នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះ ក្នុង​កន្លែង​អ៊ូអរ

ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះ ក្នុង​កន្លែង​អ៊ូអរ

ដោយBren thackett

May 1, 2025

១ពង្សាវតាក្សត្រ ១៩:៨-១៤

ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ​។ ១ពង្សាវតាក្សត្រ ១៩:១២

នៅដើម​ដំបូង​នៃ​សតវត្សរ៍ទី២០ ទីក្រុង​ញូយ៉ក​បាន​ក្លាយ​ជាទី​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​។ ទីក្រុង​នេះ​គឺ​ជា​ទី​កន្លែង​ដែល​មាន​សម្លេង​លាន់ឮ​ខ្លាំង សម្រាប់​ការ​រស់នៅ ដោយ​មាន​រថភ្លើង រថយន្ត និង​ឡាន​ក្រុង​ឆ្លង​កាត់​ទៅ​មក​យ៉ាង​មមាញឹក ក្មេង​ៗស្រែក​អំពាវនាវ​លក់​កាសែត​តាម​ផ្លូវ និង​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​សស្រាក់​សស្រាំ នៅ​លើ​ចិញ្ចើម​​ផ្លូវ​។ តែ​ថ្ងៃ​មួយ នៅ​សង្កាត់​ប្រតវេយ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៤ បុរស​ម្នាក់​ឈ្មោះ ឆាល ខេឡុក(Charles Kellogg) បាន​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា គាត់​អាច​ស្តាប់​ឮ​សម្លេង​សត្វ​ចង្រឹត​យំ​។

មិត្ត​ភក្តិ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា “វា​មិន​អាច​ទៅរួច​ទេ​។ នៅ​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​យ៉ាង​នេះ អ្នក​មិន​អាច​ស្តាប់​ឮ​សម្លេង​តូច​ល្អិត​យ៉ាង​នេះ​បានទេ”។ តែ​លោក​ខេឡុក បាន​ទទូច​ថា គាត់​ពិត​ជា​ស្តាប់​ឮ​មែន ហើយ​ទី​បំផុត​គាត់​ក៏​បាន​រក​ឃើញ​សត្វ​ចង្រិត​​មួយ​ក្បាល កំពុង​យំ​​នៅ​លើ​មាត់​បង្អួច​របស់​ហាង​លក់​នំ​ប៉័ង​។ មិត្ត​ភក្តិ​គាត់​ក៏បាន​លាន់​មាត់​ថា “ឯង​ពិតជា​មាន​សមត្ថ​ភាព​ស្តាប់​ឮ​សម្លេង​មិន​ធម្ម​តា​មែន”។ លោក​ខេឡុក​ក៏​បាន​ឆ្លើយ​តប​ថា “ទេ ខ្ញុំ​គ្មាន​សមត្ថភាព​ពិសេស​អ្វី​ទេ​។ ដែល​អាច​ស្តាប់​ឮ​ឬ​អត់ គឺ​អាស្រ័យ​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នកទេ”។

បន្ទាប់ពី លោក​អេលីយ៉ា ដែល​ជា​ហោរា​របស់​ព្រះ ទើបតែ​បាន​ឃើញ​ព្រះអង្គ​បង្ហាញ​ព្រះ​ចេស្តា ដោយ​ការ​អស្ចារ្យ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង គាត់​ក៏បាន​ប្រែ​ជា​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ក្សត្រី​មួយ​អង្គ​​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហើយក៏​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​ក្នុង​រូង​​ភ្នំ(១ពង្សាវតាក្សត្រ ១៩:១-៩)។ ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​នេះ ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​នឹង​ទំនាក់​ទំនងជា​មួយ​គាត់ ដោយ​អំណាច​ចេស្តា​នោះ​​ទេ។ ទោះ​មុន​នោះ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់ រញ្ជួយ​ផែនដី និង​ភ្លើង​​ឆាប​ឆេះ​ក៏ដោយ(ខ.១១-១២) ក៏​ពេល​នេះ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​លោក​អេលីយ៉ា ចំណាយ​ពេល​ស្ងាត់​​ស្ងៀម ដើម្បី​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ ដោយ​ផ្ទាល់​ខ្លួន​។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​មាន​បន្ទូល​ទៅ​កាន់​លោក​ហោរា ដោយ “សំឡេង​តូច​រហៀងៗ”វិញ​ម្តង​(ខ.១២)។

