នាម​ខ្ពស់​លើស​អស់​ទាំង​នាម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង ដោយហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង» (ភីលីព ២:៨-៩)។

យើង​អាច​សង្ខេបបទ​គម្ពីរ​នេះ និង​សេចក្តី​ពិតជា​មូលដ្ឋាន​បំផុត​ក្នុង​ចក្រវាល​យ៉ាង​ដូច​នេះ​ថា៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអម្ចាស់។

ទេវ​វិទូ​ភាគ​ច្រើន​យល់​ស្រប​ថា ពាក្យ «នាម» ដែល​សាវ័ក ប៉ុល បាន​និយាយ​សំដៅ​ក្នុង​ខ.៩ គឺ​ជា​នាម «ព្រះ​អម្ចាស់» មិន​អាច​ជា​នាម​អ្វី​ផ្សេង​ទេ (ភីលីព ២:១១)។ ក្នុង​បទ​គម្ពីរ​នេះ ពាក្យ​ដើម​ភាសាក្រិក ដែល​ប្រែ​ថា «ព្រះ​អម្ចាស់» គឺ “kyrios” ដែល​គេ​ក៏​អាច​ប្រើ ក្នុង​ការ​បក​ប្រែ​ពី​ព្រះ​នាម​របស់​ព្រះ យ៉ាវេហ៍ ឬ​យេហូវ៉ា ជាង​៦ពាន់ដង ក្នុង​ព្រះ​គម្ពីរ​សែពទូជិន (ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បក​ប្រែ​ជា​ភាសាក្រិក) ជា​ព្រះ​នាម ដែល​សព្វ​ថ្ងៃ​នេះ ព្រះ​គម្ពីរ​ភាសា​អង់​គ្លេស​ភាគ​ច្រើន​បាន​បក​ប្រែ​មក​ថា ព្រះ​អម្ចាស់។ សាវ័ក ប៉ុល បាន​ប្រើ​ព្រះ​នាម​បរិសុទ្ធ​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​គាត់​បាន​រំឭក​យើង អំពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ព្រះ​អង្គ​កំពុង​ធ្វើ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី។

ក្នុង​ភាសា​ហេព្រើរ ពាក្យ​យ៉ាវេ​ ឬ​យេហូវ៉ា ផ្សំ​ពី​ព្យញ្ជនៈ​៤ (YHWH) បាន​ជា​ពី​ដំបូង គេ​មិន​អាច​អាន​ដាច់​ ហើយ​គោល​បំណង​របស់​ជន​ជាតិ​យូដា ក៏​មិន​ហ៊ាន​និយាយ​ចេញ​នូវ​ព្រះ​នាម​ព្រះ ពី​បបូរ​មាត់​ពួក​គេ​ដែរ។ តែ​ព្រះ​យ៉ាវេ ឬ​យេហូវ៉ា ដែល​មនុស្ស​មិន​អាច​ពិពណ៌នា​អំពី​ព្រះ​អង្គ​ឲ្យ​បាន​សព្វ​គ្រប់​បាន ព្រះ​អង្គ​បាន​យាង​ចុះ​មក​ផែនដី​ដោយ​យក​កំណើត​ជា​ព្រះ​គ្រីស្ទ ហើយ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​បុរស និង​ស្ត្រី​ជា​ច្រើន។ ព្រះ​អង្គ​បាន​យាង​ទៅ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ការ​បន្ទាប​ព្រះ​កាយ ហើយ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ទទួល​ការ​លើក​តម្កើង​ឲ្យ​នៅ​កន្លែង​ខ្ពស់​បំផុត ជា​កន្លែង​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​អង្គ ហើយ​ឲ្យ​ព្រះ​នាម​ព្រះ​អង្គ​ខ្ពស់​ជាង​អស់​ទាំង​នាម។ គ្រូ​បង្រៀន​ព្រះ​បន្ទូល​ម្នាក់​បាន​បក​ស្រាយ​ថា «ព្រះ​អង្គ​បាន​កែ​ប្រែ​ព្រះ​នាម​ដែល​មិន​អាច​ពិពណ៌នា​បាន​ឲ្យ​ក្លាយ​ជា​ព្រះ​នាម​ដែល​មនុស្ស​អាច​និយាយ​ចេញ​មក​បាន ហើយ​គួរ​ជាទី​ប្រាថ្នា​ដល់​លោកីយ៍​ទាំង​មូល»។ ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ «បាន​បង្ហាញ​ចេញ​ម​ក​ដោយ​ការ​គ្រប​ដណ្តប់​ដោយ​សេចក្តី​មេត្តា»1 ក្នុង​អង្គ​ដែល​មាន​ព្រះ​នាម​ព្រះ​អង្គ​ជា​កម្មសិទ្ធិ។

