ការ​បន្ទាប​ខ្លួន​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ ព្រះ​យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក ពីឡាត់ មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ» (យ៉ូហាន ១៩:៥)។

នៅ​ពេល​ដែល​គេ​ជំនុំ​ជម្រះ​ទោស​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ឈរ​ដោយ​មាន​ភួង​បន្លា​នៅ​លើ​ព្រះ​កេស ពាក់អាវ​វែង​របស់​អ្នក​ដទៃ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​កាន់​ដើម​បបុស តំណាង​ឲ្យ​ដំបង​រាជ​ដែល​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ជា​ការ​ចំអក​ឲ្យ​ភាព​ជា​ស្ដេច​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​លោក ពីឡាត់ ជា​អភិបាល​ជន​ជាតិ​រ៉ូម៉ាំង​ប្រកាស​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​កំពុង​ជ្រួល​ច្របល់​ថា «មើល​ចុះ មនុស្ស​នេះ​ហើយ!» ពាក្យ​ទាំង​នោះ​ជា​ពាក្យ​ដែល​គេ​ប្រើ​ក្នុង​ន័យ​ចំអក តែ​ជា​ពាក្យ​ដែល​សក្ដិសម​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភព​លោក ដែល​បាន​បន្ទាប​ព្រះ​កាយ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​ចំពោះ​លោកីយ៍។

គំរូ​របស់​ព្រះ​អង្គ​បាន​ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​ជា​ច្រើន។ ក្នុង​នាម​ព្រះ​អង្គ​ជា​ក្សត្រ​ដែល​បាន​បន្ទាប​ព្រះ​កាយ ព្រះ​អង្គ​បាន​អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មក​លើ​ភាព​ជា​ក្សត្រ​របស់​ព្រះ​អង្គ និង​ការ​វាយដំ​ដ៏​សាហាវ មុន​ពេល​គេ​ធ្វើ​គុត​ព្រះ​អង្គ តែ​ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ការពារ​អង្គ​ទ្រង់ សូម្បី​តែ​មួយ​ម៉ាត់។ ហើយ​តើ​គេ​បាន​កាត់​ទោស​ព្រះ​អង្គ​ពី​បទ​អ្វី? តើ​ពី​បទ​ប្រោស​ជំងឺ​ស្ត្រី​ដែល​ពិការ​អស់​រយៈ​ពេល​១៨ឆ្នាំ (លូកា ១៣:១០-១៣)? ឬ​ពី​បទ​ប្រោស​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ឬ (លូកា ៧:១១-១៧)? ឬ​មួយ​ពី​បទ​ប្រោស​លោក ឡាសា ឲ្យ​រស់​ឡើង​វិញ (យ៉ូហាន ១១:១-៤៤)? ពុំ​នោះ​ទេ តើ​ពី​បទ​លើក​ក្មេងៗ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​អង្គ ហើយ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ឲ្យ​យល់​ថា «នគរ​ស្ថាន​សួគ៌​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា» (ម៉ាថាយ ១៩:១៤)? តើ​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​បាន​ដាក់​ទោស​ព្រះ​អង្គ​ដោយ​ផ្អែក​ទៅ​លើ​អ្វី? ពួក​គេ​មិន​អាច​ឆ្លើយ​បាន​ទេ តែ​ពួក​គេ​នៅ​តែ​ដាក់​ទោស​ព្រះ​អង្គ។

កាល​ព្រះ​អម្ចាស់​បន្ទាប​ខ្លួន ហើយ​នៅ​ស្ងៀម ក្នុង​អំឡុង​ពេល​គេ​កាត់​ទោស​ព្រះ​អង្គ លោក ពីឡាត់ ប្រហែល​ជា​មាន​អារម្មណ៍​ថា ព្រះ​អង្គ​ខ្វះ​ការ​គោរព​ចំពោះ​គាត់។ គាត់​ចង់​ប្រើ​អំណាច​គាត់​មក​លើ​ក្សត្រ​នៃ​ចក្រវាល ហើយ​អ្វី​ដែល​ចម្លែក​នោះ ព្រះ​អង្គ​មិន​បាន​ប្រើ​អំណាច​ព្រះ​អង្គ ឬ​សង្គ្រោះ​ខ្លួន​ឯង​ទេ។ ព្រះ​អង្គ​បាន​ទទួលរង​ការ​កាត់​ទោស​ដ៏​អយុត្តិធម៌ និង​មាន​បន្ទូល​នូវ​សេចក្តី​ពិត ពេល​គេ​ចោទ​សួរ​ព្រះ​អង្គ ហើយ​ក៏​បាន​ដើរ​ទៅ​រក​សេចក្តី​ស្លាប់​ដែល​ទាំង​អស់​នេះ គឺ​សុទ្ធតែ​ដើម្បី​យើង​រាល់​គ្នា។

ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ពិត​ជា​ស្គាល់​បុរស​ម្នាក់​នេះ ដែល​បាន​ឈរ​នៅ​ចំពោះ​មុន​លោក​ពីឡាត់ និង​ហ្វូង​មនុស្ស និង​នៅ​ចំពោះ​ខ្ញុំ​ទេ? បុរស​នោះ​មិនមែន​ជា​បុគ្គល​អស់​សង្ឃឹម ដែល​មិន​អាច​ធ្វើ​អ្វី​សម្រាប់​ខ្លួន ឯង​នោះ​ទេ តែ​ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស។

តើ​ខ្ញុំ​យល់​ទេ​ថា ហេតុ​អ្វី​ព្រះ​អង្គ​បាន​យាង​តាម​ផ្លូវ​នៃ​ការ​បន្ទាប​បន្ថោក? «ឱ សេចក្តី​ស្រឡាញ់​ដែល​បាន​សម្រេច​ផែនការ​នៃ​សេចក្តី​សង្គ្រោះ»1 ជា​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្គ្រោះ​សម្រាប់​អ្នក និង​ខ្ញុំ! កាល​ពី​ជាង​២ពាន់​ឆ្នាំ​មុន មាន​ហេតុការណ៍​ដ៏​សោកសៅ នៅ​ក្រៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រ៉ូម៉ាំង​ដែល​បាន​កើត​ឡើង​ក៏​ដោយ​សារ​ព្រះ​យេស៊ូវ​បាន​កត់​ឈ្មោះ​យើង នៅ​ពី​មុខ​ព្រះ​ភក្ត្រ​ព្រះ​អង្គ គឺ​ឈ្មោះ​ដែល​បាន​កត់​នៅ​លើ​បាត​ព្រះ​ហស្ត​ព្រះ​អង្គ ដែល​ត្រូវ​ចាក់​ទម្លុះ​ដោយ​ដែក​គោល​យ៉ាង​សាហាវ​ឲ្យ​ជាប់​នៅ​លើ​ឈើ​ឆ្កាង (អេសាយ ៤៩:១៦)។

ចូរ​យើង​កុំ​មាន​ចារិក​លក្ខណៈ​ដូច​ហ្វូង​មនុស្ស​ដ៏​វឹកវរ​ទាំង​នោះ ដែល​បាន​ចំអក​ឲ្យ​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ ឬ​ដូច​លោក ពីឡាត់ ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​ស្ងើច​សរសើរ​យើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​មើល​ទៅ​ព្រះ​អង្គ​ឲ្យ​យល់​អំពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​អង្គ​ដែល​បាន​កាន់​ដើម​ត្រែង ពាក់​ភួង​បន្លា និង​ពាក់អាវ​វែង ហើយ​ជាប់​ឆ្កាង​ដល់​សុគត ហើយ​ចូរ​មើល​ទី​ព្រះ​អង្គ​ដែល​កំពុង​ហៅ​យើង​ឲ្យ​ចូល​មក​ជិត​ព្រះ​អង្គ។ ចូរ​មើល​ទៅ​ព្រះ​អង្គ ហើយ​ដឹង​ដោយ​គ្មាន​ការ​សង្ស័យ​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​អ្នក គ្មាន​ទី​បញ្ចប់​ទេ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៥២:១៣-៥៣:១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ១៩-២០ និង​ហេព្រើរ ១៣

1លោក William R. Newell, “At Calvary” (ឆ្នាំ១៨៩៥)។

More articles