សព្វថ្ងៃ​នេះ នៅ​ក្នុង​ការ​រស់នៅ យើង​ប្រហែល​ជា​ឮ​សម្លេង​រំខាន​លើស​ពី​សម័យ​មុន តែ​ព្រះ​ទ្រង់​នៅតែ​មាន​បន្ទូល ដោយ​សម្លេង​តូច​រហៀងៗ តាមរយៈ​ព្រះ​គម្ពីរប៊ីប និង​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​។ ការ​ចំណាយ​ពេល​ផ្ដោត​ចិត្ត​ទៅលើ​ព្រះ ដោយ​ការ​អធិស្ឋាន នឹង​ជួយ​យើង​ឲ្យ​ស្តាប់​ឮ​ព្រះ​សូរសៀង​នៃ​ការ​កម្សាន្ត​ចិត្ត និង​ការ​ដឹកនាំ​របស់​ព្រះអង្គ​។—Brent Hackett

តើមាន​សម្លេង​រំខាន​អ្វី​ខ្លះ ដែល​អ្នក​បានឮ​ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ ក្នុង​ពិភព​ដ៏​មមាញឹក​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ទូល​បង្គំ​អាច​ឮ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ មាន​បន្ទូល​មកកាន់​​ទូល​បង្គំ យ៉ាង​ស្ងាត់​ស្ងៀម​ តាមរយៈ​ព្រះគម្ពីរ​ប៊ីប។

Visit ODBU.org/SF120 to learn how prayer helps us tune in to God’s voice and focus our thoughts on Him.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១១ និង លូកា ២១:២០-៣៨

ល្ងាច

ព្រះ​អង្គ​សង្គ្រោះ​ផ្ទំ​លក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​សង្គ្រោះ​ផ្ទំ​លក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 1, 2025

«តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី។ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ» (ម៉ាកុស ៤:៣៨-៣៩)។

សូម​យើង​ស្រមៃ​ថា បើ​យើង​ជា​ពួក​សាវ័ក​ដែល​កំពុង​ជិះ​ទូក​ក្នុង​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក តើ​យើង​មាន​អារម្មណ៍​យ៉ាងណា? ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ដូច​នេះ​ពួក​គេ​យល់​អំពី​ស្ថានភាព ដែល​ការ​លង់​ទឹក​ពិតជា​អាច​កើត​មាន ប៉ុន្តែ​គ្រូ​របស់​ពួក​គេ​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​ពួក​គេ​សោះ ដោយ​ព្រះ​អង្គ​ផ្ទំ​លក់​យ៉ាង​ស្កប់​ស្កល់។

ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​ការ​ដំណេក គឺ​បាន​បង្ហាញ​អំពី​រូបកាយ​ពិត​របស់​ព្រះ​អង្គ​ជា​មនុស្ស​ដែល​ស្គាល់​អារម្មណ៍​ហត់​នឿយ ស្រេក​ទឹក និង​ឃ្លាន​អាហារ។ ព្រះ​អង្គ​បាន​ឆ្លង​កាត់​ភាព​កម្សោយ​នៃ​រូបកាយ​ជា​មនុស្ស​ដោយ​ផ្ទាល់។ ព្រះ​អង្គ​ថែម​ទាំង​មាន​ការ​ពិបាក​ក្នុង​ការ​រក​កន្លែង​ផ្ទំ ការ​នេះ​បាន​បង្ហាញ​ថា ព្រះ​អង្គ​ក៏​ស្គាល់​ភាព​មិន​ស្រួល​ខាង​រូប​កាយ។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក​អាច​កែ​ប្រែ​ឈើ ដែល​នៅ​ពី​ក្រោម​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​គ្រែ​សម្រាប់​ផ្ទំ​យ៉ាង​មាន​ផាសុកភាព ដើម្បី​សម្រាក​ព្រះ​កាយ​ឲ្យ​បាន​ស្រួល តែ​ផ្ទុយ​ទៅវិញ ព្រះ​អម្ចាស់​នៃ​សិរី​ល្អ​បាន​ផ្តេក​ព្រះ​កេស​នៅ​លើ​ខ្នើយ​ដូច​យើង​ដែរ។

