មូល​ហេតុ​ដែល​ព្រះ​អង្គ​ជ្រើសរើស​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​សេចក្តី​ស្រឡាញ់ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សរសើរ​ដល់​ព្រះ​គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់» (អេភេសូរ ១:៤-៦)។

ក្នុង​សៀវភៅ​រឿង​ដែល​លោក វីលៀម សេកស្ពា (William Shakespeare) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ឈ្មួញ​នៅ​ទីក្រុង​វេនីស តួ​អង្គ​ឈ្មោះ ពរឈា (Portia) បាន​និយាយ​មក​កាន់​ខ្លួន​ឯង ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គោល​ការណ៍​នៃ​សេចក្តី​មេត្តា និង​ការ​អត់​ទោស យ៉ាង​ដូច​នេះ​ថា៖

ទោះ​អ្នក​អធិស្ឋាន​ទូល​អង្វរ​សូម​សេចក្តី​យុត្តិ​ធម៌​ក៏​ដោយ ក៏​ត្រូវ​គិត​ថា៖

បើ​យើង​និយាយ​អំពី​យុត្តិ​ធម៌ គ្មាន​នរណា​ម្នាក់​អាច​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​ឡើយ។

ហេតុ​នេះ​ហើយ យើង​ត្រូវ​អធិស្ឋាន​សូម​សេចក្តី​មេត្តា​របស់​ព្រះ1

ពេលណា​យើង​ពិចារណា​អំពី​គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​ដែល​ក្នុង​នោះ ព្រះ​ទ្រង់ «បាន​ជ្រើស​រើស​យើង ធ្វើ​ជា​កូន​ព្រះ​អង្គ» យើង​មិន​ត្រូវ​សួរ​ថា ហេតុ​អ្វី​ព្រះ​ទ្រង់​មិន​ជ្រើស​រើស​មនុស្ស​ទាំង​អស់​ឲ្យ​បាន​សង្គ្រោះ? តែ​ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​សួរ​ថា «ហេតុ​អ្វី​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​មនុស្ស​ណា​ម្នាក់?» តាម​ពិត បើ​ព្រះ​អង្គ​ត្រូវ​សម្រេច​សេចក្តី​យុត្តិ​ធម៌ យើង​រាល់​គ្នា​នឹង​ប្រឈម​មុខ​ដាក់​ការ​កាត់​ទោស ព្រោះ​ការ​កាត់​ទោស​ជា​ការ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ដោយ​សារ​បាប​របស់​យើង។ តែ​ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​ផ្តល់​ឱកាស​ឲ្យ​យើង​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស ហើយ​មាន​ជីវិត​អស់​កល្ប​ជានិច្ច (យ៉ូហាន ៣:១៦)។ ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង ដោយ​សារ​អ្វី​មួយ​ក្នុង​យើង​នោះ​ទេ (ដែល​នាំ​ឲ្យ​យើង​មាន​អំនួត​ចំពោះ​ខ្លួន​ឯង) តែ​ដោយ​សារ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់ (ដែល​គួរតែ​កណ្ដាល​ឲ្យ​យើង​សរសើរ​តម្កើង និង​ថ្វាយ​បង្គំ​ព្រះ​អង្គ)។

ការ​យល់​ដឹង​របស់​យើង​អំពី​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ ជា​កត្តា​ជំរុញ​ចិត្ត​យើង​ជា​គ្រីស្ទ​បរិស័ទ ឲ្យ​កាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាប​របស់​យើង ព្រោះ​គោល​បំណង​ដែល​ព្រះ​អង្គ​ជ្រើស​រើស​យើង គឺ​ដើម្បី​ឲ្យ​យើង «បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់» (អេភេសូរ ១:៤)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង​ដោយ​សារ​យើង​បរិសុទ្ធ តែ​​ដើម្បី​ឲ្យ​យើង អាច​មាន​ភាព​បរិសុទ្ធ។ បើ​ជំនឿ​ដែល​យើង​មាន​ចំពោះ​គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស កណ្ដាល​ឲ្យ​យើង​ប្រកាស​ថា យើង​មាន​សិទ្ធិ​រស់​នៅ​តាម​ចិត្ត​របស់​យើង នោះ​យើង​កំពុង​រស់​នៅ​ក្នុង​ភាព​ខុស​ឆ្គង​ដ៏​គួរ​ឲ្យ​ខ្លាច។ តាម​ពិត បុគ្គល​ដែល​បន្ត​រស់​នៅ​ក្នុង​អំពើ​បាប​ជា​ទៀង​ទាត់ តែ​ប្រកាស​ថា​ខ្លួន​ឯង​បាន​សង្គ្រោះ នោះ​គឺ​បង្ហាញ​ថា ពួក​គេ​មិន​បាន​យល់​អំពី​ព្រះ និង​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ទាល់​តែ​សោះ។

