យ៉ូហាន ១៤:១៥-១៧,២៥-៣១
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។ យ៉ូហាន ១៤:២៦
កាលឆ្នាំមួយនោះ ខ្ញុំបានស្ម័គ្រចិត្តឡើងច្រៀង មុនពេលកម្មវិធីប្រកួតកីឡារបស់កូនប្រុសខ្ញុំចាប់ផ្តើម។ ខ្ញុំបានហ្វឹកហាត់អស់ជាច្រើនសប្តាហ៍ តែខ្ញុំបានចាំបទនោះ នៅក្នុងចិត្តរួចជាស្រេចហើយ។ ដូចនេះ នៅពេលដែលខ្ញុំដើរចូលទៅក្នុងទីលានប្រកួត ជាមួយក្រុមកីឡាករដែលឈរជាជួរ នៅសងខាងខ្ញុំ ខ្ញុំក៏បានបិទភ្នែកអធិស្ឋាន។ ខ្ញុំក៏បានចាប់ផ្តើមច្រៀងបានពីរឃ្លាដំបូង ហើយក៏បានគាំង ដោយសារខ្ញុំភ្លេចឃ្លាបន្ទាប់។ បុរសម្នាក់ឈរនៅពីក្រោយខ្ញុំ ក៏បាននិយាយខ្សឹបៗ នូវពាក្យដែលខ្ញុំបានភ្លេចនោះ។ នៅពេលដែលគាត់បានជួយរំឭកយ៉ាងដូចនេះ ខ្ញុំក៏បានបន្តច្រៀងបទនេះ រហូតដល់ចប់ ដោយទំនុកចិត្ត។
យើងរាល់គ្នាសុទ្ធតែត្រូវការជំនួយបន្តិចបន្តួច ពីអ្នកដទៃ នៅពេលខ្លះ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៤ ព្រះយេស៊ូវបានពន្យល់ថា យើងស្រឡាញ់ព្រះអង្គ ដោយស្តាប់បង្គាប់ព្រះអង្គ(ខ.១៥) ហើយព្រះអង្គបានសន្យាថា នឹងទូលសូមព្រះវរបិតាចាត់ព្រះដ៏ជាជំនួយ១អង្គទៀត “គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(ខ.១៧)។ ព្រះយេស៊ូវមានបន្ទូលថា “លោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ”(ខ.១៧)។ ទោះព្រះយេស៊ូវបានបង្រៀនពួកសិស្សជាច្រើនហើយក៏ដោយ ក៏កាលព្រះអង្គគង់នៅជាមួយពួកគេ(ខ.២៥) ព្រះអង្គមានបន្ទូលថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(ខ.២៦)។
ខណៈពេលដែលយើងអានព្រះគម្ពីរប៊ីប ដោយអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យកាត់ស្រាយ យល់ និងអនុវត្តតាមប្រាជ្ញារបស់ព្រះ។ ការដឹកនាំរបស់ព្រះអង្គតែងតែសមស្របនឹងព្រះគម្ពីរប៊ីប ដែលដឹកនាំ កម្សាន្តចិត្ត និងកែប្រែយើង ដោយសេចក្តីស្រឡាញ់ និងក្រើនរំឭកយើង ពីមួយពេលទៅមួយពេល។—Xochitl Dixon
តើធ្វើដូចម្តេចឲ្យអ្នកអាចស្គាល់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ កាន់តែច្បាស់?
តើអ្នកអាចដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ដូចម្តេចខ្លះ?
ឱព្រះវិញ្ញាណបរិសុទ្ធ សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់ព្រះសូរសៀងរបស់ព្រះអង្គ ហើយចុះចូលព្រះអង្គ
ខណៈពេលដែលព្រះអង្គកែប្រែទូលបង្គំកាន់តែដូចព្រះយេស៊ូវ និងក្រើនរំឭកទូលបង្គំពីមួយពេលទៅមួយពេលទៀត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៩-២១ និង លូកា ១១:២៩-៥៤