អ្នក​ជួយ​ពី​ក្រោយ

រ៉ូម ១៦:១-១២

ខ្ញុំ​ទុក​ដាក់​នាង​ភី​បេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា … នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង​។ រ៉ូម ១៦:១-២

មនុស្ស​ភាគ​ច្រើន​បានឮ​គេ​និយាយ​អំពី​បង​ប្អូន​ត្រកូល​រ៉ាយ ដែល​មាន​លោក​អរវីល(Orville) និង​លោក វីលប័រ(Wilbur) ដែល​បាន​ឆ្នៃ​បង្កើត និង​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ មុនគេ នៅដើម​ទសវត្សរ៍​ឆ្នាំ១៩០០​។ ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​ឈ្មោះ​អ្នក​ស្រី​ខាត់ធ័ររីន រ៉ាយ(Katherine Wright)។ តែ​នៅ​ក្នុង​រឿង​នៃ​ការ​ឆ្នៃ​បង្កើត​យន្តហោះ​របស់​បង​ប្រុស​របស់​អ្នក​ស្រី​ខាត់ធ័ររីន គាត់​មាន​ការ​រួម​ចំណែក​ដ៏​សំខាន់ នៅ​ក្នុង​ជោគជ័យ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​បង​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ផ្តោត​ទៅលើ​ការ​រចនា​ជា​លម្អិត និង​ការ​ធ្វើ​ពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​ឆ្នៃ​បង្កើត​នេះ គាត់​បាន​សម្រេច​ចិត្ត​ជួយ​ពួកគេ យ៉ាង​ស្ងៀម​ស្ងាត់ និង​ដោយ​ក្តី​ស្រឡាញ់​។ គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​​លក់​កង់​របស់​ពួកគេ ឲ្យ​មាន​ដំណើរ​ការ​ទៅមុខ​ទៀត ដោយ​ហាង​នេះ​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​។ គាត់​ក៏​បាន​បោះបង់ចោល​ការងារ​ជា​គិលានុបដ្ឋាយិកា នៅ​មន្ទីរ​ពេទ្យ ដើម្បី​មើលថែ​លោក​អូវីល ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ បន្ទាប់ពី​លោក​អូវីល​បាន​ធ្លាក់​យន្តហោះ ហើយ​ក៏​បាន​ជួយ​គ្រប់​គ្រង​កិច្ចការ​បន្ទាប់បន្សំ​ជា​ច្រើន​របស់​បង​ប្រុស​គាត់ ដែល​បាន​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ និង​ល្បី​ឈ្មោះ​។

ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង អំពី​តម្លៃ​នៃ​ការ​ជួយ​យក​អសារ​អ្នក​ដទៃ​ផង​ដែរ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ​ថា គាត់ “បាន​ជួយ​មនុស្ស​ជា​ច្រើន”(រ៉ូម ១៦:២)។ ហើយ​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា ក៏​ជា​ប្តី​ប្រពន្ធ​ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ​ក្នុង​សំបុត្រ​របស់​គាត់ ដោយ​ពួកគេ​បាន​ប្រើ​ផ្ទះ​របស់​ខ្លួន ជា​កន្លែង​ជួប​ជុំ​របស់​ពួក​ជំនុំ ដែល​សាវ័ក​ប៉ុល​បាន​ទៅ​បង្រៀន ហើយ​ថែម​ទាំង “ប្រថុយ​ជីវិត” ដើម្បី​គាត់​ទៀត​ផង(ខ.៤)។ ជាង​នេះ​ទៅទៀត សាវ័ក​ប៉ុល​ក៏បាន​សរសើរ​លោក​ម៉ាកុស ដោយ​និយាយ​ថា គាត់​មាន​ប្រយោជន៍​នៅ​ក្នុង​ការងារ​របស់​សាវ័ក​ប៉ុល​(២ធីម៉ូថេ ៤:១១)។

យើង​អាច​ធ្វើ​ជា​បង​ប្អូន​ប្រុស​ស្រី​ពិត​ប្រាកដ ក្នុង​ព្រះគ្រីស្ទ ដោយ​បម្រើ​អ្នក​ដទៃ​។ មនុស្ស​ដែល​ជួយ​យក​អាសា​អ្នកដទៃ ដូច​អ្នក​ស្រីភីបេ និង​យើង​រាល់​គ្នា សុទ្ធតែ​មាន​ភាព​ចាំបាច់​សម្រាប់​ការងារ​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ ដោយ​ព្រះអង្គ​ដឹកនាំ​យើង ឲ្យ​បម្រើ​ព្រះអង្គ ដោយ​មិន​​ស្វែង​រកតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​វិញ​(ភីលីព ២:៣-៤)។—Dave Branon

តើមាន​នរណា​ខ្លះ​ត្រូវ​ការ​ជំនួយ​របស់​អ្នក? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​បម្រើ​អ្នក​ដទៃ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៥-១៦ និង លូកា ១០:២៥-៤២

More articles