នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ

ដោយMarvin Williams

May 3, 2025

ភីលីព ១:១២-១៨

បង​ប្អូន​​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ​។ ភីលីព ១:១២

កាលពី​ឆ្នាំ ២០១៨ លោក​គ្រូ​គង្វាល តាន ភ្លីពពីន(Tan Flippin) បាន​ជួប​គ្រោះ​ថ្នាក់ នៅ​ពេល​ជិះ​កង់ ដែល​បាន​បណ្តាល​ឲ្យ​គាត់​ចូល​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​ឆ្អឹង​ត្រកៀក​ដែល​បាន​បាក់​។ នៅពេល​ដែល​ក្រុម​វេជ្ជ​បណ្ឌិត បាន​ឲ្យ​គាត់​ទៅ​ធ្វើ CT ស្គែន ដើម្បី​ពិនិត្យ​មើល​ក្បាល​របស់​គាត់ ដែល​អាច​មាន​ការ​ប៉ះ​ទង្គិច ក្នុង​គ្រោះ​ថ្នាក់​នោះ គេ​ក៏​បាន​រក​ឃើញថា គាត់​មាន​ដុំ​​សាច់​កាច នៅ​ក្នុង​ផ្នែក​ខាង​មុខ​នៃ​ខួរ​ក្បាល​របស់​គាត់​។ ការ​រក​ឃើញ​នេះ ក៏បាន​នាំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​នៃ​ការ​ព្យាបាល​រយៈ​ពេល​យូរ ដោយ​គេ​បាន​រក​ឃើញ​ដុំ​សាច់​ផ្សេង​ទៀត ហើយ​ការ​ព្យាបាល​យ៉ាង​ដិត​ដល់​ក៏​មាន​ដំណើរ​ការ ដោយ​មាន​ការ​ចាក់​បញ្ចូល​ខួរ​ឆ្អឹង​ខ្នង​ផង​ដែរ​។ លោក​ភ្លីពីន​ក៏​បាន​ជឿ​ថា “ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រោះ​ថ្នាក់​កើត​មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​អាច​រក​ឃើញ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ”។

សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា ព្រះ​ទ្រង់​អាច​ប្រើ​គ្រោះ​ថ្នាក់ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។ កាល​នោះ ពួក​ទាហាន​រ៉ូម៉ាំង​បាន​ឃុំ​ខ្លួន​សាវ័ក​ប៉ុល នៅ​ក្នុង​ផ្ទះ ដើម្បី​រង់​ចាំ​ការ​កាត់​ទោស នៅ​ចំពោះ​មុខ​ស្តេច​នេរ៉ូ​។ សាវ័ក​ប៉ុល​មិន​បាន​កើត​ទុក្ខ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​អរ​សប្បាយ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​អរ​សប្បាយ​បាន? គឺ​ដោយសារ​គាត់​បាន​ចាត់​ទុក​ការ “ជាប់​ច្រវាក់ ដោយសារ​ព្រះគ្រីស្ទ”(ភីលីព ១:១៣) ជា​ឯកសិទ្ធិ​ពិសេស(ខ.២៩)។ បន្ទាប់មក គាត់​បាន​មើលទៅ​ទុក្ខ​លំបាក​របស់​គាត់ តាម​ទស្សនៈ​របស់​ព្រះអម្ចាស់ បានជា​គាត់​ក៏​មាន​ប្រសាសន៍​ថា “ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ”(ខ.១២)។ គាត់​បាន​ប្រើ​ការ​ជាប់ឃុំ​ខ្លួន​របស់​គាត់ ធ្វើ​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នកយាមគុក​។ ទី​បំផុត ខណៈ​ពេល​ដែល​គាត់​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ ក្នុង​ពេល​ដែល​គាត់​កំពុង​ជាប់​ច្រវាក់ គំរូ​របស់​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​អ្នកជឿ​ដទៃ​ទៀត ឲ្យ “ផ្សាយ​ដំណឹង​ល្អ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច”ផង​ដែរ(ខ.១៤)។

