នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ឆ្លើយតប ដែល​បង់​អំបិល

ការ​ឆ្លើយតប ដែល​បង់​អំបិល

ដោយElisa Morgan

May 2, 2025

១ពេត្រុស ៣:១៥-១៦

ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះ‌​គុណ​ជានិច្ច ទាំង​បង់​អំបិលផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាងណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ​។ កូល៉ុស ៤:៦

មាន​ពេល​មួយ លោក​បឺត(Bert) បាន​ដាក់​កាត​ធនាគារ​របស់​គាត់ នៅ​លើ​វិក័យប័ត្រ​នៅ​ភោជនីយដ្ឋាន ដើម្បី​គិតលុយ​ថ្លៃ​អាហារ​។ អ្នក​រត់​តុ​ក៏បាន​ចាប់​កាន់​វា​ឡើង ហើយក៏​បាន​សួរ​គាត់​ថា “តើអ្នក​ដែល​បាន​និយាយ​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត ជា​នរណា? ការ​អះអាង​ដូច​នេះ គឺ​ពិត​ជា​មាន​អំនួត​ណាស់!”។ លោក​បឺត​ក៏​បាន​ដឹង​ថា អ្នក​រត់​តុ​កំពុង​មាន​ប្រតិកម្ម​ចំពោះ​ខ​គម្ពីរ​ យ៉ូហាន ១៤:៦ ដែល​បាន​បោះពុម្ព​នៅ​លើ​កាត ដែល​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​គ្រីស្ទបរិស័ទ​របស់​គាត់ បាន​ផ្តល់​ឲ្យ​គាត់​។ លោក​បឺត​ក៏បាន​ពន្យល់​អំពី​អត្ត​សញ្ញាណ​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ក្នុង​ខ​គម្ពីរ​នោះ និង​អំពី​ការ​លះបង់​របស់​ព្រះអង្គ ដើម្បី​នាំ​យើង​ចូល​ទៅ​រក​ព្រះ​។

ពេលណា​យើង​ជួប​មនុស្ស​ដែល​មិន​មាន​ការ​យល់​ដឹង​អំពី​ជំនឿ​របស់​យើង យើង​ប្រហែល​ជា​ចង់​ឆ្លើយតប ដោយ​ការ​ចំអក ឬ​ការ​វិនិច្ឆ័យ​។ តែ​សាវ័ក​ពេត្រុស​បាន​បង្រៀន​យើង “ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:‌១៥)។ បន្ទាប់មក គាត់​ក៏បាន​ដាស់តឿន​យើង ឲ្យ​ឆ្លើយតប​ចំពោះ​គេ យ៉ាង​សុភាព និង​ដោយ​ការ​គោរព(ខ.១៥)។ ក្នុង​បទ​គម្ពីរ កូល៉ុស ៤:៦ សាវ័ក​ប៉ុល​បាន​ពន្យល់ អំពី​អំណាច​នៃ​ការ​ឆ្លើយតប​ដោយ​សុភាព យ៉ាង​ដូច​នេះ​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះគុណ​ជានិច្ច ទាំង​បង់​អំបិលផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាងណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​នីមួយ​ៗ”។ ដែល​អំបិល​ក្នុង​អាហារ​របស់​យើង ជួយ​ឲ្យ​មាន​រស់​ជាតិ​ឆ្ងាញ់​ជា​យ៉ាងណា នោះ​ការ​ឆ្លើយតប ដោយ​ពាក្យ​ស្តី​ដែល​បង់​អំបិល អាច​បណ្តាល​ចិត្ត​អ្នក​ដទៃ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​​ជំនឿ​យើង កាន់តែ​ខ្លាំង​។

យើង​ប្រហែល​ជា​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​សំណួរ​របស់​អ្នក​ដែល​មិន​បាន​ស្គាល់​ព្រះ​យេស៊ូវ​ទាល់តែសោះ​។ ពេលណា​យើង​ឆ្លើយតប ដោយ​ចិត្ត​សុភាព ប្រកបដោយ​ប្រាជ្ញា គឺ​មានន័យថា យើង​កំពុង​បង់​អំបិល​ក្នុង​ចម្លើយ​របស់​យើង ដែល​នាំ​ឲ្យ​អ្នកចោទ​សួរ​យើង មាន​ចិត្ត​ចង់​ស្វែង​យល់​បន្ថែម​ទៀត​។—Elisa Morgan

