ចែកចាយ​ធនធាន​ដំណឹង​ល្អ

រ៉ូម ១:៨-១៧

ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌​គ្រីស្ទ​ទេ​។ រ៉ូម ១:១៦

ទី​កន្លែង​ជួបជុំ​គ្នា និង​កន្លែង​ស្នាក់​នៅ សម្រាប់​ការ​ប្រជុំ​អ្នក​ដឹកនាំ ក្នុង​តំបន់​ប្រជុំជន នៃ​ទីក្រុង​ឈីកាហ្គោ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ពី​ភាព​ក្រីក្រ​របស់​មនុស្ស ដែល​ខ្ញុំ​បាន​ជួប នៅ​តាម​ផ្លូវ​ទៅ​កន្លែង​ប្រជុំ​នោះ គឺ​ភាព​ក្រីក្រ​របស់​បុគ្គល​ដែល​ខ្វះ​អាហារ និង​ទី​ជម្រក​។ ភាព​ខុស​គ្នា​នេះ​បាន​ជួយ​ខ្ញុំ​មើល​ឃើញ និង​ចែកចាយ​អំពី​អ្វីៗ​ដែល​យើង​ត្រូវ​ការ ដែល​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ផែនការ តាម​ចក្ខុ​វិស័យ​របស់​យើង ដើម្បី​បម្រើ​ទីក្រុង​នេះ និង​តំបន់​ផ្សេង​ទៀត ដោយ​នាំ​ធនធាន​ដំណឹង​ល្អ (គឺ​អ្វី​ក៏ដោយ​ដែល​ព្រះ​បាន​ប្រទាន ដើម្បី​ជួយ​​ផ្សព្វផ្សាយ​ព្រះ​រាជសារ​អំពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ) ទៅ​កាន់​កន្លែង ដែលគេ​ត្រូវ​ការ​ធនធាន​ដំណឹង​ល្អ​ទាំង​នេះ​ខ្លាំង​បំផុត​។

កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​មិន​ទាន់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅឡើយ​ទេ តែ​គាត់​ចង់ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ បានជា​គាត់​មាន​ប្រសាសន៍​ថា “ដោយ​ព្រោះ​ខ្ញុំ​រឭក​​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណាមួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់ខ្ជួន គឺថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅវិញ​ទៅមក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​​​សេច​ក្ដី​ជំនឿ​របស់​យើង​នីមួយ​ៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង”(រ៉ូម ១:១១-១២)។ លោក​សាវ័ក​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​អាច​ចែកចាយ “អំណោយ​ទាន” ដែល​នឹង​មាន​ប្រយោជន៍​ចំពោះ​គាត់ និង​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​ខិតខំ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ និង​បម្រើ​អ្នក​ដទៃ​។ ធនធាន​ដែល​យើង​មាន ក៏​រាប់​បញ្ចូល​អំណោយ​ទាន​ខាង​វិញ្ញាណ និង​ធនធាន​ជា​សម្ភារៈ ដែល​ព្រះ​បាន​ប្រទាន​យើង​ផង​ដែរ​។ ចូរ​យើង​បើក​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​យើង ដើម្បី​ឈោង​ចាប់​មនុស្ស​ទាំងឡាយ​ដោយ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ ដោយ​ក្តី​អាណិត​។ ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​ចម្រើន​កម្លាំង​យើង ចូរ​យើង​បើក​ចំហ​រ​ចិត្ត ដៃ និង​បបូរ​មាត់ ដើម្បី​បម្រើ​អ្នក​ដទៃ​។ ចូរ​យើង​បម្រើ ដោយ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ “ពីព្រោះ​ជា​ព្រះ‌​​ចេ​ស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​អស់​អ្នកណា​ដែល​ជឿ”(ខ.១៦)។—Arthur Jackson

តើ​អ្នក​នឹង​ចែកចាយ​ដំណឹង​ល្អ អំពី​ការ​អត់​ទោស​បាប ដែល​អ្នក​បាន​ទទួល​ដោយ​របៀបណា?
តើ​អ្នក​អាច​បំពេញ​តម្រូវការ​ខាង​សាច់ឈាម​របស់​អ្នក​ដទៃ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចែកចាយ​ដំណឹង​ល្អ អំពី​ការ​អត់​ទោស ដោយ​គ្មាន​សេចក្តី​ខ្មាស​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៥-២៦ និង លូកា ១២:៣២-៥៩

More articles