អស់​សង្ឃឹម ឬ​មាន​សង្ឃឹម

ជន​គណនា ១៣:២៦-៣៣

ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល​។ ជន​គណនា ១៣:៣០

រៀង​រាល់​ឆ្នាំ នៅពេល​ដែល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់ កូន​ប្រុស​ខ្ញុំ​តែងតែ​មាន​អាឡែកស៊ី​ច្រមុះ ជាមួយ​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ផ្កា​ស្រដៀង​ផ្កា​របស់​ដើម​ផ្ទី និង​ស្លឹក​ស្រដៀង​ស្លឹក​របស់​ដើម​​ផ្កា​ស្បៃរឿង​។ ក្រុម​គ្រួសារ​យើង​ទើបតែ​បាន​ជា​សះ​ស្បើយ​ពី​បញ្ហា​សុខ​ភាព​អស់​ជា​ច្រើន​ខែ ហើយ​ខ្ញុំ​ក៏​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បានជា​ខ្ញុំ​មិន​ចង់​អធិស្ឋាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្វាមី​របស់​ខ្ញុំ​បាន​រក​​ឃើញ​ក្តី​សង្ឃឹម នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​បាន​ជួយ​ឲ្យ​យើង​អាច​ឆ្លង​កាត់ ក្នុង​ពេល​កន្លងមក​។ គាត់​បាន​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ព្រះអង្គ​។ មិន​យូរ​ប៉ុន្មាន ដោយ​ជំនួយ​ពី​ថ្នាំ​ពេទ្យ ស្ថានភាព​របស់​កូន​ប្រុស​យើង​ក៏​បាន​ធូរ​ស្រាល​ជាង​មុន​។

នៅពេល​ដែល​ពួក​អ្នក​សង្កេត​មើល​ទឹកដី​កាណាន​ជាមួយ​លោក​កាលែប និង​លោក​យ៉ូស្វេ មាន​ការ​បាក់​ទឹក​ចិត្ត លោក​កាលែប និង​លោក​យ៉ូស្វេ បាន​បង្ហាញ​ចេញ​នូវ​ក្តី​សង្ឃឹម និង​គំនិត​វិជ្ជមាន(ជន​គណនា ១៤:៦-៩)។ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះអង្គ​នឹង​ប្រទាន​ទឹកដី​នោះ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ហើយ​លោក​កាលែប​ក៏​បាន​និយាយ​ថា “ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល”(១៣:៣០)។ អ្នក​ផ្សេង​គិតថា វា​ជា​រឿង​ដែល​មិន​អាច​ទៅរួច ដោយ​លើក​ហេតុផល​ថា សាសន៍​កាណាន​ខ្លាំង​ពូកែ​ពេក ហើយ​ទីក្រុង​របស់​ពួកគេ​ក៏​មាន​កំផែង​ការពារ​រឹងមាំ(ខ.២៨,៣១-៣៣)។

នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ តែ​លោក​កាលែប​មាន​ជំនឿ​លើ​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​របស់​ព្រះអង្គ ក្នុង​ទុក្ខ​លំបាក​របស់​ពួកគេ​កាលពី​មុន​។ ទី​បំផុត រាស្រ្ត​របស់​ព្រះ​ក៏បាន​ចូល​កាន់​កាប់​ទឹកដី​កាណាន ដោយ​ជោគជ័យ ហើយ​លោក​កាលែប​ក៏បាន​ទទួល​ចំណែក​របស់​គាត់ ព្រោះ​គាត់​បាន​ទុកចិត្ត​ព្រះអង្គ “អស់ពី​ចិត្ត”(យ៉ូស្វេ ១៤:៩)។

ស្ថានភាព​ដ៏​លំបាក​ជា​ច្រើន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​សង្ឃឹម តែ​សម្រាប់​អ្នក​ដែល​ស្គាល់​ព្រះ ហើយ​ជឿ​លើ​សេចក្តី​​ស្មោះ​ត្រង់​របស់​ព្រះអង្គ ពួកគេ​តែងតែ​មាន​ហេតុផល​ដែល​ត្រូវ​មាន​សង្ឃឹម ខណៈ​ពេល​ដែល​ពួកគេ​ទុក​ចិត្ត​ថា ព្រះ​ចេស្តា និង​ព្រះគុណ​របស់​ព្រះ នឹង​ជួយ​ពួកគេ​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ​។—Jennifer Benson Schuldt

តើ​អ្នក​គិតថា ព្រះ​អង្គ​ឆ្លើយតប​ចំពោះ​ការ​អធិស្ឋាន​របស់​អ្នក​ដូច​ម្តេច​ខ្លះ នៅពេល​ដែល​អ្នក​មាន​ការ​បាក់​ទឹក​ចិត្ត មាន​អារម្មណ៍​ថា​ពិបាក​ពេក ឬ​មាន​ការ​ភ័យ​ខ្លាច? តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាងណា នៅពេល​ដែល​បាន​ដឹង​ថា ព្រះអង្គ​កាន់​ខាង​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្ហូរ​សេចក្តី​ក្លាហាន និង​ក្តី​សង្ឃឹម ចេញពី​ទំនាក់​ទំនង​ដែល​ទូល​បង្គំ​មាន​ជាមួយ​ព្រះអង្គ
ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ងាក​​ទៅ​រក​ព្រះអង្គ នៅពេល​ដែល​ជីវិត​មាន​ការ​លំបាក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៦-៧ និង លូកា ២០:២៧-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles