សក្តិ​សម​នឹង​ទទួល​ការ​លើក​តម្កើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​ហេតុ​នោះ​បានជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ភីលីព ២:៩)។

បទ​គម្ពីរ​ភីលីព ២:៥-៨ ជា​ការ​បក​ស្រាយ​ដ៏​មាន​ន័យ អំពី​ភាព​ជា​មនុស្ស ភាព​ជា​ព្រះ ព្រះ​រាជ​កិច្ច និង​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​យើង​បាន​គិត ចាប់​តាំង​ពី​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មក​យក​កំណើត​ជា​មនុស្ស រហូត​ដល់​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង តើ​អ្នក​នឹង​គិត​អំពី​អ្វី​ជា​បន្ត​ទៀត? តាម​ធម្មតា យើង​គិត​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

ប៉ុន្តែ សាវ័ក ប៉ុល បាន​គិត​អំពី​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​មាន​ទំនាក់​ទំនង​ដ៏​សម​ហេតុផល​ជា​មួយ​នឹង​ការ​លើក​តម្កើង​ព្រះ​អង្គ គឺ​ដូច​មាន​សេចក្តី​ចែងថា «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់» (ខ.៨)។ តើ​ការ​លើក​តម្កើង​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច? គឺ​ដោយ​ព្រះ​វរបិតា​បាន​ប្រទាន​បល្ល័ង្ក​ដល់​ព្រះ​រាជបុត្រា ហើយ​បង្គាប់​ដល់​លោកីយ៍​ថា នៅ​ថ្ងៃ​មួយ «កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា» (ខ.១០-១១)។

ប៉ុន្តែ ហេតុ​អ្វី​ព្រះ​អង្គ​សក្តិ​សមនឹង​ទទួល​ការ​លើក​តម្កើង? ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​មួយ​ចំនួន។ ទី​មួយ ពីព្រោះ​ការ​លើក​តម្កើង​នេះ​សម្រេច​បទ​ទំនាយ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​បង្ហាញ​ថា ព្រះ​ទ្រង់​គោរព​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ លោកីយ៍​ទាំង​មូល​នឹង​ទទួល​ស្គាល់​ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ព្រោះ​ព្រះ​អង្គ​សន្យា​ថា ពួក​គេ​នឹង​ទទួល​ស្គាល់​មែន។ ៦០០ឆ្នាំ​មុន នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត​ជា​មនុស្ស​ក្នុង​ដំណាក់​កាល​នៃ​ប្រវត្តិ​សាស្ត្រ​នោះ ហោរា អេសាយ បាន​កត់​ទុក​ព្រះ​បន្ទូល​ព្រះ​អង្គ យ៉ាង​ដូច​នេះ​ថា «មើល អ្នក​បម្រើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត្ន​ប្រយែង ទ្រង់​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់» (អេសាយ ៥២:១៣)។ ដូច​នេះ ព្រះ​គ្រីស្ទ​បាន​យាង​មក​ទទួល​ការ​ឈឺ​ចាប់ និង​បាប​របស់​លោកីយ៍ ដោយ​បំពេញ​តួនាទី​ជា​អ្នក​បម្រើ​ដែល​រង​ទុក្ខ​វេទនា ត្រូវ​គេ​ឆ្កាង ហើយ​បន្ទាប់​មក​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​ការ​លើក​ព្រះ​អង្គ​ឡើង​ឲ្យ​គង់​នៅ​លើ​បល្ល័ង្ក។ គឺ​ដូច​ដែល សាវ័ក ប៉ុល បាន​បង្រៀន​ក្នុង​ខ​គម្ពីរ​ផ្សេង​ទៀត​ថា «ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់» (២កូរិនថូស ១:២០)។

