បាន​ប្រទាន​មក ដោយ​ឥត​គិត​ថ្លៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ» (ភីលីព ៤:១៤-១៥)។

ការ​រស់នៅ​ជា​គ្រីស្ទ​បរិស័ទ គឺជា​ការ​រស់នៅ​ជា​អ្នក​ទទួល និង​ជា​អ្នក​ឲ្យ។

មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​អប់រំ​អំពី​សារៈសំខាន់​នៃ​ការ​មាន​គណនី​ធនាគារ​សម្រាប់​ការ​ចូល​និវត្តន៍ ដោយ​សន្សំ​ប្រាក់​ទុក​ជា​ទៀង​ទាត់។ ការ​បដិសេធន៍​ទាំងស្រុង មិន​ព្រម​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​គឺជា​កំហុស​ដ៏​ធំ​មួយ តែ​ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះ យើង​ក៏​ត្រូវ​ពិចារណា​អំពី​ការ​ចែក​រំលែក និង​ការ​វិនិយោគ​ខាង​វិញ្ញាណ ដោយ​គិត​ដល់​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ។

ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព សាវ័ក ប៉ុល បាន​សរសើរ​បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ​នៅ​ទីនោះ ដែល​បាន «ជួយ​ដល់​សេចក្តី​កំសត់​របស់​គាត់» ជា​ការ​ធ្វើ​ការ​ជា​ដៃ​គូ ដែល​រាប់​បញ្ចូល​ការ​ជួយ​ទំនុក​បម្រុង​គាត់​ផង​ដែរ។ សេចក្តី​សប្បុរស​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​មាន​ភាព​លេច​ធ្លោ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​សប្បុរស​លើស​ពួក​ជំនុំ​ផ្សេង​ទៀត។ ពួក​ជំនុំ​មួយ​នេះ​មាន​ភាព​ក្មេង​ខ្ចី​មែន តែ​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​តាំង​ពី​ដើម​មក​ថា ពួក​គេ​នឹង​ជួយ​ផ្គត់ផ្គង់​ការងារ​ដំណឹង​ល្អ​របស់​គាត់។

ការ​ផ្គត់ផ្គង់​របស់​ពួក​គេ ចំពោះ​សាវ័ក ប៉ុល មិន​គ្រាន់តែ​លេច​ធ្លោ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​រយៈ​ពេល​យូរ​ផង​ដែរ។ ពួក​គេ​បាន​ដាក់​ដង្វាយ​ឲ្យ​គាត់​ជា​ទៀង​ទាត់ ដើម្បី​បំពេញ​តម្រូវការ​គាត់​ម្តង​ហើយ​ម្តង​ទៀត។ បុរស​ស្ត្រី​ទាំង​នោះ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គាត់ ទោះ​រយៈ​ពេល១ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ ចាប់​តាំងពី​ពេល​ដែល​សាវ័ក ប៉ុល ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ។

ការ​ដាក់​ដង្វាយ​របស់​ពួក​គេ មិន​បាន​ធ្វើ​ឡើង​តាម​អារម្មណ៍​ឡើង​ចុះ ហើយក៏​មិនមែន​ដោយ​សារ​ការ​អូស​ទាញ​ពី​កត្តា​ខាង​ក្រៅ។ តែ​ពួក​គេ​ដាក់​ដង្វាយ ព្រោះ​ពួក​គេ​ដឹង​ថា អ្វីៗ​ដែល​ពួក​គេ​មាន គឺ​សុទ្ធតែ​ជា​ការ​ប្រទាន​មកពី​ព្រះ ដោយ​មិន​បាន​ឲ្យ​ពួក​គេ​តប​ស្នង។ ជា​ការ​ពិត​ណាស់ កាល​ព្រះ​យេស៊ូវ​ចាត់​ពួក​សាវ័ក​ឲ្យ​ចេញទៅ ព្រះ​អង្គ​បាន​រម្លឹក​ពួក​គេ​ថា ដោយ​សារ​ពួក​គេ​បាន​ទទួល ដោយ​មិន​បាន​តម្រូវ​ឲ្យ​តប​ស្នង នោះ​ពួក​គេ​ក៏​ត្រូវ ឲ្យ​ទៅ​អ្នក​ដទៃ ដោយ​មិន​រំពឹង​ថា គេ​នឹង​តប​ស្នង​ផង​ដែរ (ម៉ាថាយ ១០:៨)។ ម្យ៉ាង​ទៀត ព្រះ​គុណ​របស់​ព្រះ គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​ការ​ធ្វើ​ការ​ជា​ដៃ​គូ ដែល​មាន​ការ​លះបង់ ភាព​សប្បុរស និង​ប្រើ​ធនធាន​បាន​ត្រឹម​ត្រូវ។ គ្រឹះ​ដែល​បាន​សង់​ឡើង នៅពេល​ដែល​យើង​ដឹង​ថា អត្ត​សញ្ញាណ និង​អ្វីៗ​ដែល​យើង​មាន បូក​រួម​ទាំង​ធនធាន អំណោយ និង​សមត្ថភាព គឺ​សុទ្ធតែ​មកពី​ព្រះ​អង្គ។

យើង​មិន​មាន​អំណោយ​ទាន និង​សមត្ថភាព​ដូច​គ្នា នៅ​ក្នុង​ការ​ឲ្យ ហើយ​ការ​ដាក់​ដង្វាយ​ឲ្យ​អ្នក​ដទៃ មិន​គ្រាន់តែ ដើម្បី​បង្ហាញ​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ។ តែ​ដោយ​សារ​យើង​រាល់​គ្នា​សុទ្ធតែ​ជា​អ្នក​ទទួល​អ្វីៗ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​យើង នោះ​យើង​ក៏​នឹង​ស្វែងរក​ឱកាស​ចែករំលែក​ដល់​អ្នក​ដទៃ​ផង​ដែរ។ ព្រះអម្ចាស់​មាន​គោលបំណង ដាក់​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​រួបរួម​គ្នា ដើម្បី​ឲ្យ​យើង​ចែករំលែក​ដល់​អ្នក​ដទៃ តាម​ព្រះ​គុណ​ដែល​បាន​ប្រទាន​មក​យើង (រ៉ូម ១២:៦)។ យើង​មិន​គួរ​ឲ្យ​ទៅ​គេ ដោយ​សារ​យើង​បាន​ទទួល​ការ​ទាញ​នាំ ឬ​ដោយ​សារ​យើង​បាន​ឮ​បទ​ចម្រៀង​ប៉ះ​ពាល់​ចិត្ត​ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក ឬ​ដើម្បី​ឲ្យ​គេ​ចារ​ឈ្មោះ​យើង​នៅ​លើ​អគារ ឬ​នៅ​លើ​បង់​សម្រាប់​អង្គុយ​នោះ​ទេ។ តែ​យើង​គួរតែ​ឲ្យ​ដោយ​សារ​ហេតុផល​តែមួយ​ទេ គឺ​ដោយ​សារ​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​ព្រះទ័យ​សប្បុរស។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៩:១-១៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជនគណនា ២៣-២៥ និង​ម៉ាថាយ ១

More articles