នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ពិតជា​ទុកចិត្ត​ព្រះ​អង្គ​មែន

ពិតជា​ទុកចិត្ត​ព្រះ​អង្គ​មែន

ដោយLeslie Koh

April 30, 2025

នុក​ដំកើង ៣២:៦-១១

អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​​មើល​ឯង​ជាប់​។ ទំនុក​ដំកើង ៣២:៨

ថ្ងៃ​មួយ សត្វ​ឆ្មា​អនាថា​មួយ​ក្បាល បាន​យំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរ​ឲ្យ​អាណិត ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​ដើរទៅ​មុខ​ទៀត​។ ខ្ញុំ​ទើបតែ​ដើរ​ហួស​អាហារ​មួយ​គំនរ ដែល​គេ​បាន​បោះចោល នៅ​លើ​ដី ដោយ​ខ្វះ​ការ​ពិចារណា​។ ខ្ញុំ​គិត​ឃើញថា ព្រះ​បាន​ប្រទាន​អាហារ​ដល់​សត្វ​ឆ្មា​ដែល​កំពុង​ឃ្លាន​ចំណី​ហើយ​។ គេ​បាន​ចោល​អាហារ​នោះ កំបាំង​ពី​ក្រោម​បង្គោល​ភ្លើង​ ដូច​នេះ ខ្ញុំ​ក៏បាន​ព្យាយាម​នាំ​សត្វ​ឆ្មា​ដ៏​ស្គម​ស្គាំង ទៅ​រក​អាហារ​នោះ​។ វា​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​ការ​ទុកចិត្ត បន្ទាប់មក វា​ក៏​បាន​ឈប់ ហើយ​បដិសេធ​​មិន​ព្រម​ដើរ​តាម​ខ្ញុំ​ទៀត​។ ខ្ញុំ​ចង់​សួរ​វា​ថា ខ្ញុំ​នាំ​ឯង​​ទៅ​រក​ចំណី​ទេ ហេតុ​អ្វី​ឯង​​មិន​ទុកចិត្ត​ខ្ញុំ?

បន្ទាប់មក ភ្លាមៗ​នោះ រឿង​នេះ​ក៏​បាន​ដាស់សតិ​របស់​ខ្ញុំ ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​សត្វ​ឆ្មា​នោះ ក្នុង​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយ​ព្រះ​ទេឬ? តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយតប ចំពោះ​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​គិតថា ព្រះ​អង្គ​អើយ ទូល​បង្គំ​ទុកចិត្ត​ព្រះអង្គ​ហើយ តែ​ទូល​បង្គំ​មិន​បាន​ទុកចិត្ត​ការ​ដឹកនាំ​របស់​ព្រះអង្គ​ទេ ដោយ​មិន​បាន​ដឹង​ថា ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ កំពុង​តែ​រង់​ចាំ​ខ្ញុំ​នៅ​ជិត​បង្កើយ​សោះ​។

​​យើង​ទុកចិត្ត​ផ្លូវ​របស់​ព្រះ​​បាន ដ្បិត​ព្រះអង្គ​ស្រឡាញ់​យើង ហើយក៏​គិត​ប្រយោជន៍​យើង​។ ព្រះអង្គ​បាន​ប្រាប់​យើង​ថា “អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​​មើល​ឯង​ជាប់”(ទំនុក​ដំកើង ៣២:៨)។ ប៉ុន្តែ ព្រះអង្គ​មិន​បាន​ចាត់​ទុក​យើង​ជា​សត្វ ដែល​ត្រូវ​ការ​ឲ្យ​គេ​គ្រប់​គ្រង​នោះ​ទេ(ខ.៩)។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដើរ​តាម​ព្រះអង្គ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​សន្យា​ថា នឹង​គង់នៅ​ក្បែរ​យើង​ជា​រៀង​រហូត​។ “តែ​អ្នកណា​ដែល​ទុកចិត្ត​នឹង​ព្រះ‌​យេហូវ៉ា នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំ​វិញ​ខ្លួន”(ខ.១០)។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​បន្ត​ដើរ​តាម​ព្រះអង្គ ដោយ​ដឹង​ថា ព្រះ​អង្គ​នឹង​យាង​ទៅជា​មួយ​យើង គ្រប់​ជំហាន​។—Leslie Koh

