អ្នក​នឹង​បាន​ជា​ស្អាត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)​

«ឯ​អេលីសេ លោក​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជម្រាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់៧ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ។ តែ ណាម៉ាន់ មាន​សេចក្តី​កំហឹង ហើយ​ក៏​ចេញ​ទៅ» (២ពង្សាវតាក្សត្រ ៥:១០-១១)។

សូម្បី​តែ​ការ​ចំណាយ​ពេល​បន្តិច​បន្តួច​អាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ និង​សៀវភៅ​សង្គម​វិទ្យា ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​អ​សមត្ថភាព​របស់​មនុស្ស នៅ​ក្នុង​ការ​ជួសជុល​លោកីយ៍​របស់​យើង ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​ឮ​គេ​និយាយ​ថា មនុស្ស​ធ្វើ​ការ​អាក្រក់ ដោយ​សារ​ភាព​ក្រីក្រ។ បាន​សេចក្តី​ថា បើ​យើង​បំពេញ​តម្រូវ​ការ​ខាង​សាច់​ឈាម​របស់​ពួក​គេ នោះ​យើង​នឹង​ឃើញ​ពួក​គេ​មាន​អាកប្ប​កិរិយា​ល្អ​ជាង​មុន​ហើយ​មែន​ទេ?។ សព្វ​ថ្ងៃ​នេះ ក្នុង​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក អ្នក​ជំនាញ​សង្គម​វិទ្យា​បាន​បក​ស្រាយ​ថា ភាព​លោភ​លន់ អំពើ​ពុក​រលួយ និង​ឃាតកម្ម​បាន​កើត​មាន ដោយ​សារ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក។ អ្នក​ជំនាញ និង​អ្នក​ដឹក​នាំ​ពិភព​លោក បាន​ប្រឈម​មុខ​ដាក់​កម្លាំង​ខាង​ក្រៅ​នេះ ដោយ​ការ​ហួស​ចិត្ត ដោយ​ស្វែង​រក​ចម្លើយ​នៅ​កន្លែង​ខុស។

លោក ណាម៉ាន់ មាន​បញ្ហា​សុខ​ភាព​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​គាត់​មាន​រូប​សម្បត្តិ​អាក្រក់​យ៉ាង​ខ្លាំង។ គាត់​មាន​ធនធាន ដើម្បី​ស្វែង​រក​ការ​ព្យាបាល ហើយ​គេ​សន្និដ្ឋាន​ថា គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​រិះរក​គ្រប់​វិធី ដើម្បី​ព្យាបាល​ខ្លួន​គាត់។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា គាត់​កំពុង​ស្វែង​រក​ចម្លើយ នៅ​កន្លែង​ខុស។ ឋានៈ ទ្រព្យ​សម្បត្តិ និង​ការ​មាន​ខ្សែ​បណ្ដាញ​នៅ​ក្នុង​រាជ​វាំង មិន​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ដំណោះ​ស្រាយ ដែល​គាត់​ចង់​បាន​ទេ ហើយ​នៅ​ពេល​ដែល​គាត់​ទៅ​ពឹង​ស្ដេច​អ៊‌ីស្រាអែល ដើម្បី​ជួយ​ឲ្យ​ខ្លួន​គាត់​មាន​ភាព​ធូរ​ស្រាល ស្ដេច​អ៊‌ីស្រាអែល​ក៏​បាន​ហែក​ខោអាវ​របស់​ទ្រង់​ព្រោះ​ទ្រង់​ជ្រាប​ថា ទ្រង់​មិន​អាច​ជួយ​គាត់​បាន (២ពង្សាវតាក្សត្រ ៥:៧)។