ទី​ពីរ ព្រះ​គ្រីស្ទ​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ ព្រោះ​ព្រះ​អង្គ​ជា​ព្រះ។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ព្រះ​រាជបុត្រា និង​ព្រះ​វរបិតា គឺ​តែ​មួយ​ទេ។ ការ​លើក​តម្កើង​ព្រះ​អង្គ​មាន​ភាព​ចាំបាច់ ព្រោះ​ព្រះ​អង្គ​មាន​ភាពជា​ព្រះ ហើយ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត ដែល​សក្តិ​សម​នឹង​ឲ្យ​ព្រះ​អង្គ​គង់​នៅ​ឡើយ! គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សក្តិ​សមនឹង​ព្រះ​រាជបុត្រា ជា​ជាង​កន្លែង​គង់​នៅ​ខាង​ស្តាំ​ព្រះ​វរបិតា។

ទី​បី ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ​ជា​ទង្វើ​ដ៏​សក្ដិសម ព្រោះ​ព្រះ​អង្គ​ជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ព្រះ​វរបិតា។ ព្រះ​វរបិតា​បាន​ទត​ឃើញ​ព្រះ​រាជបុត្រា​យាង​ទៅ​រក​ឈើ​ឆ្កាង ដោយ​ការ​ស្តាប់​បង្គាប់ ដើម្បី​បំពេញ​សេចក្តី​សញ្ញា នៃ​ការ​ប្រោស​លោះ ហើយ​ក៏​បានឮ​ព្រះ​អង្គ​ស្រែក​ដោយ​ការ​ឈឺ​ចាប់​ថា «ឱ​ព្រះ​អង្គៗ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ?» (ម៉ាថាយ ២៧:៤៦)។ ព្រះ​វរបិតា​ជ្រាប​ថា ព្រះ​រាជបុត្រា​ឆ្លង​កាត់​ទុក្ខ​វេទនា ដោយ​សារ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​វរបិតា និង​រាស្ត្រ​របស់​ព្រះ​អង្គ។ ហេតុ​អ្វី​ព្រះ​វរបិតា​បាន​ទុក​ឲ្យ​ព្រះ​រាជបុត្រា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​យ៉ាង​នេះ ជាជាង​លើក​តម្កើង​ព្រះ​អង្គ ពី​សណ្ឋាន​ដ៏​ទាប​នេះ? ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ​សម្រាប់​យើង និង​ការ​លើក​តម្កើង​ព្រះ​អង្គ​ឲ្យ​ខ្ពស់​ជាង​យើង គឺ​ពិត​ជា​គ្រប់​គ្រាន់​ល្មម​នឹង​នាំ​យើង​ទៅ​ដល់​ចំណុច​មួយ​ដែល​យើង​ក្រាប​ថ្វាយ​បង្គំ ដោយ​ការ​ចុះ​ចូល​ព្រះ​អង្គ និង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មាន​ព្រះ​មួយ​អង្គ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ដែល​គួរ​ឲ្យ​យើង​ស្តាប់​បង្គាប់ និង​មាន​ចារិក​លក្ខណៈ ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​គោរព​ស្រឡាញ់ ហើយ​ក៏​បាន​ក្រើន​រំឭក​យើង​ថា អង្គ​បុគ្គល​ដែល​មាន​សិរី​ល្អ​ចែង​ចាំង​បំផុត​នៅ​ស្ថាន​សួគ៌ ក៏​ជា​ចំណុច​ល្អ​បំផុត​របស់​ស្ថាន​សួគ៌ បាន​ជា​យើង​អាច​និយាយ​ថា៖ ខ្ញុំ​នឹង​មើល​ទៅ​សិរី​ល្អ តែ​ខ្ញុំ​នឹង​មើល​ទៅ​ក្សត្រ​របស់​ខ្ញុំ​ដែល​ពេញ​ដោយ​សិរី​ល្អ។

មិន​មែន​នៅ​លើ​មកុដ​ដែល​ព្រះ​អង្គ​ប្រទាន តែ​នៅ​លើ​ព្រះ​បាត​របស់​ព្រះ​អង្គ ដែល​បាន​ធ្លុះ

កូន​ចៀម ជា​សិរី​ល្អ​គ្រប់​យ៉ាង នៃ​ព្រះ​ហស្ត​នៃ​អេម៉ាញូអែល1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៣:១៦-៤៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ៥-៦ និង​វិវរណៈ ១៦

1លោក​ស្រី Anne R. Cousin, “The Sands of Time Are Sinking” (ឆ្នាំ១៨៥៧)។

More articles