ពេលណា​ទុក្ខ​លំបាក​កើត​មាន ចូរ​យើង​ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ ហើយ​ជឿ​ថា ព្រះអង្គ​អាច​នាំ​ឲ្យ​ការ​ល្អ​កើត ចេញពី​ទុក្ខ​លំបាក​របស់​យើង​។—Marvin Williams

តើ​អ្នក​បាន​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​ស្ថានភាព​ដ៏​លំបាក ក្នុង​ពេល​ថ្មីៗ​នេះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ឱប​ក្រសោប
ផែនការ​របស់​ព្រះ ហើយ​ជឿ​ថា ព្រះអង្គ​ប្រើ​ការ​លំបាក​នោះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ប្រើ​ពេល​ដ៏​លំបាក​របស់​ទូល​បង្គំ ដើម្បី​សម្រេច​បំណង​ព្រះទ័យ​ព្រះអង្គ ក្នុង​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៤-១៥ និង លូកា ២២:២១-៤៦

ល្ងាច

ឈរ​ជាប់​នៅ​លើ​ទី​មាំមួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ឈរ​ជាប់​នៅ​លើ​ទី​មាំមួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 3, 2025

«សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ក្រែង​ទូល​បង្គំ​ដេក​លក់​ទៅ​ក្នុង​សេចក្តី​ស្លាប់ ក្រែង​ខ្មាំង​សត្រូវ​របស់​ទូល​បង្គំ​ថា អញ​បាន​ឈ្នះ​វា​ហើយ ហើយ​អ្នក​ដែល​តតាំង​នឹង​ទូល​បង្គំ​មាន​សេចក្តី​អំណរ ដោយ​ទូល​បង្គំ​ត្រូវ​រឥល​ចេញ ប៉ុន្តែ​ទូល​បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូល​បង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ» (ទំនុក​តម្កើង ១៣:៣-៥)។

ពេល​ណា​អ្នក​ទៅ​បោះតង់ កិច្ចការ​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ គឺ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ដំ​ស្នឹង​របស់​តង់​ឲ្យ​ជាប់​នឹង​ដី​រឹង។ ពេល​ដែល​អ្នក​បាន​អនុវត្ត​ជា​ជំហានៗ​យ៉ាង​ដូច​នេះ​ហើយ អ្នក​អាច​ទៅ​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ដោយ​ចិត្ត​ស្ងប់ ដោយ​ដឹង​ថា ជម្រក​របស់​អ្នក​ធន់​នឹង​ខ្យល់​ព្យុះ ដូច​នេះ​ពេល​អ្នក​វិល​ត្រឡប់​មក​កន្លែង​បោះតង់​វិញ អ្នក​នឹង​មិន​ឃើញ​តង់​អ្នក​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅ​បាត់​ទេ។

ក្នុង​ខ​គម្ពីរ​នេះ​ស្ដេច ដាវីឌ កំពុង​ឆ្លើយតប​ចំពោះ​អារម្មណ៍​ដែល​ត្រូវ​គេ​ភ្លេច​ទ្រង់ និង​ការ​ខក​ចិត្ត​ក្នុង​ជីវិត ហើយ​ត្រូវ​អ្នក​ដទៃ​ប្រឆាំង​ដោយ​អយុត្តិធម៌។ ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ពិពណ៌នា​ដោយ​ប្រើ​គំនិត​ទ្រង់​ពិចារណា​អំពី​ស្ថានភាព​នោះ ហើយ​ទ្រង់​រម្លឹក​អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​ដឹង ខណៈ​ពេល​ដែល​ទ្រង់​ប្រកាស​ថា ទ្រង់​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អម្ចាស់។

ការ​ទុក​ចិត្ត​នេះ​គឺ​ផ្អែក​ទៅលើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ទោះ​អារម្មណ៍​របស់​ស្ដេច ដាវីឌ ពិតជា​មាន​ការ​ពិបាក ទ្រង់​បាន​សម្រេច​ព្រះទ័យ​ថ្វាយ​អារម្មណ៍​ទ្រង់​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចរិត​លក្ខណៈ និង​គោល​បំណង​របស់​ព្រះ។ បាន​សេចក្តី​ថា ទ្រង់​ដំ​ស្នឹង​នៃ​សេចក្តី​សង្ឃឹម ឲ្យ​តង់​នៃ​ចិត្ត​របស់​ទ្រង់ ជាប់​នៅ​ក្នុង​ដីរឹង​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអម្ចាស់។