តើមាន​ការ​ភ័យ​ខ្លាច ឬ​ការ​ព្រួយ​បារម្ភ​អ្វី ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ទុកចិត្ត​ព្រះ​ទាំងស្រុង? តើ​ព្រះអង្គ​កំពុង​ដឹកនាំ​អ្នក ឲ្យ​ធ្វើ​អ្វី​នៅពេល​នេះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​អស់ពី​ចិត្ត ព្រោះ​ទូល​បង្គំ​ដឹង​ថា
ព្រះ​អង្គ​ស្រឡាញ់​ទូល​បង្គំ ហើយ​សព្វ​ព្រះទ័យ​ឲ្យ​ទូល​បង្គំ​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​។

For further study, read A Prayer for Wondering if God Is There at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៨-៩ និង លូកា ២១:១-១៩

ល្ងាច

ការ​ឆ្លើយ​តប ចំពោះ​ភាព​ ជោគជ័យ​របស់​អ្នក​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ឆ្លើយ​តប ចំពោះ​ភាព​ ជោគជ័យ​របស់​អ្នក​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 30, 2025

«គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង១១បាន​ក្រាប​គោរព​ដល់​ខ្ញុំ...ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់» (លោកុប្បត្តិ ៣៧:៩, ១១)។

ការ​ច្រណែន គឺ​ជា​អារម្មណ៍​មួយ​ដែល​មនុស្ស​ជាតិ​កើត​មាន​ជា​ធម្មតា។ វា​ក៏​ជា​សត្វ​សាហាវ ជា​យក្ស​ដែល​អាច​ស៊ី​បំផ្លាញ​មនុស្ស​គ្រប់​រូប​ទាំង​រស់។

តើ​អ្នក​អាច​ត​យុទ្ធ​នឹង​ការ​ច្រណែន​យ៉ាង​ដូច​ម្ដេច​ខ្លះ? ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​អ្នក ឬ​ស្ថិត​ក្នុង​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ តើ​មាន​នរណា​ខ្លះ​ដែល​កំពុង​ជួប​រឿង​ល្អ ឬ​មាន​ភាព​ជោគជ័យ ឬ​អ្នក​ចង់​មាន​ជីវិត​ដូច​ពួក​គេ? យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក ចច ឡសិន (George Lawson) បាន​សរសេរ​ថា «ចិត្ត​ច្រណែន ធ្វើ​ទារុណកម្ម និង​បំផ្លាញ​ខ្លួន​មនុស្ស​ម្នាក់ ខណៈ​ពេល​ដែល​វា​ក៏​ព្យាយាម​បំផ្លាញ​មនុស្ស​ដែល​គេ​ច្រណែន»1។ ការ​ច្រណែន​ច្រើន​តែ​បំផ្លាញ​អ្នក​ច្រណែន។

ពួក​បងៗ​របស់​លោក យ៉ូសែប មិន​ទាន់​បាន​ដឹង​ទេ​ថា ពួក​គេ​កំពុង​ដើរ​តាម​ផ្លូវ ឆ្ពោះ​ទៅ​រក​សេចក្តី​អាក្រក់​នៃ​ការ​បោក​បញ្ឆោត ការ​ព្យាបាទ និង​ការ​លក់​ប្អូន​បង្កើត​របស់​ខ្លួន​ធ្វើ​ជា​ទាសករ ជា​ទង្វើ​ដ៏​សាហាវ គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។ ពួក​គេ​បោះ​ជំហាន​ទី​មួយ​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ ដោយ​ការ​ច្រណែន​គាត់។ តែ​ពួក​គេ​មិន​បាន​ដឹង​ខ្លួន​ទេ ដូច​នេះ ពួក​គេ​ក៏​បាន​បន្ត​បោះ​ជំហាន ទៅ​រក​​ការ​អាក្រក់ នៅ​ពេល​ដែល យ៉ូសែប ចាប់​ផ្ដើម​ចែក​ចាយ​អំពី​ការ​យល់​សប្តិ​របស់​ខ្លួន។

យើង​ត្រូវ​តែ​រៀន​មើល​ឲ្យ​ដឹង​ថា យើង​កំពុង​មាន​ការ​ច្រណែន​មែន ហើយ​ត្រូវ​ជម្នះ​វា។ ដូច​នេះ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​អបអរ​ជោគ​ជ័យ​របស់​អ្នក​ដទៃ ដោយ​មិន​មាន​ចិត្ត​ជូរ​ល្វីង ឬ​ច្រណែន?

