លូកា ១៤:៧-១១
ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។ លូកា ១៤:១១
ក្នុងនាមអ្នកស្រីចេននី ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា ជាញឹកញាប់ គាត់បាននាំសិស្សរបស់គាត់ ចូលទៅក្នុងថ្នាក់រៀនផ្សេងៗ ដើម្បីឲ្យពួកគេរៀនមុខវិជ្ជាតន្ត្រី និងសិល្បៈ។ នៅពេលដែលគាត់ប្រាប់ពួកគេឲ្យតម្រង់ជួរ ដើម្បីដើរទៅថ្នាក់រៀនមួយទៀត សិស្សថ្នាក់ទី៥ទាំងនោះ ក៏បានដណ្តើមគ្នាឈរមុខគេ។ ថ្ងៃមួយ អ្នកស្រីចេននី ក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល នៅពេលពួកគេកំពុងឈរតម្រង់ជួរ ដោយឲ្យពួកគេត្រឡប់មកក្រោយ ធ្វើឲ្យអ្នកឈរមុខគេ កាលប៉ុន្មានវិនាទីមុន ក្លាយជាអ្នកឈរក្រោយគេវិញ។ ការនេះក៏បានធ្វើឲ្យពួកគេលាន់មាត់គ្រប់គ្នា ដោយការភ្ញាក់ផ្អើល។
នៅពេលដែលព្រះយេស៊ូវសង្កេតឃើញការដណ្តើមមុខតំណែងគ្នាស្រដៀងនេះដែរ នៅតុអាហារពេលល្ងាច ព្រះអង្គក៏បានឆ្លើយតប ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច ដែលបានធ្វើឲ្យភ្ញៀវដទៃទៀតមានការភ្ញាក់ផ្អើលផងដែរ។ ព្រះអង្គបានមានបន្ទូលអំពីរឿងពិធីជប់លៀងរបស់មង្គលការមួយ ដែលក្នុងនោះ ព្រះអង្គបានបង្រៀនពួកគេមិនឲ្យ “អង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ” តែផ្ទុយទៅវិញ “ត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន”(លូកា ១៤:៨-១០)។ ព្រះគ្រីស្ទក៏បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលចំពោះប្រពៃណីសង្គមរបស់ពួកគេ ដោយមានបន្ទូលថា “ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ”(ខ.១១)។
យើងប្រហែលពិបាកអនុវត្តតាម គោលការណ៍នៃនគរព្រះ ត្រង់ចំណុចនេះ ដែលបានប្រាប់យើងឲ្យបន្ទាបខ្លួនទទួលយកកន្លែងអង្គុយក្រោយគេ ជាពិសេស ដោយសារសាច់ឈាមយើងជាមនុស្សតែងតែល្បួងយើង ឲ្យផ្ដោតទៅលើ “ភាពលេចធ្លោជាងគេ” ឬ “ការឈ្នះគេ”។ តែព្រះយេស៊ូវបានជំរុញយើងឲ្យយកគំរូតាមព្រះអង្គ ហើយមើលទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គជួយរៀបចំផ្នត់គំនិតយើងឡើងវិញ ឲ្យមើលឃើញថា ការបន្ទាបខ្លួនអង្គុយកន្លែងក្រោយគេ តូចទៀបជាងគេ គឺជាការអង្គុយនៅកន្លែងកិត្តិយសយ៉ាងពិតប្រាកដ។—Kirsten Holmberg
ក្នុងការរស់នៅរបស់អ្នក តើនរណាខ្លះមានការបន្ទាបខ្លួន ដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យយើងមាន?
តើអ្នកមានការពិបាកលះបង់កន្លែងកិត្តិយស នៅពេលណា?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញចេញនូវការបន្ទាបខ្លួន គ្រប់កាលៈទេសៈ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ២១-២២ និង លូកា ២៣:២៦-៥៦