«មើល ស្ដេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជម្នះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡឹមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្តីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំរហូតដល់ចុងផែនដីបំផុត» (សាការី ៩:៩-១០)។
ក្បួនដង្ហែព្រះយេស៊ូវចូលទៅក្នុងទីក្រុងយេរូសាឡឹម គឺមានលក្ខណៈដែលគួរឲ្យកត់សម្គាល់ជាច្រើន។
កណ្ឌគម្ពីរដំណឹងល្អបានចែងជាញឹកញាប់ថា ព្រះយេស៊ូវ និងពួកសាវ័កបានចេញពីហ្វូងមនុស្ស តាមរបៀបដែលស្ងាត់ស្ងៀម និងអាថ៌កំបាំងបំផុត តាមដែលអាចធ្វើទៅបាន។ ព្រះយេស៊ូវអាចយាងចូលទីក្រុងដោយមនុស្សមិនមានការចាប់អារម្មណ៍។ តែផ្ទុយទៅវិញ ព្រះអង្គមានគោលបំណងយាងចូលក្នុងទីក្រុងយេរូសាឡឹម ដើម្បីប្រកាសថា ព្រះអង្គជាព្រះមេស្ស៊ី ជាក្សត្រដែលព្រះគម្ពីរបានសន្យាថា នឹងនឹងយាងមក។ ពួកបណ្តាជនមានការយល់ច្រឡំយ៉ាងខ្លាំង នៅពេលដែលពួកគេឮថា ព្រះយេស៊ូវជាស្ដេចរបស់សាសន៍យូដា។ ពួកគេក៏ធ្លាប់បង្ខំព្រះអង្គឲ្យឡើងសោយរាជ្យ តែព្រះអង្គបានគេចចេញពីពួកគេ (យ៉ូហាន ៦:១៤-១៥)។ ព្រះអង្គជ្រាបថា ពួកគេកំពុងគិតស្មានថា ស្ដេចត្រូវធ្វើកិច្ចការជាច្រើន តែព្រះអង្គមិនបានយាងមក ដើម្បីធ្វើកិច្ចការទាំងនោះទេ។ អ្នកខ្លះក៏បានគិតថា ព្រះអង្គបានចូលរួមការបះបោរផ្នែកនយោបាយ។ ហេតុនេះហើយ ព្រះអង្គក៏បានប្រាប់ពួកគេថា «នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ» (យ៉ូហាន ១៨:៣៦)។
នៅក្នុងក្បូនដង្ហែរយាងចូលដោយជ័យជម្នះ ការសរសើរតម្កើងរបស់ហ្វូងមនុស្ស មានពេញទៅដោយភាពឆេះឆួល ការរំពឹងចង់បាន និងការភាន់ច្រឡំ។ ពួកគេមិនចង់រស់នៅក្រោមនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំងទេ។ ពួកគេចង់បានការស្តាឡើងវិញសម្រាប់ប្រទេសជាតិ និងការផ្លាស់ប្ដូររបបនយោបាយ។ ពួកគេត្រូវការអ្នកដឹកនាំនយោបាយឆ្នើមម្នាក់ ហើយព្រះយេស៊ូវជាក្តីសង្ឃឹមល្អបំផុតរបស់ពួកគេ។ ពួកគេហាក់ដូចជាទុកចិត្តថា ព្រះយេស៊ូវនឹងរំដោះពួកគេឲ្យមានសេរីភាពផ្លូវកាយ។ នៅពេលដែលពួកគេស្រែកឡើងថា «ហូសាណា» ដែលមានន័យថា «សូមជួយសង្គ្រោះយើងខ្ញុំផង!» គឺពួកគេមិនមែនកំពុងតែគិតអំពីសេចក្តីសង្គ្រោះផ្ទាល់ខ្លួន និងខាងវិញ្ញាណនោះទេ តែគិតតែអំពីតម្រូវការក្នុងពេលនោះប៉ុណ្ណោះ។
ដរាបណាយើងមិនបានដាក់ដំណឹងល្អ នៅចំណុចកណ្ដាលនៃការគិតរបស់យើងទេ យើងក៏ងាយនឹងធ្លាក់ចូលទៅក្នុងកំហុសនៃភាពឆេះឆួល ដោយការភាន់ច្រឡំស្រដៀងនេះដែរ។ សូម្បីតែក្នុងពេលសព្វថ្ងៃនេះ មនុស្សជាច្រើនបន្តគិតថា ព្រះយេស៊ូវអាចធ្វើតាមការរំពឹងចង់បានរបស់យើង គឺធ្វើជាព្រះអង្គសង្គ្រោះតាមការច្នៃប្រឌិតរបស់យើង ដែលបានយាងមក ដើម្បីប្រទានការកម្សាន្តចិត្ត ភាពចម្រុងច្រើន និងសុខភាពល្អ ដើម្បីធ្វើជាព្រះពរដល់ក្រុមគ្រួសារ និងអ្នកជិតខាង ព្រមទាំងប្រទេសជាតិយើង។ តែព្រះយេស៊ូវមិនបានយាងចូលទីក្រុងយេរូសាឡឹមក្នុងនាមជាអ្នកជាតិនិយមដែលឈ្នះសង្គ្រាម ដោយជិះលើរទេះចម្បាំងនោះទេ។ តែព្រះអង្គបានយាងមកជាអ្នកអន្តរជាតិនិយមដែលនាំមកនូវសន្តិភាព ដោយគង់យ៉ាងសុភាពនៅលើខ្នងសត្វលា។ ព្រះអង្គបានយាងមក ដោយសម្រេចបទទំនាយក្នុងកណ្ឌគម្ពីរសាការីជំពូក៩ ដែលប្រកាសថា «ទ្រង់នឹងមានព្រះបន្ទូលជាសេចក្តីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង»។ នេះជាសារនៃដំណឹងល្អ ជាសារដែលល្អសម្រាប់មនុស្សម្នាក់នៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ មិនមែនមានន័យថា ក្តីស្រមៃ និងការទាមទារបស់យើង មានទំហំធំពេកសម្រាប់ព្រះអង្គនោះទេ តែពួកវាមានទំហំតូចពេក។
ព្រះយេស៊ូវនៅតែជំរុញចិត្តយើងនៅថ្ងៃនេះ ដូចមនុស្សនៅសម័យព្រះអង្គឲ្យថ្វាយបង្គំព្រះអង្គ ដោយដឹងច្បាស់ថា ព្រះអង្គជានរណា មិនមែនតាមការគិតរបស់យើងថា ព្រះអង្គគួរតែមានលក្ខណៈបែបណានោះទេ។ ចូរកុំប្រាប់ព្រះអង្គឲ្យធ្វើអ្វីៗតាមចិត្តរបស់អ្នកនោះឡើយ តែចូរចាត់ទុកខ្លួនឯង ជាមនុស្សមានឯកសិទ្ធិ ដែលបានធ្វើអ្វីៗថ្វាយព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ សាការី ៩:៩-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៤ និង ហេព្រើរ ១១:១-១៩