តាម​ពិត ការ​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ គឺ​ជា​ភស្តុតាង​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​ជ្រើស​រើស​យើង និង​ញែក​យើង​ចេញ​សម្រាប់​អង្គ​ទ្រង់ ហើយ​ព្រះ​អង្គ​ធ្វើ​ការ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ការ​ចម្រើន​ឡើង​ក្នុង​សេចក្តី​បរិសុទ្ធ​ខាង​ក្រម​សីលធម៌ គឺ​ជា​ការ​បង្ហាញ​ការ​ប្ដូរ​ផ្តាច់​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ការ​មាន​ចំណាប់​អារម្មណ៍ និង​ភាព​ស្ញប់​ស្ញែង​ពិត​ប្រាកដ ចំពោះ​សេចក្តី​ស្រឡាញ់​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​ជួយ​ឲ្យ​យើង​ផ្លាស់​ប្រែ​មាន​ភាព​ស្រស់​ស្អាត​កាន់​តែ​ដូច​ព្រះ​យេស៊ូវ។

តើ​យើង​រំពឹង​ថា​នឹង​បាន​ឃើញ​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​ពិត​ជា​យល់​អំពី​រឿង​នេះ? គឺ​យើង​មិន​ទំនង​ជា​រំពឹង​ថា នឹង​បាន​ឃើញ ភាព​ព្រហើន ការ​ជជែក​បែប​អាត្មា​និយម ឬ​ការពារ​ជំនឿ​គ្រីស្ទ​បរិស័ទ តាម​របៀប​ដែល​គ្មាន​ប្រយោជន៍​នោះ​ទេ។ ទេ! យើង​នឹង​ឃើញ​ការ​បន្ទាប​ខ្លួន គួប​ផ្សំ​ជាមួយ​សន្តិ​សុខ ការ​សន្ទនា​របស់​ពួក​គេ​មាន​ពេញ​ដោយ​ព្រះ​គ្រីស្ទ ជាជាង​និយាយ​អំពី​ខ្លួន​ឯង ហើយ​រស់​នៅ ដោយ​អំណរ និង​ការ​លះបង់។ នោះ​អាច និង​គួរ​តែ​ជា​អ្វី​ដែល​អ្នក​មើល​ឃើញ​ក្នុង​ខ្លួន​អ្នក ទោះ​មិន​ល្អ​ឥត​ខ្ចោះ តែ​មាន​ការ​ចម្រើន​ឡើង។ ហើយ​នោះ​ក៏​ជា​អ្វី​ដែល​ចម្រើន​ឡើង​ក្នុង​ជីវិត​អ្នក ដល់​ចំណុច​ដែល​អ្នក​អាច​និយាយ​ប្រាប់​ខ្លួន​ឯង​ដោយ​ការ​ញញឹម និង​ការ​ស្ញប់​ស្ញែង​ថា «មិន​​មែន​ខ្ញុំ​ជ្រើស​រើស​ព្រះ​អង្គ តែ​ព្រះ​អង្គ​ទេ​ដែល​ជ្រើស​រើស​ខ្ញុំ»។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ និក្ខមនំ ២០:១-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ដានីយ៉ែល ៨-១០ និង​វិវរណៈ ៨

1លោក William Shakespeare, The Merchant of Venice, ការ​សម្ដែង​ទី៤, ឆុតឆាកទី១។

More articles