ទាល់តែ​ទ្រង់​បាន​អនុវត្ត​ដូច​នេះ ទើប​ទ្រង់​អាច​អរ​សប្បាយ​ជា​ថ្មី។

ខ្យល់​ព្យុះ​នៃ​ជីវិត​នឹង​លែង​មាន​ទៀត ក្នុង​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី។ ប៉ុន្តែ ទំរាំ​ពេល​នោះ​មកដល់ យើង​នឹង​ឆ្លង​កាត់​ការ​បក់​បោក កន្ត្រាក់ និង​ភាព​ជន់ជោរ។ យើង​នឹង​អត់​ទ្រាំ​ដោយ​អំណរ​រហូត​ដល់​ចំណុច​មួយ​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​វរបិតា​របស់​យើង​មាន​ប្រាជ្ញា។ ពេល​ណា​ព្រះ​អង្គ​មិន​បាន​ប្រទាន​អ្វី​មួយ​មក​យើង គឺ​ដោយ​សារ​ព្រះ​អង្គ​ជ្រាប​ថា សម្រាប់​ការ​មិន​មាន​វា គឺ​ល្អ​ជាង​ការ​មាន​វា។ ពេល​ណា​ព្រះ​អង្គ​ប្រទាន​យើង​នូវ​អ្វី​ដែល​ពិបាក​ទទួល​យក គឺ​ដោយ​សារ​ព្រះ​អង្គ​កំពុង​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​គុណ​ព្រះ​អង្គ​ក្នុង​កាលៈទេសៈ​នោះ។ ពេល​ណា​ព្រះ​អង្គ​ដឹកនាំ​យើង​កាត់​ព្យុះ​ភ្លៀង​នោះ គឺ​ដោយ​សារ​ព្រះ​អង្គ​ជ្រាប​ថា វា​នឹង​បណ្ដាល​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់តែ​ខ្លាំង ហើយ​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង​ឲ្យ​កាន់តែ​ដូច​ព្រះ​អង្គ (យ៉ាកុប ១:២-៤)។

ពេល​ណា​យើង​មើលទៅ​សំណល់​បាក់​បែក​នៃ​បទ​ពិសោធន៍​ដែល​ពិបាក​បំផុត​របស់​យើង វា​ច្រើនតែ​មាន​អារម្មណ៍​ថា ការ​ដួល​រលំ​ហាក់​ដូចជា​អាច​កើត​មាន​ភ្លាមៗ។ ប៉ុន្តែ ក្នុង​ពេល​នោះ​យើង​អាច​នឹក​ចាំ​ថា ព្រះអម្ចាស់​ប្រទាន «ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ​ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់» (អេសាយ ៦១:៣)។

ទុក្ខ​លំបាក​នីមួយៗ​ដែល​យើង​ជួប​ប្រទះ គឺជា​ឱកាស​ដើម្បី​រម្លឹក​ខ្លួន​យើង​ថា សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អង្គ​រក្សា​វិញ្ញាណ​យើង​ឲ្យ​ជាប់​នៅ និង​ផ្តល់​ឲ្យ​យើង​នូវ​ហេតុផល ដើម្បី​អរ​សប្បាយ​ក្នុង​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អង្គ​ដូច​ស្ដេច ដាវីឌ ផង​ដែរ។

នៅ​ថ្ងៃ​នេះ សូម​យើង​អធិស្ឋាន​ថា «ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បោះ​ស្នឹង​តង់​នៃ​ជីវិត ឲ្យ​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​អរ​សប្បាយ​ក្នុង​ជីវិត និង​សេចក្តី​ស្លាប់​ក្នុង​ក្តី​អំណរ និង​សេចក្តី​ទុក្ខ ក្នុង​ជំងឺ និង​សុខ​ភាព​ល្អ។»

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ១២:៣-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ១៥-១៦ និង​វិវរណៈ ២០

ប្រភេទ