នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិន​រអ៊ូរទាំ​ដាក់​ព្រះ

មិន​រអ៊ូរទាំ​ដាក់​ព្រះ

ដោយKaren Huang

April 3, 2025

និក្ខមនំ ១៥:២២-២៧

លោក​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើមឈើ១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជាសាប​វិញ​។ និក្ខមនំ ១៥:២៥

មាន​ពេល​មួយ​អាឡិច(Alex) បាន​ទទួល​ការ​ឆ្លើយតប ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ នៅ​ពេល​ដែល​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង បាន​ចេញ​ថ្លៃ​ព្យាបាល​ធ្មេញ​របស់​គាត់ លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​។ ឥឡូវ​នេះ គាត់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ធ្មេញ​មួយ​ទៀត​។ គាត់​ក៏​បាន​ត្អូញត្អែរ​ថា តើ​ខ្ញុំ​អាច​ទៅ​រក​លុយ​បង់​ថ្លៃ​ពេទ្យ នៅ​ទីណា? ពេល​នោះ គំនិត​របស់​គាត់​មាន​ពេញ​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ចំពោះ​ការ​ចំណាយ​ដ៏​ច្រើនលើស​សមត្ថភាព​របស់​គាត់​។

ទោះជា​យ៉ាងណា​ក៏ដោយ ពេល​កំណត់​ដែល​ត្រូវ​បង់​ថ្លៃ​ពេទ្យ​ធ្មេញ​ក៏បាន​មកដល់ គាត់​ក៏បាន​ទទួល​អំណោយ​ជា​ទឹក​ប្រាក់ ពី​សាច់​ញាតិ​របស់​គាត់​។ អាឡិច​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​​ណាស់​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​ខ្ញុំ តាម​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង និង​សាច់​ញាតិ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​មិន​គួរ​ត្អូញត្អែរ​ទេ តែ​ត្រូវ​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ​វិញ”។

កាល​ពួក​អ៊ីស្រាអែល​ចូល​វាល​រហោស្ថាន​ស៊ើរ ពួកគេ​ក៏​ទើបតែ​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​សមុទ្រ​ក្រហម(និក្ខមនំ ១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​ហាក់​ដូចជា​បាន​ភ្លេច​ជំនួយ ដែល​ជា​​ការ​អស្ចារ្យ​នេះ ខណៈ​ពេល​ដែល​ពួកគេ​រអ៊ូរទាំ អំពី​ការ​ខ្វះ​ទឹកផឹក ក្នុង​វាល​រហោស្ថាន(១៥:២២-២៤)។ ពាក្យ “រអ៊ូរទាំ” ក្នុង​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ គឺ​សំដៅ​ទៅលើ​ការ​បះបោរ​ទាស់​នឹង​ព្រះ​។ ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល​ដោយ​ចិត្ត​ជូរ​ល្វីង គឺ​ផ្ទុយ​នឹង​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ(ខ.២៥)។ ក្រោយមក ព្រះអម្ចាស់​ក៏បាន​ប្រទាន​ទឹក​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ផឹក ដោយ​ព្រះគុណ​ព្រះអង្គ​(ខ.២៥-២៧)។

ក្នុង​ពេល​ដែល​យើង​មាន​តម្រូវការ យើង​អាច​ជៀស​វា​ង​ការ​រអ៊ូរទាំ ដោយ​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង តាម​គំរូ​របស់​លោក​ម៉ូសេ​។ ទោះ​ព្រះអង្គ​ប្រទាន​ជំនួយ ដោយ​ការ​អស្ចារ្យ ដោយ​ការ​ផ្គត់ផ្គង់​ជាក់​ស្តែង ដោយ​ជំនួយ​របស់​មនុស្ស ឬ​ដោយ​ការ​ប្រទាន​កម្លាំង​សម្រាប់​ស៊ូ​ទ្រាំ​ក្តី យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​ស្តាប់​ឮ​យើង ហើយ​ក៏​យក​​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​ផង​ដែរ​។—Karen Huang

កាលពី​មុន តើមាន​អ្វី​បណ្តាល​ឲ្យ​អ្នក​រអ៊ូរទាំ ក្នុង​ពេល​ខ្វះខាត? តើ​អ្នក​អាច​រំឭក​ខ្លួនឯង​ដូច​ម្តេច​ខ្លះ
ឲ្យ​ងាក​​ទៅ​រក​ព្រះអង្គ ទូល​សូម​ជំនួយ តាម​គំរូ​របស់​លោក​ម៉ូសេ?