តើ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងណា នៅពេល​គេ​សួរ​អ្នក​អំពី​ព្រះ? តើ​អ្នក​អាច​ត្រៀម​ខ្លួន
ដើម្បី​ឆ្លើយតប ដោយ​បង់​អំបិល​ដូច​ម្តេច​ខ្លះ ចំពោះ​សំណួរ​របស់​ពួកគេ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ត្រៀម​ខ្លួន​ឆ្លើយតប ចំពោះ​សំណួរ​ដែល​ព្រះអង្គ​អនុញ្ញាត​ឲ្យ​គេ​សួរ​ទូល​បង្គំ
ដើម្បី​ឲ្យ​ទូល​​បង្គំ​អាច​ឆ្លើយតប ដោយ​ចិត្ត​សុភាព និង​ដោយ​សេចក្តី​ស្រឡាញ់​។

Visit ODBU.org/CA212 to help prepare you for the next time you need to give an answer for your faith in Jesus.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១២-១៣ និង លូកា ២២:១-២០

ល្ងាច

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 2, 2025

«តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយបង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយនូវ​ព្រះ​នាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា» (១កូរិនថូស ៦:៩-១១)។

អារក្ស​មិន​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ធ្វើស​កម្ម​ភាព​ជា​ច្រើន​របស់​គ្រីស្ទ​បរិស័ទ​ទេ តែ​វា​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ដែល​ចែង​អំពី​លក្ខណៈ​សម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ និង​សេចក្តី​ពិត​ដាច់ខាត​អំពី​ក្រម​សីលធម៌​នៃ​នគរ​ព្រះ​អង្គ។ សាវ័ក ប៉ុល បាន​យល់​អំពី​បញ្ហា​នេះ បាន​ជា​គាត់​ដាស​តឿន​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូរិនថូស កុំ​ឲ្យ​ដើរ​វង្វេង​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ទង្វើ​អសីលធម៌។ គាត់​មាន​ប្រសាសន៍​ថា «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី?»។

សាវ័ក ប៉ុល ក៏​បាន​ពិពណ៌នា​អំពី​ផ្នែក​ខ្លះ​នៃ​អំពើ​ទុច្ចរិត​ដែល​សង្គម​បាន​ចាត់​ទុកជា​អំពើ​ត្រឹម​ត្រូវ ក្នុង​វប្បធម៌​របស់​ទីក្រុង​កូរិនថូស។ ទីក្រុង​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក ជាទី​ប្រជុំ​របស់​ជាតិ​សាសន៍ សាសនា និង​ភាសា​ចម្រុះ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​វប្បធម៌​របស់​ទីក្រុង​នោះ​មិន​មាន​ឫស​គល់​ច្បាស់​លាស់ ហើយ​ក៏​មិន​មាន​ការ​លាយឡំ​គ្នា​ដែរ។ តាម​ពិត ទឹកដី​នោះ​មាន​ភាព​អសីលធម៌​យ៉ាង​ខ្លាំង​បាន​ជា​ពាក្យ «កូរិនថូស» បាន​ប្រែ​ជា​មានន័យ​ថា «អ​សីលធម៌» (ដូច​នេះ តើ​សាវ័ក ប៉ុល ត្រូវ​ធ្វើ​ដូច​ម្ដេច? គាត់​ក៏បាន​ចូល​ទៅ​ក្នុង​ទីក្រុង​នោះ ដោយ​មាន​យុទ្ធសាស្ត្រ។ គាត់​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ឲ្យ «ផ្សាយ​ព្រះ​បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​ពិត» (កិច្ចការ ១៨:៥)។ គោលបំណង​របស់​គាត់​មិន​មែន ដើម្បី​ដាក់​ច្បាប់​មក​លើ​ពួក​គេ​ទេ ប៉ុន្តែ​ដើម្បី​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ។ គ្មាន​ការ​អនុវត្ត​ច្បាប់​ណា​មួយ ដែល​អាច​ប្រោស​លោះ​វប្បធម៌​ឲ្យ​រស់​ឡើង​វិញ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ព្រះ​រាជសារ​មួយ​ដែល​ព្រះអម្ចាស់​បាន​ផ្ញើ​មក ដើម្បី​ប្រោស​លោះ​មនុស្ស​ប្រុស​ស្រី​ប៉ុណ្ណោះ គឺ​ព្រះ​រាជសារ​ដែល​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ដែល​បាន​ជាប់​ឆ្កាង (១កូរិនថូស ២:២)។ ដំណឹង​ល្អ គឺជា​ដំណោះ​ស្រាយ​របស់​ព្រះ​សម្រាប់​លោកីយ៍។ ព្រះ​អង្គ​ប្រើ​ព្រះ​បន្ទូល​ដែល​មាន​ព្រះ​ចេស្ដា និង​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​ដល់​ឫស​គល់។