ការ​ឆ្លើយ​តប​របស់​ស្ដេច​អ៊‌ីស្រាអែល ក៏​ជា​ប្រភេទ​នៃ​ការ​ឆ្លើយ​តប ដែល​អ្នក​ដឹក​នាំ​ពិភព​លោក​ជា​ច្រើន ទំនង​ជា​មាន នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជាជន​តាម​លទ្ធ​ភាព​ខ្លួន​ឯង។ ជា​ការ​ពិត​ណាស់ នៅ​ពេល​យប់​ពួក​គេ​ដេក​មិន​លក់ ហើយ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ចង់​ហែក​ខោអាវ​ខ្លួន​ឯង ហើយ​និយាយ​ថា «តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដោយ​របៀប​ណា? តើ​យើង​អាច​នាំ​មក​នូវ​សន្តិភាព​ដោយ​របៀប​ណា? តើ​យើង​អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដោយ​របៀប​ណា?»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អ្វី​ដែល​ស្ដេច​អង្គ​នោះ​មិន​អាច​ធ្វើ​បាន ហោរា​របស់​ព្រះ​អាច​ធ្វើ​បាន។ ប៉ុន្តែ មេទ័ព​ដែល​កើត​ឃ្លង់​នោះ​មាន​ការ​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ដែល​គាត់​ត្រូវ​ទទួល​ការ​ព្យាបាល! លោក ណាម៉ាន់ កំពុង​ស្វែង​រក​វិធី​ព្យាបាល​ខ្ពង់ខ្ពស់ សក្តិ​សមនឹង​ឋានៈ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​ភាព​ឧត្តុង្គ​ឧត្តម។ គាត់​បាន​ចាត់​ទុក​ការ​ព្យាបាល​របស់​ហោរា អេលីសេ ជា​ការ​បន្ទាប​បន្ថោក និង​គួរ​ឲ្យ​អស់​សំណើច។

សព្វ​ថ្ងៃ​នេះ ជំងឺ​ឃ្លង់​ត្រូវ​គេ​លប់​បំបាត់​ក្នុង​ទ្រង់ទ្រាយ​ធំ តែ​យើង​នៅ​តែ​រស់​នៅ​ក្នុង​បាប ជា​ជំងឺ​ធំ​បំផុត​ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់។ តែ​មនុស្ស​ជា​ច្រើន មិន​ចង់​ស្តាប់​គេ​ចែក​ចាយ អំពី​ការ​ព្យាបាល​សម្រាប់​ជំងឺ​នេះ ឲ្យ​បាន​លើស​លោក ណាម៉ាន់ ទេ។ ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ទ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់ សម្រាប់​បាប​របស់​យើង និង​ជា «ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងង់​ល្ងើ​ដល់​សាសន៍​ក្រិក» (១កូរិនថូស ១:២៣)នៅ​សតវត្សរ៍​ទី១ ក៏​ដូច​ដល់​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​សព្វ​ថ្ងៃ។ សូម្បី​តែ​អ្នក​ជឿ​ព្រះ នៅ​តែ​មិន​ស៊ាំ​នឹង​ការ​ល្បួង ដែល​នាំ​ឲ្យ​គិត​ថា យើង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ព្យាបាល​ជំងឺ​នៃ​អំពើ​បាប។

យើង​ចាំ​បាច់​ត្រូវ​បើក​ភ្នែក​ជា​រៀង​រាល់​ថ្ងៃ មើល​ទៅ​ការ​ព្យាបាល​នោះ ហើយ​បន្ទាប​ខ្លួន​ចុះ ដូច​លោក ណាម៉ាន់ (២ពង្សាវតាក្សត្រ ៥:‌១៤)។ ព្រោះ​អ្នក​ដែល​អនុវត្ត​ដូច​នេះ បាន​ដឹង​ថា នៅ​សម័យ​មុន ដែល​ហោរា​បាន​ប្រាប់​លោក ណាម៉ាន់ ថា គាត់​នឹង​បាន​ជា​ពី​ជំងឺ​គាត់ ហើយ​ពួក​គេ​ក៏​អាច​អរ​សប្បាយ ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ទត​ឃើញ​ពួក​គេ ហើយ​មាន​បន្ទូល​ថា «អ្នក​បាន​ជា​ស្អាត​ហើយ» (យ៉ូហាន ១៣:១០-១១ ១៥:៣)។ ពេល​​យើង​ឆ្លុះ​កញ្ចក់ ចូរ​យើង​កុំ​គិត​ថា យើង​អាច​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា ក្នុង​អត្ត​សញ្ញាណ​របស់​យើង ឬ​ក្នុង​ការ​អ្វី​ដែល​យើង​ធ្វើ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​មើល​តាម​បង្អួច​នៃ​ជំនឿ ឃើញ​ឈើ​ឆ្កាង ហើយ​ដឹង​ថា គឺ​ព្រះ​អង្គ​ទេ ដែល​បាន​ធ្វើ​ការ​ទាំង​អស់​នោះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ពង្សាវតាក្សត្រ ៥:១-១៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ៨-១០ និង​ហេព្រើរ ៩

More articles