​កូន​ប្រុស​វង្វេង​គឺជា​តំណាង​ឲ្យ​យើង​ម្នាក់ៗ ហើយ​យើង​ក៏​នឹង​បាន​ដក​ពិសោធន៍​នឹង​ក្តី​អំណរ​នៃ​នគរ​ស្ថាន​សួគ៌ ពេលណា​យើង​វិល​ត្រឡប់​ទៅ​រក​ព្រះវរបិតា​របស់​យើង​វិញ​។

ការ​អត់​ទោស នាំមក​នូវ​ភាព​ធូរ​ស្រាល ដល់​វិញ្ញាណ​ដែល​មាន​កំហុស​។ ប៉ុន្តែ ការ​អត់​ទោស​ដែល​ព្រះ​បាន​ប្រទាន​យើង គឺ​សម្រាប់​ឲ្យ​យើង​ទទួល មិន​ខុសពី​អំណោយ​ឡើយ​។ លោក​ហាំមីងវេយ មិន​បាន​ប្រាប់​យើង​ អំពី​ចុង​បញ្ចប់​នៃ​រឿង​ខ្លី​របស់​គាត់ ឲ្យ​យើង​ដឹង​ថា បុរស​ជា​ឪពុក​​បាន​រក​ឃើញ​កូន​ប្រុស​របស់​គាត់ ដែល​មាន​ឈ្មោះ​ប៉ាកូ នោះ​ឬ​អត់ទេ​។ តែ​យើង​ដឹង​ច្បាស់​ថា ព្រះវរបិតា នៅ​ក្នុង​រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល សព្វ​ព្រះទ័យ​ឲ្យ​កូន​ប្រុស​ស្រី​របស់​ព្រះអង្គ វិល​ត្រឡប់​មក​រក​ព្រះអង្គ​វិញ​។ ព្រះអង្គ​តែង​តែ​បើក​ចំហ​ព្រះ​ពាហុ​ជា​ស្រេច ដើម្បី​រង់​ចាំ​កូន​របស់​ព្រះ​អង្គ​វិល​ត្រលប់​មក​រក​​ព្រះអង្គ​វិញ​។—Sheridan Voysey

បើ​អ្នក​ជា​កូន​ប្រុស​របស់​លោក​ប៉ាកូ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា? តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ទទួលយក​ការ​អត់​ទោស​ពី​ព្រះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​បាន​ដឹង​ថា ទូល​បង្គំ​បាន​ធ្វើ​ខុស​ច្រើន​ប៉ុណ្ណា ដូច​នេះ ការ​អត់​ទោស​ដែល​ព្រះអង្គ​បាន​ប្រទាន ពិតជា​ធំធេង​ណាស់​។
ទូល​បង្គំ​សូម​ទទួលយក ដោយ​អរ​ព្រះគុណ​ព្រះអង្គ​។

For further study, read A Child’s Compassion at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១៦-១៨ និង លូកា ៧:១-៣០

ល្ងាច

កន្លែង​ថ្មី​សម្រាប់​ព្រះ​អង្គ​គង់​នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

កន្លែង​ថ្មី​សម្រាប់​ព្រះ​អង្គ​គង់​នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 2, 2025

«ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទីក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទីក្រុង​នោះ​មាន​រាង៤ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទីក្រុង ឃើញ​មាន១២ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កម្ពស់​ក៏​ស្មើ​គ្នា​ទាំង​អស់» (វិវរណៈ ២១:១៥-១៦)។

កាល​ពី​ដើម ព្រះ​អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡឹម តែ​ក្រោយ​មក ព្រះ​វិហារ​​ក៏បាន​បាក់​បែក។ បន្ទាប់​ពី​ស្ដេច នេប៊ូក្នេសា នៃ​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​សង់​ព្រះ​វិហារ​ថ្មី​មួយ​ទៀត (អេសេគាល ៤០-៤៣)។ ទោះ​ព្រះវិហារ​ទី​ពីរ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ​ក៏​ដោយ ក៏​ព្រះ​វិហារ​នោះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​ព្រះ​វិហារ​ទី​មួយ ហើយ​មិន​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ទេ (ហាកាយ ២:២-៣) គឺ​ព្រះ​បន្ទូល​សន្យា ដែល​បាន​សម្រេច​តាម​រយៈ​ព្រះ​ជន្ម ការ​សុគត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ព្រម​ទាំង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ (យ៉ូហាន ២:១៩-២២)។

ក្នុង​ព្រះ​វិហារ​នោះ ព្រះ​វត្ត​មាន​ព្រះ​អង្គ​បាន​គង់​នៅ ដោយ​ផ្ដោត​ទៅ​លើ​កន្លែង​បរិសុទ្ធ​បំផុត ដែល​គេ​បាន​សាង​សង់​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​ដ៏​ឥត​ខ្ចោះ។ មាន​តែ​ស​ម្ដេច​សង្ឃ​ទេ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​កន្លែង​នោះ​បាន​តែ​មួយ​ឆ្នាំ​ម្តង។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​វិហារ​ទី​មួយ​គ្រាន់​តែ​ជា​អ្វី​ដែល​គេ​បាន​នឹក​ចាំ​ប៉ុណ្ណោះ ប៉ុន្តែ​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​អំពី​ទីក្រុង​ថ្មី​នៃ​នគរ​ព្រះ​ដ៏​អស់​កល្ប ដែល​មាន​ការ​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​បួន​ជ្រុង​ស្មើ​ឥត​ខ្ចោះ តែ​មិន​មែន​មាន​ទីតាំង​ក្នុង​អគារ​ណា​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ តែ​មាន​ក្រឡា​ផ្ទៃ​ធំ​ប៉ុន​ពិភពលោក​ដែល​គេ​បាន​ស្គាល់ ក្នុង​សម័យ​សាវ័ក យ៉ូហាន។