បើ​ព្រះ​យេស៊ូវ​មិន​បាន​ស្គាល់​ភាព​កម្សោយ និង​ការ​ល្បួង​របស់​មនុស្ស​ជាតិ​ទេ នោះ​ព្រះ​អង្គ​ក៏​មិន​ស័ក្ដិ​សម​នឹង​តួនាទី​ជា​សម្ដេច​សង្ឃ​ដែល​មាន​សេចក្តី​អាណិត ដែល​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ​ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ (ហេព្រើរ ៤:១៤-១៦)។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​ពិតជា​បាន​ស្គាល់​មែន។ ជាក់​ស្ដែង ព្រះ​អង្គ​ពិតជា​ស្គាល់​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​គេ​មិន​រាប់រក «ទ្រង់​បាន​យាង​មក​គង់នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន ១:១១)។ ព្រះ​អង្គ​ក៏​ស្គាល់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ពួក​ឈ្នានីស ដែល​និយាយ​បង្ខូច​ភាព​អស្ចារ្យ និង​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ (សូម​មើល លូកា ៧:៣៤)។ ព្រះ​អង្គ​បាន​តយុទ្ធ​នឹង​ការ​កុហក និង​ការ​ល្បួង​របស់​អារក្ស​អស់៤០យប់ និង៤០ថ្ងៃ (ម៉ាថាយ ៤:១-១១)។ ព្រះ​អង្គ​បាន​ប្រឈម​មុខ​ដាក់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​តានតឹង​បំផុត​នៅ​លើ​ឈើ​ឆ្កាង ខណៈ​ពេល​ដែល​ទ្រង់​ស្រែក​ថា «ឱ​ព្រះ​អង្គៗ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ?» (២៧:៤៦)។ គ្មាន​ការ​ឈឺ​ចាប់ ឬ​ការ​ប្រមាថ​ណា ដែល​ព្រះ​គ្រីស្ទ​មិន​បាន​ស្គាល់​នោះ​ទេ ហើយ​ដោយ​សារ​ព្រះ​អង្គ​បាន​ស្គាល់​ទុក្ខ​លំបាក​ទាំង​នោះ ព្រះ​អង្គ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ​ដោយ​ផ្ទាល់។

ហេតុការណ៍​តូច​មួយ​ដែល​បាន​កើត​ឡើង នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស គឺ​ជា​ការ​ក្រើន​រម្លឹក​ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត គឺ​ក្រើន​រម្លឹក​យើង​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​ព្រះទ័យ​អាណិត និង​ជា​មិត្ត​សម្លាញ់​ដែល​មិន​បោះបង់​យើង​ចោល។

ក្រៅ​ពី​ព្រះ​ដ៏​ជា​គ្រូ ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​អង្គ​ផ្ទំ​នៅ​លើ​កន្សៃ​ទូក គឺ​គ្មាន​នរណា​ដែល​ស័ក្ដិ​សម​ជាង​ព្រះ​អង្គ​ក្នុង​ការ​ជម្នះ​ទុក្ខ​លំបាក​ដែល​យើង​អាច​ជួប​ប្រទះ​នោះ​ឡើយ។ អ្នក​ក៏​អាច​ស្រែក​រក​ព្រះ​អង្គ ដូច​ពួក​សាវ័ក​ដែរ ហើយ​រក​ឃើញ​ថា ព្រះ​ដែល​ត្រូវ​ការ​ការ​សម្រាក​នៅ​លើ​ទូក​នោះ ក៏​ជា​ព្រះ​ដែល​អាច​បង្គាប់​ខ្យល់​ព្យុះ​ឲ្យ​ស្ងប់​ទៅវិញ គឺ​ព្រះ​ដែល​សោយ​រាជ្យ​នៅ​ស្ថាន​ដ៏​ខ្ពស់​មិន​ដែល​ងោក​ងុយ ឬ​ផ្ទំ និង​ព្រះ​ដែល​ទប់​ជើង​របស់​អ្នក​មិន​ឲ្យ​រអិល​ភ្លាត់​ឡើយ (ទំនុក​តម្កើង ១២១:៣-៤)។

តើ​អ្នក​មាន​បញ្ហា​អ្វី​ក្នុង​ចិត្ត ដែល​បណ្ដាល​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច? ចូរ​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​យេស៊ូវ​ពិត​ជា​ជ្រាប​ថា ជីវិត​របស់​យើង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច។ ចូរ​នាំ​យក​ការ​ភ័យ​ខ្លាច​របស់​អ្នក​ថ្វាយ​ដល់​ព្រះ​អង្គ នៅ​ពេល​ឥឡូវ​នេះ «ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅលើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​អ្នក​រាល់​គ្នា» (១ពេត្រុស ៥:៧)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ៩-១១ និង​វិវរណៈ ១៨

ប្រភេទ