បទ​ទំនាយ​គ្រា​សញ្ញា​ចាស់ បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត។ ក្នុង​បទ​គម្ពីរ អេសាយ​ជំពូក៤៥ ព្រះ​អង្គ​បាន​ប្រទាន​ការ​ពិពណ៌នា​អំពី​អង្គ​ទ្រង់​ថា «ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ​អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ» (អេសាយ ៤៥:២១)។ កាល​ពី​មុន សាវ័ក ប៉ុល បាន​ទាស់​ប្រឆាំង​ព្រះ​គ្រីស្ទ និង​អ្នក​ដើរ​តាម​ព្រះ​អង្គ​យ៉ាង​ខ្លាំង តែ​ក្រោយ​មក គាត់​ក៏​បាន​ប្រើ​ការ​ពិពណ៌នា​នេះ​អំពី​ព្រះ​គ្រីស្ទ ដោយ​ធ្វើ​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ។ គាត់​បាន​ចង្អុល​បង្ហាញ​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​លើក​តម្កើង​ជា​សាធារណៈ ឲ្យ​មាន​តំណែង​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ តាំង​ពី​មុន​ពេល​ព្រះ​អង្គ​យាង​ចុះ​មក​ផែនដី ដើម្បី​ទទួល​យក​ការ​បន្ទាប​បន្ថោក ជំនួស​យើង។ ឥឡូវ​នេះ ព្រះ​អង្គ​កំពុង​អង្គុយ​នៅ​ខាង​ស្តាំ​ព្រះ​ហស្ត​ព្រះ​វរបិតា។ ព្រះ​ចេស្ដា​ព្រះ​អង្គ​មាន​នៅ​ទីនោះ​ស្រាប់​សម្រាប់​ឲ្យ​គេ​បាន​ឃើញ គឺ​អ្នក​ដែល​ជឿ​ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ។ អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ មិន​មាន​ភាព​ស្រពិល​ស្រពិល ឬ​គួរ​ឲ្យ​សង្ស័យ​ឡើយ។

ព្រះ​អង្គ​ជា​ព្រះ​សង្គ្រោះ​តែ​មួយ ហើយ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​នោះ គឺ​ដូច​ដែល​ទេវតា​បាន​បង្គាប់​នាង ម៉ារា ថា «អ្នក​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​បាប» (ម៉ាថាយ ១:២១)។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់​ពី​សាវ័ក ប៉ុល បាន​បើក​ភ្នែក​មើល​សេចក្តី​ពិត អំពី​ព្រះ​យេស៊ូវ​ជា​នរណា យើង​នៅ​តែ​អាច​យល់​អំពី​ការ​គោរព និង​សេចក្តី​ស្រឡាញ់ ដែល​គួរ​ស្ញប់​ស្ញែង ក្នុង​ព្រះ​បន្ទូល​ដែល​គាត់​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព។ ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់។ ព្រះ​អង្គ​មាន​ព្រះ​នាម​ខ្ពស់​លើ​អស់​ទាំង​នាម។ សាវ័ក ប៉ុល មិន​ដែល​បង្រៀន​យើង​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស ក្នុង​ការ​ស្គាល់​សេចក្តី​ពិត​នេះ​ឡើយ។ យើង​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ដែរ។ ចូរ​ឈប់​បង្អង់​សិន ដើម្បី​ឲ្យ​ព្រះ​បន្ទូល​ព្រះ​អង្គ​កណ្ដាល​ចិត្ត​យើង ឲ្យ​សរសើរ​តម្កើង​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​រាស្ត្រ​ព្រះ​អង្គ … ជា​ព្រះ​គ្រីស្ទ ជា​ក្សត្រ​ដែល​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា…ជា​ព្រះ​អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ស្គាល់ មាន​ព្រះ​នាម​មិន​អាច​ពិពណ៌នា​បាន។

ហើយ​អ្នក​អាច​ហៅ​ព្រះ​អង្គ​ថា «បង​ប្រុស» (ហេព្រើរ ២:១១)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ១:៩-២០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១៣ និង​ហេព្រើរ ១០:១៩-៣៩

1លោក Jeremy Taylor, “Considerations upon the Circumcision of the Holy Childe Jesus,” in The Great Exemplar of Sanctity and Holy Life According to the Christian Institution, Described in the History of the Life and Death of the Ever Blessed Jesus Christ, the Saviour of the World (ឆ្នាំ១៦៤៩), ទំព័រ៦១។

More articles