ថ្ម​នៃ​ការ​រំឭក

លូកា ១៩:៣៧-៤០

តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ​។ លូកា ១៩:៤០

បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ធ្វើ​ពិធី​រំឭក​អំពី​ឪពុក​របស់​ខ្ញុំ ដែល​ទើបតែ​បាន​លាចាក​លោក យើង​ក៏​បាន​ជ្រើសរើស​ថ្ម​ម្នាក់​មួយដុំ ដើម្បី​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​គាត់​។ ការ​រស់នៅ​របស់​គាត់ មិន​ល្អ​ឥត​ខ្ចោះ មាន​ពេល​ដែល​រីករាយ ហើយក៏​មាន​ពេល​ដែល​ជួប​ទុក្ខ​ព្រួយ​ផង​ដែរ តែ​យើង​ដឹង​ថា សេចក្តី​​ស្រឡាញ់ និង​ការ​ប្តូរ​ផ្តាច់​ដែល​គាត់​មាន​ចំពោះ​យើង​រាល់​គ្នា មិន​ដែល​រេរា​ឡើយ​។ ដូច​នេះ ខ្ញុំ​បាន​ចងចាំ​សេចក្តី​ស្រឡាញ់​របស់​គាត់​នៅ​ក្នុង​ចិត្ត​ជា​រៀង​រហូត​។

ក្នុង​បទ​គម្ពីរ លូកា ជំពូក ១៩ ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ស្វាគមន៍​ដោយ​កាន់​មែក​ចាក ស្រែក​ឡើង​ថា ហូសាណា “ស្តេច​ដែល​យាង​មក ដោយនូវ​ព្រះ‌​នាម​ព្រះ‌​អម្ចាស់ ទ្រង់​ប្រកបដោយ​ព្រះ‌​ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេមក្សាន្ត​នៅ​ស្ថាន​សួគ៌ នឹង​សិរីល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ខ.៣៨)។ ពួក​ផារិស៊ី​​មាន​ការ​ទើស​ទាល់​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​ការ​ប្រកាស​អំពី​ការ​យាង​មក​​នៃ​ព្រះ​មែស៊ី​នៅពេល​នោះ គឺជា​ការ​ប្រមាថ​ព្រះ ហេតុ​នេះ​ហើយ ពួកគេ​ក៏បាន​ប្រាប់​ព្រះយេស៊ូវ ឲ្យ​បង្គាប់​ពួក​សិស្ស​ទ្រង់​ឲ្យ​បិទ​មាត់​។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ឆ្លើយ​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ”(ខ.៤០)។

ព្រះអម្ចាស់​បាន​ប្រើ​ថ្ម​ឲ្យ​ស្រែក​ឡើង តាម​របៀប​ជា​ច្រើន​។ ក្នុង​រឿង​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង​រាល់​គ្នា ព្រះអង្គ​បាន​ប្រើ​ថ្ម​ជា​ច្រើនដង​។ ដើម្បី​ប្រាប់​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ត្រូវ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ ព្រះអង្គ​បាន​ប្រើ​បន្ទះ​ថ្ម​ពីរ​សន្លឹក ដែល​មាន​ចារ​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ពីលើ(និក្ខមនំ ៣៤:១)។ ព្រះអង្គ​ក៏​បាន​បង្គាប់​ពូជ​អំបូរ​ទាំង១២ នៃ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រើស​ថ្ម​ដាក់​គរ​លើ​គ្នា នៅ​មាត់​ស្ទឹង​យ័រដាន់ ដើម្បី​រំឭក​ប្រជាជន​អ៊ីស្រាអែល​គ្រប់​ជំនាន់ ឲ្យ​នឹក​ចាំ​អំពី​ការ​ផ្គត់ផ្គង់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ(យ៉ូស្វេ ៤:៨-៩)។ ផ្ទាំង​ថ្ម​ដែល​បាន​បិទ​ច្រក​ចូល​ផ្នូរ​ដែលគេ​បាន​បញ្ចុះ​ព្រះ​សព​របស់​ព្រះយេស៊ូវ ក៏​ជា​ថ្ម​ដែល​បា​ន​រំគិល​​ចេញ ដើម្បី​បង្ហាញថា ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ(ម៉ាថាយ ២៧:៥៩-៦៦ និង លូកា ២៤:២)។ ពោល​គឺ​យើង​អាច​នឹក​ចាំ​ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត”(យ៉ូហាន ១១:២៥)។

សូម​យើង​នឹក​ចាំ​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​បង្រៀន​យើង ក្នុង​ព្រះ​គម្ពីរ​តាម​រយៈ​ថ្ម​ទាំង​អស់​នោះ ហើយ​លើក​សម្លេង​ច្រៀង​សរសើរ​ព្រះវរបិតា​នៃ​យើង ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់​។—Elisa Morgan

តើ​ថ្ម​ដែល​ព្រះអង្គ​បាន​ប្រើ បាន​បង្រៀន​អ្នក​អ្វី​ខ្លះ? តើ​ព្រះអង្គ​សព្វ​ព្រះទ័យ​មាន​បន្ទូល​អ្វី​ខ្លះ មក​កាន់​អ្នក?

ឱ​ព្រះវរបិតា ទូលបង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ថ្ម ដើម្បី​មាន​បន្ទូល​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។

For further study, read Give Me a Sign at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១

More articles