សាវ័ក ប៉ុល មិន​បាន​ប្រើ​វោហារ​សព្ទ​ដែល​ពីរោះ​ស្តាប់ ដើម្បី​ឲ្យ​គេ​ជឿ​ព្រះ​នោះ​ទេ។ គាត់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មាន​ព្រះ​រាជសារ​តែមួយ​ទេ។ គាត់​ដឹង​ថា មាន​តែ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ ដែល​អាច​ជួយ​មនុស្ស​ប្រុស​ស្រី​ឲ្យ​មាន​សេរី​ភាព​ពី​ចំណង​របស់​បាប ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​ក្នុង​ជីវិត​ថ្មី (រ៉ូម ៦:៤)។

ការ​បន្ត​រស់​នៅ​ខុស​សីលធម៌ គឺ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់ និង​មិន​ចាំបាច់។ ដំណឹង​ល្អ​នៅ​តែ​ប្រកាស​ឮៗ និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ពេល​សព្វថ្ងៃ ដូច​កាល​សាវ័ក ប៉ុល ប្រកាស​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​កូរិនថូស ហើយក៏​បាន​កាត់​ផ្តាច់​ការ​បោក​បញ្ឆោត​នៃ​ការ​បង្រៀន​របស់​លោកីយ៍ និង​ការ​ចូល​ចិត្ត​គិតថា ក្រឹត្យ​វិន័យ​តែ​ម្យ៉ាង​អាច​កែ​ប្រែ​ចិត្ត និង​បង្កើត​ឲ្យ​មាន​ជំនឿ។ ជីវិត​របស់​យើង ទីក្រុង និង​ប្រទេស​ជាតិ​យើង មាន​តម្រូវ​ការ​ដ៏​ធំ​មួយ គឺ​តម្រូវ​ការ​ឲ្យ​មនុស្ស​មាន​បាប​ទទួល​សេចក្តី​សង្គ្រោះ។ ចូរ​កុំ​ចាញ់​ការ​បោក​បញ្ឆោត​ឲ្យ​គិត​ថា បញ្ហា​របស់​បាប​មិន​សំខាន់ ហើយ​សង្គម​អ្នក​ត្រូវ​ការ​អ្វី​ផ្សេង ក្រៅពី​ដំណឹង​ល្អ​អំពី​នគរ​ព្រះ​នោះ​ឡើយ។ យើង​ត្រូវតែ​ប្រ​កា​ស​ព្រះ​រាជសារ​នៃ​ព្រះ​មេស្ស៊ី​ដែល​បាន​ជាប់​ឆ្កាង​ថា៖

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​ទទួល​ការ​អត់​ទោស

ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត

ដើម្បី​ឲ្យ​យើង​ចូល​នគរ​ស្ថាន​សួគ៌

និង​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​លោហិត​ដែល​មាន​តម្លៃ​បំផុត។1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៨:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ១២-១៤ និង​វិវរណៈ ១៩

1លោក​ស្រី Cecil Frances Alexander, “There Is a Green Hill Far Away” (ឆ្នាំ១៨៤៨)។

ប្រភេទ