ទី​មួយ យើង​ត្រូវ​ទទួល​ស្គាល់​ថា ព្រះ​អម្ចាស់​មាន​អំណាច​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​រឿង​របស់​មនុស្ស។ ព្រះ​អង្គ​បាន​កំណត់​ឲ្យ​លោក យ៉ូសែប មាន​អ្វី​ដែល​គាត់​មាន ហើយ​មាន​លក្ខណៈ​ជា​មនុស្ស​យ៉ាង​ណា​មួយ ហើយ​ក៏​បាន​កំណត់​ឲ្យ​បង​ប្អូន​គាត់​មាន​លក្ខណៈ​ទាប​ជាង​គាត់។ បើ​ពួក​គេ​បាន​គិត​អំពី​សេចក្តី​ពិត​នេះ ទោះ​អាច​ពិបាក​គិត​ក៏​ដោយ ពួក​គេ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ ដោយ​សារ​សេចក្តី​សម្អប់ ដោយ​ការ​ច្រណែន​នោះ​ឡើយ។

ទី​ពីរ យើង​ត្រូវ​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ​ដោយ​ការ​អធិស្ឋាន។ លោក អេហ្វ ប៊ី ម៉ៃយ័រ (.F.B. Meyer) ជា​គ្រូ​អធិប្បាយ​ដ៏​ល្បី​ល្បាញ​ក្នុង​សតវត្សរ៍​ទី១៩ ធ្លាប់​បាន​ចែក​ចាយ អំពី​គ្រូ​អធិប្បាយ​ម្នាក់​ទៀត ដែល​បាន​ចូល​មក​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​តំបន់​ដែល​គាត់​កំពុង​ធ្វើ​ការ​ស្រាប់ ហើយ​ភ្លាមៗ​នោះ ពួក​ជំនុំ​របស់​គាត់​បាន​ចាប់​ផ្ដើម​ទៅ​ចូល​រួម​ជាមួយ​គ្រូ​អធិប្បាយ​នោះ។ ការ​ច្រណែន​ចាប់​ផ្ដើម​ចង​រឹត​វិញ្ញាណ​គាត់ ហើយ​មាន​តែ​ការ​អធិស្ឋាន​ឲ្យ​គ្រូ​គង្វាល​នោះ​ទេ ដែល​អាច​ជួយ​ឲ្យ​គាត់​រក​ឃើញ​សេរី​ភាព គឺ​អធិស្ឋាន​សូម​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​គ្រូ​គង្វាល​នោះ។ ការ​អធិស្ឋាន​ដក​ការ​ច្រណែន​ចេញ​ពី​ចិត្ត​យើង។ ព្រះ​ទ្រង់​ជា​អ្នក​លើក​មនុស្ស​ឡើង ហើយ​ក៏​ជា​អ្នក​ទាញ​ពួក​គេ​ទម្លាក់​មក​ក្រោម​វិញ។ បើ​ពួក​បង​ប្អូន​របស់​លោក យ៉ូសែប បាន​យល់​អំពី​សេចក្តី​ពិត​នេះ ពួក​គេ​ក៏​គ្មាន​ឱកាស​ច្រណែន​គាត់​ដែរ។ ព្រះ​អម្ចាស់​ក៏​ជា​អ្នក​ប្រទាន​ខ្យល់​ដង្ហើម​ដល់​យើង​ម្នាក់ៗ​ជា​អំណោយ។ បើ​ពួក​គេ​បាន​យល់​អំពី​ការ​ពិត​នេះ ពួក​គេ​នឹង​មាន​ចិត្ត​កាន់​តែ​ចង់​អរ​ព្រះ​គុណ​ព្រះ​អង្គ ជាជាង​ច្រណែន​គាត់។ នៅ​ថ្ងៃ​នេះ ចូរ​ពិនិត្យ​មើល​ចិត្ត​របស់​អ្នក ទទួល​ស្គាល់ ហើយ​ប្រែ​ចិត្ត​ចេញ​ពី​ការ​ច្រណែន​ដែល​កំពុង​ចាក់​ឫស ហើយ​ឱន​ក្រាប ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អរ​ព្រះ​គុណ នៅ​ចំពោះ​ព្រះ​ដែល​គ្រប់​គ្រង​អ្វីៗ​គ្រប់​យ៉ាង។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១សាំយ៉ូអែល ២:១-១០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ៧-៨ និង​វិវរណៈ ១៧

1លោក George Lawson, Lectures on the History of Joseph (Banner of Truth, ឆ្នាំ១៩៧២), ទំព័រ៥។

ប្រភេទ