ព្រះ​អង្គ​តែង​តែ​ពរ​យើង​ជានិច្ច

អេសាយ ៤៦:៣-៩

ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ … ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំងពី​កំណើត​ឯង … រហូត​ដល់​ឯង​​ចាស់​ជរា​ផង … អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​​ឲ្យ​រួច​ផង​។ អេសាយ ៤៦:៣-៤

អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ដាណឺម៉ាក បាន​រក​ឃើញ​បាតុភូត​មួយ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ជួប​ប្រទះ ដែល​ក្នុង​នោះ យើង​គិតថា ខ្លួន​យើង​ក្មេង​ជាង​អាយុ​ពិត​របស់​យើង​។ ក្នុង​ការ​រក​ឃើញ​នេះ គេ​បាន​លើក​ឡើង​ថា ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏ដោយ យើង​រាល់​គ្នា​សុទ្ធតែ​គិតថា ខ្លួនឯង​មាន​អាយុ​ក្មេង​ជាង​អាយុ​ពិត២០ភាគរយ​។ ឧទាហរណ៍ មនុស្ស​អាយុ៥០ឆ្នាំ​ច្រើនតែ​ស្រមៃ​ថា ខ្លួនឯង​មាន​អាយុ៤០ឆ្នាំ​។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ ដែល​ក្នុង​នោះ ក្មេង​ប្រុស​អាយុ៥ឆ្នាំ​ម្នាក់​គិតថា គាត់​មាន​កម្លាំង និង​រូបរាង្គ​ដូច​ក្មេង​អាយុ៤ឆ្នាំ​។

ទោះ​យើង​មិន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​វិទ្យា​សាស្រ្ត ក៏​យើង​អាច​ដឹង​ច្បាស់​ថា យើង​រាល់​គ្នា​កំពុងតែ​មាន​វ័យ​ចាស់​ជាង​មុន​។ ហើយ​ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​បញ្ហា​នេះ ជា​ច្រើន​លើក​ច្រើន​សារ​។ ហោរា​អេសាយ​ថ្លែង​​ព្រះបន្ទូល​ទៅ​កាន់​ពួក​អ៊ីស្រាអែល​ដែល​មាន​វ័យ​ចាស់ និង​មាន​ភាព​ហត់នឿយ ហើយ “ព្រះបន្ទូល​សន្យា​មួយ​នេះ ដែល​ព្រះ​ទ្រង់​ប្រទាន​ពួក​អ៊ីស្រាអែល​ដែល​កំពុងតែ​ទន់​ខ្សោយ និង​មាន​វ័យ​ចាស់ ក៏​ជា​ព្រះបន្ទូល​សន្យា​សម្រាប់​គ្រីស្ទបរិស័ទ​គ្រប់​វ័យ”។

ហោរ​អេសាយ​បាន​រំឭក​យើង អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ ពេញ​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ទទួល​យើង​ជា​បន្ទុក​តាំងពី​​កំណើត​មក ហើយ​ក៏​បាន​បី​យើង​ចាប់​តាំងពី​ពេល​យើង​កើតមក(អេសាយ ៤៦:៣)។

ដូច​នេះ ខណៈ​ពេល​ដែល​យើង​មាន​ការ​ខ្វល់ខ្វាយ​អំពី​ការ​មាន​វ័យ​ចាស់ ចូរ​យើង​ចាំ​ថា ព្រះ​ទ្រង់​តែងតែ​គង់នៅ​ជាមួយ​យើង​ជានិច្ច​។ ព្រះអង្គ​បាន​សន្យា​ថា “អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង”(ខ.៤)។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា (ឬ​មាន​អារម្មណ៍​ថា យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​ក្មេង​ជាង​អាយុ​ពិត២០ភាគរយ​ក៏ដោយ) ចូរ​យើង​ឱប​ក្រសោប​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ដែល​បាន​ធានា​យើង​ថា ព្រះអង្គ​ដែល​បាន​បង្កើត​យើង​មក ព្រះ​អង្គ​នឹង​បី​យើង(ខ.៤)។—Kenneth Petersen

តើ​អ្នក​បាន​ជម្នះ​ការ​ព្រួយ​បារម្ភ អំពី​ការ​មាន​វ័យ​ចាស់​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​យ៉ាងណា​ខ្លះ ក្នុង​កណ្ឌ​គម្ពីរ​អេសាយ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​អារម្មណ៍​ទន់​ខ្សោយ ហើយ​អស់​កម្លាំង ក្នុង​ការ​រស់នៅ​។
សូម​ព្រះអង្គ​ប្រទាន​កម្លាំង​ដល់​ទូល​បង្គំ​។ សូម​ព្រះអង្គ​ទ្រទ្រង់ និង​ពរ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៧-៩ និង លូកា ៩:១៨-៣៦

More articles