ការ​លាង​សម្អាត​ស៊ី​ជម្រៅ

ម៉ាថាយ ២៣:២៣-២៦

ឱ​ពួក​ផារិស៊ី​​កង្វាក់​អើយ ចូរ​លាងចាន​លាងថាស​ខាង​ក្នុង​ជាមុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ​។ ម៉ាថាយ ២៣:២៦

នៅ​ថ្ងៃ​ដែល​រងា​ខ្លាំង ក្នុង​ខែ​វិច្ឆិកា ពួក​ជំនុំ​របស់​ខ្ញុំ​សង្ឃឹមថា យើង​នឹង​បាន​ច្រក​អំណោយ​ចូល​ក្នុង​កាបូប​ស្ពាយ ឲ្យ​បាន២រយ​កាបូប សម្រាប់​ចែក​ជន​អនាថា​។ នៅពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ច្រក​អំណោយ ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​រក​ឃើញ​ស្រោមដៃ មួក ស្រោម​ជើង និង​ភួយ​​ថ្មីៗ​​សម្រាប់​ចែក​ពួកគេ​។ យើង​ក៏​មាន​ម្ទេស​ជា​ច្រើន​ចាន និង​នំ​​សាំងវិច សម្រាប់​ចែក​ពួកគេ​ផង​ដែរ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​អំណោយ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល គឺ​កន្សែង​ពោះគោ​សម្រាប់​ដុះ​ខ្លួន​។ ខ្ញុំ​កំពុង​ផ្តោត​ទៅ​លើ​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ភាព​កក់​ក្តៅ និង​មាន​អាហារ​គ្រប់​គ្រាន់​។ មាន​គេ​នឹក​ចាំ​ថា យើង​គួរ​តែ​ជួយ​ជន​អនាថា ឲ្យ​រស់នៅ​ស្អាត ឬ​មាន​អនាម័យ​ផង​ដែរ​។

ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង​អំពី “ភាព​ស្អាត” មួយ​ប្រភេទ​ទៀត គឺ​ភាព​ស្អាត​របស់​ចិត្ត និង​វិញ្ញាណ​។ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​អំពី​រឿង​នេះ នៅពេល​ដែល​ព្រះ​អង្គ​បក​​អាក្រាត​ពុត​ត្បុត​របស់​ពួក​គ្រូ​ក្រឹត្យ​វិន័យ និង​ពួក​ផារិ​ស៊ី​។ ពួកគេ​បាន​កាន់​តាម​ការ​តម្រូវ​តិច​តួច​បំផុត​របស់​ក្រឹត្យ​វិន័យ ប៉ុន្តែ ពួកគេ​មិន​បាន​អើពើ​​ចំពោះ​ផ្នែក​ដែល​សំខាន់​ជាង​ក្នុង​ក្រឹត្យ​វិន័យ គឺជា​ការ​ប្រព្រឹត្ត​ដោយ​យុត្តិ​ធម៌ មាន​សេចក្តី​មេត្តា និង​ស្មោះ​ត្រង់(ម៉ាថាយ ២៣:២៣)។ ព្រះគ្រីស្ទ​ក៏បាន​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទ​ទេ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជាមុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ”(ខ.២៥-២៦)។

ការ​ប្រព្រឹត្ត​ដែល​ធ្វើ​មើលតែ​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ខាង​វិញ្ញាណ គឺ​គ្រាន់តែ​ជា​សម្ដែង បើសិន​ជា​យើង​មិន​ស្វែងរក​ការ​លាង​សម្អាត នៅ​ក្នុង​ព្រះគ្រីស្ទ​ទេ​នោះ​។ គឺ​ដូច​ដែល​បទ​ចម្រៀង​ទំនុក​សកល​​មួយ​បទ​បាន​ច្រៀង​ថា តើមាន​អ្វី​អាច​លាង​បាប​ផង? “មាន​តែ​ឈាម​វិសេស​ព្រះយេស៊ូវ”។ កន្សែង​ពោះគោ​សម្រាប់​ដុះ​ខ្លួន អាច​ធ្វើ​ជា​អំណោយ សម្រាប់​សម្អាត​ខ្លួន​​បាន​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ តែ​ព្រះ​យេស៊ូវ​លាង​សម្អាត​យើង​ពី​ខាង​ក្នុង​មក ពោល​គឺ​លាង​សម្អាត​​ទាំង​បាប​ដែល​អាក្រក់​បំផុត​របស់​យើង​ផង​ដែរ​។—Patricia Raybon

តើ​អ្នក​ត្រូវ​ការ​ការ​លាង​សម្អាត​ស៊ី​ជម្រៅ​ខាង​វិញ្ញាណ នៅ​ត្រង់​ផ្នែក​ណា​ខ្លះ?
តើ​អ្នក​អាច​សូម​ព្រះគ្រីស្ទ​ឲ្យ​លាង​សម្អាត​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ទូល​សូម​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​លាង​សម្អាត​វិញ្ញាណ​របស់​ទូល​បង្គំ ពី​ខាង​ក្នុង​មក​​ក្រៅ។

Learn more here: ODB.org/personal-relationship-with-god.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១២-១៣ និង លូកា ១៦

More articles