ឱ​ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​ជា​អ្នក​ផ្គត់​ផ្គង់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មើលទៅ​ព្រះអង្គ
ដោយ​ទុកចិត្ត ហើយ​ពឹង​ផ្អែក​ព្រះអង្គ នៅ​ពេល​ដែល​ទូល​បង្គំ​ត្រូវ​ការ​ជំនួយ​។

Visit ODBU.org/OT234 to find comfort and strength in this deep dive into Moses’ struggles in the book of Exodus.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១៩-២១ និង លូកា ៧:៣១-៥០

ល្ងាច

ព្រះ​យេស៊ូវ​ឈរ​ក្នុង​ចំណោម​យើង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ព្រះ​យេស៊ូវ​ឈរ​ក្នុង​ចំណោម​យើង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 3, 2025

«នៅ​ថ្ងៃ​ដំបូង​ក្នុង​អា​ទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់​នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស មាន​ព្រះ​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ» (យ៉ូហាន ២០:‌១៩)។

កាល​ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ទី​មួយ​ឲ្យ​ពួក​សាវ័ក​ឃើញ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​គេ​កំពុង​លាក់​ខ្លួន ក្នុង​បន្ទប់​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​ពួក​អាជ្ញាធរ​នឹង​ធ្វើ បន្ទាប់​ពី​បាន​ចាប់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ឆ្កាង​ហើយ។ តែ​ទ្វា​ដែល​បាន​ចាក់​សោ​ជាប់ មិន​អាច​រា​រាំង​ព្រះ​យេស៊ូវ​បាន​ទេ! គ្មាន​អ្វី​រា​រាំង​ព្រះ​អង្គ​មិន​ឲ្យ​យាង​ចូល​ក្នុង​ជីវិត​របស់​ពួក​គេ​ជា​ថ្មី ដោយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គេ និង​ជា​ក្តី​សង្ឃឹម​ដ៏​រស់​សម្រាប់​ពួក​គេ។ ព្រះ​អង្គ​អាច​ទត​ឃើញ ស្តាប់​ឮ ប៉ះ និង​ជ្រាប​អំពី​យើង ហើយ​ព្រះ​អង្គ​អាច​ចូល​ក្នុង​ជីវិត​យើង​យ៉ាង​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​កំពុង​នៅ​ទីណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​ព្រះ​គ្រីស្ទ​អាច​ចូល​ក្នុង​ជីវិត ទុក្ខ​លំបាក ភាព​ងងឹត ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង ហើយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​បាន​ឃើញ និង​ស្គាល់ ដោយ​ប្រកាស​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ»។

ប្រហែល​ជា​អ្នក​មាន​ការ​សង្ស័យ ដូច​សាវ័ក ថូម៉ាស ដោយ​ប្រញាប់​ចោទ​សួរ អំពី​បញ្ហា​នៃ​សេចក្តី​ជំនឿ។ សំណួរ​មាន​ប្រយោជន៍​ចំពោះ​យើង​ក្នុង​កម្រិត​ខ្លះ។ លោក ថូម៉ាស បាន​ទូល​សួរ​ព្រះ​យេស៊ូវ ដោយ​ត្រង់ៗ ជា​ពិសេស​គាត់​បាន​ទូល​ព្រះ​អង្គ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ ថូម៉ាស ថា «ចូរ​លូក​ម្រាមដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ» (យ៉ូហាន ២០:២៤-២៩)។ ព្រះ​យេស៊ូវ​អាច​បំបាត់​ការ​សង្ស័យ​របស់​យើង។ ពុំ​នោះ​ទេ យើង​ប្រហែល​បដិសេធន៍​ព្រះ​អង្គ ដូច​លោក ពេត្រុស ដោយ​ប្រញាប់​បដិសេធន៍​អត្ត​សញ្ញាណ​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ប្រញាប់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​ទោស ដោយ​សារ​កំហុស​របស់​យើង។ ព្រះ​យេស៊ូវ​បាន​ទទួល​យក​លោក ពេត្រុស ដែល​បាន​ទូល​សួរ​ព្រះ​អង្គ​ជា​ច្រើនដង​រាប់​មិន​អស់ តែ​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក​នៅ​ចំពោះ​សំណួរ​របស់​ស្ត្រី​អ្នក​បម្រើ​ម្នាក់ ហើយ​ព្រះ​អង្គ​ក៏​បាន​ឲ្យ​គាត់​ធ្វើ​ជា​ថ្មដា សម្រាប់​ឲ្យ​ពួក​ជំនុំ​ព្រះ​អង្គ​សង់​ពីលើ (ម៉ាថាយ ១៦:១៨)។ ព្រះ​យេស៊ូវ​ក៏​ទទួល​យក​យើង ទោះ​យើង​មាន​ចំណុច​ខ្វះខាត​យ៉ាងណា ហើយ​កែ​ប្រែ​ជីវិត​យើង។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​​មាន​លក្ខណៈ​ដូច​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាកដាឡា ដែល​មាន​អតីត​កាល​ទាប​ថោក​បាន​ជា​យើង​មាន​អារម្មណ៍​ថា យើង​មិន​មាន​ភាព​សក្ដិសម​នឹង​ឲ្យ​ព្រះ​យេស៊ូវ​ស្រឡាញ់ និង​ទទួល​យក​យើង។ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា គ្រូ​បង្រៀន​សាលា​រៀន​ថ្ងៃ​អា​ទិត្យ​ជា​មនុស្ស​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​មុន​គេ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តែ​មនុស្ស​ដំបូង​គេ ដែល​ព្រះ​អង្គ​បាន​ជួប គឺ​ជា​ស្ត្រី​ម្នាក់​នេះ ដែល​មាន​អតីត​កាល​ដែល​ទាប​ថោក មាន​ពេញ​ដោយ​អំពើ​បាប ហើយ​ក៏​ធ្លាប់​ត្រូវ​អារក្ស​ចូល​ទៀត។ ការ​ជួប​គ្នា​បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ ព្រះ​អង្គ​ក៏​បាន​ទទួល​យក​យើង ដោយ​ការ​ប្រោស​លោះ​យ៉ាង​ដូច​នេះ​ផង​ដែរ។