ក្នុង​ការ​បង្កើត​ថ្មី​នោះ ព្រះ​ទ្រង់​នឹង​មិន​គង់​នៅ​ដោយ​ផ្ដោត​ទៅ​លើ​កន្លែង​តែ​មួយ​ទៀត​ទេ។ ពេល​នោះ យើង​អាច​ទៅ​ជួប​ព្រះ​អង្គ​បាន​ដោយ​មិន​ចាំ​បាច់​ចូល​អគារ​ពិសេស​ណា​មួយ ព្រោះ​ព្រះ​អង្គ​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជានិច្ច។ លោក យ៉ូហាន «មិន​បាន​ឃើញ​ព្រះ​វិហារ ក្នុង​ទីក្រុង​នោះ​ឡើយ» (វិវរណៈ ២១:២២) ព្រោះ​នៅ​សម័យ​នោះ ព្រះ​អង្គ​នឹង​គង់​នៅ​ក្នុង​ទីក្រុង​នោះ យ៉ាង​ពេញ​លេញ ហើយ​តាម​របៀប​ដែល​យើង​មិន​ទាន់​អាច​យល់​នៅ​ឡើយ ដូច​នេះ នៅ​ទីណា​ក៏​ដូច​ជា​នៅ​ក្នុង​ព្រះ​វិហារ​ដែរ។ នេះ​ជា​ការ​ពិពណ៌នា​អំពី​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង ជា​ការ​ផ្លាស់​ប្ដូរ​ក្នុង​កាលៈទេសៈ​ដែល​ធំ មាន​ភាព​បរិបូរ និង​ទូលាយ​យ៉ាង​នេះ បាន​ជា​សាវ័ក ប៉ុល បាន​បង្រៀន​ថា «សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» (១កូរិនថូស ២:៩)។

បើ​យើង​បាន​រួប​រួម​ជាមួយ​ព្រះ​គ្រីស្ទ នោះ​ព្រះ​វត្ត​មាន​របស់​ព្រះ នៅ​ជាប់​ជា​មួយ​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ចំណេះ​ដឹង​របស់​យើង​អំពី​ព្រះ និង​ភាព​ជិត​ស្និទ្ធ​ដែល​យើង​មាន​ជា​មួយ​ព្រះ​អង្គ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ស្ថានភាព​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន ប្រហែល​មិន​ដូច​ជា​អ្វី​ដែល​យើង​ចង់​បាន ហើយ​ក៏​មិន​គាប់​ព្រះ​ទ័យ​ព្រះ​អង្គ​ទាំង​ស្រុង​ដែរ។ ពេល​នោះ​មិន​ទាន់​មក​ដល់​ទេ តែ​វា​នឹង​មក​ដល់​មិន​ខាន។

តើ​អ្នក​កំពុង​រស់​នៅ ដោយ​ចិត្ត​អន្ទះសា​ចង់​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​អង្គ​ដែល​ហួស​ក្តី​ស្រមៃ​ឬ​ទេ? បើ​អ្នក​ពិត​ជា​មាន​ចិត្ត​ចង់​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ​មែន នោះ​គេ​អាច​មើល​ដឹង​ថា អ្នក​ពិត​ជា​មាន​ចិត្ត​ដូច​នេះ​មែន ដោយ​សារ​សេចក្តី​បរិសុទ្ធ​នៃ​ជីវិត​របស់​អ្នក និង​ដោយ​សារ​ភាព​ឆេះឆួល​របស់​អ្នក​ចង់​ឲ្យ​មិត្ត​ភក្តិ សាច់​ញាតិ និង​អ្នក​ជិត​ខាង​បាន​ស្គាល់​ព្រះ​គ្រីស្ទ​មិនខាន។ ដោយ​ដឹង​ថា យើង​មាន​ក្តី​សង្ឃឹម​ដ៏​ធំ​ឧត្តម​នេះ យើង​នឹង​ទទួល​ការ​សម្អាត​ជា​បរិសុទ្ធ ដូច​ដែល​ព្រះ​គ្រីស្ទ​បរិសុទ្ធ (១យ៉ូហាន ៣:៣) ហើយ​យើង​នឹង​មិន​អាច​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ទៅ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​យេស៊ូវ តាម​រយៈ​ការ​រស់​នៅ ក្នុង​បបូរ​មាត់​របស់​យើង​ឡើយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ២១:៩-២៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ២៧-២៩ និង​ហេព្រើរ ៤

ប្រភេទ