ព្រះ​យេស៊ូវ​បាន​យាង​ចូល​បន្ទប់​ដែល​បាន​ចាក់​សោ​ជាប់ ដូច​នេះ ព្រះ​អង្គ​ក៏​អាច​យាង​ចូល​ក្នុង​ចិត្ត​ដែល​រឹង​ទទឹង​ផង​ដែរ។ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ ព្រះ​អង្គ​អាច​ធ្វើ​ស្ពាន​ត​ភ្ជាប់​ភាព​ខ្វះ​ចន្លោះ ដែល​បាប​បាន​កណ្ដាល​ឲ្យ​មាន​ឡើង ជា​ការ​ដាច់​ចេញ​ពី​គ្នា​រវាង​មនុស្ស​ជាតិ​ដែល​បះបោរ និង​ព្រះ​ដ៏​សុ​ចរិត។ យើង​ត្រូវ​តែ​ទទួល​សេចក្តី​សង្គ្រោះ ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ដោយ​ឥត​គិត​ថ្លៃ។ យើង​ចាំ​បាច់​ត្រូវ​កត់​ចំណាំ​សេចក្តី​ពិត​នេះ ក្នុង​ចិត្ត​យើង​ជា​រៀង​រាល់​ថ្ងៃ។

តើ​អ្នក​បាន​ទទួល​ព្រះ​យេស៊ូវ​ដោយ​គ្មាន​លក្ខ​ខណ្ឌ និង​អស់ពី​ចិត្ត​ហើយ​ឬ​នៅ? តើ​អ្នក​បាន​ឱប​ក្រសោប​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ​ទេ? តើ​អ្នក​បាន​រំឭក​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ឲ្យ​ខ្លួន​ឯង​ស្តាប់ រៀង​រាល់​ពេល​ព្រឹក​ឬ​ទេ? ការ​ជឿ​ព្រះ​អង្គ​ពិត​ប្រាកដ ចាំ​បាច់​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​អង្គ។ យើង​ត្រូវ​ចុះ​ចូល​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។ យើង​ទុក​ដាក់​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ក្នុង​ចិត្ត​យើង ហើយ​ទទួល​យក​សេចក្តី​សង្គ្រោះ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដោយ​ឥត​គិត​ថ្លៃ។ ពេល​ណា​អ្នក​មាន​ជំនឿ​ដូច​នេះ អ្នក​នឹង​បាន​ឃើញ​ព្រះ​អង្គ​ឈរ​នៅ​ក្បែរ​អ្នក ដោយ​ប្រទាន​សន្តិភាព​ដ៏​អស់​កល្ប និង​ស្និទ្ធ​ស្នាល ដែល​កែ​ប្រែ ហើយ​មាន​ជ័យ​ជម្នះ​មក​លើ​ទុក្ខសោក ភាព​ងងឹត ការ​ភ័យ​ខ្លាច ការ​សង្ស័យ​របស់​អ្នក។ ចូរ​ស្តាប់​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មាន​បន្ទូល​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ»។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ២០:២៤-២៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ៣០-៣១ និង​ហេព្រើរ ៥

ប្រភេទ