ផ្តល់​កិត្តិយស​ដល់​អ្នក​ទន់​ខ្សោយ

២សាំយ៉ូអែល ៩:១-១០

តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជាមួយនឹង​យើង​ជានិច្ច​។ ២សាំយ៉ូអែល ៩:៧

មាន​កីឡា​ប្រភេទ​ថ្មី​មួយ នៅ​សម្រាប់​សិស្ស​វិទ្យាល័យ ហើយ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត ដែល​យើង​ធ្លាប់​បាន​ឃើញ​។ កីឡា​នេះ​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដូច​កីឡា​ផ្សេង​ដែល​មាន​អ្នក​គាំទ្រ​ស្រែក​ហូរ​លើក​ទឹក​ចិត្ត មាន​អា​ប៊ីត និង​ក្តារ​កត់​ពិន្ទុ​។ ប៉ុន្តែ វា​មាន​ចំណុច​ខុស​ប្លែក​ដ៏​សំខាន់​មួយ​នៅ​ត្រង់ថា ក្រុម​នីមួយៗ​មាន​សមាជិក៥នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​កីឡាករ​ពីរ​នាក់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ហើយ៣នាក់​ទៀត​ជា​ជន​ពិការ ក្នុង​ទម្រង់​ណាមួយ​។ សកម្មភាព​នៃ​ការ​ប្រកួត​ក្នុង​ទីលាន ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចិត្ត​រំភើប​ណាស់ ខណៈ​ពេល​ដែល​កីឡាករ​ជួយ​គ្នា លើក​ទឹក​ចិត្ត និង​កំឡា​ចិត្ត​គ្នា​ទៅវិញ​ទៅមក ទោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ផ្សេង​គ្នា​ក៏ដោយ​។ គោលបំណង​ធំ​បំផុត​របស់​កីឡា​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​​សិស្ស ដែល​មិន​មាន​ឱកាស​ដក​ពិសោធ​នឹង​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ប្រកួត​កីឡា​ ដូច​អ្នក​ផ្សេង។

ការ​ផ្តល់​កិត្តិយស និង​ឲ្យ​តម្លៃ​សិស្ស​យ៉ាង​ដូច​នេះ អាច​កើត​មាន​បាន ដោយសារ​សាលា​រៀន​នេះ​មាន​ថ្នាក់​ដឹកនាំ​ប្រកបដោយ​ប្រាជ្ញា និង​មាន​ម្ចាស់​ការ​។ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ បាន​ក្រើន​រំឭក​យើង អំពី​គំរូ​ដ៏​ល្អ​ដែល​ស្តេច​ដាវីឌ​បាន​បន្សល់​ទុក​ឲ្យ ក្នុង​ព្រះ​គម្ពីរប៊ីប​។

នៅ​សម័យ​របស់​ស្តេច​ដាវីឌ គេ​មាន​ទម្លាប់​និយាយ​ថា មនុស្ស​ខ្វាក់ និង​ពិការ​ជើង មិន​អាច​ចូល​វាំង​បានទេ(២សាំយ៉ូអែល ៥:៨)។ គេ​និយាយ​ដូច​នេះ ក្នុង​ន័យធៀប សំដៅ​មក​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​ដាវីឌ​បាន​សម្រេច​ព្រះទ័យ នាំ​ព្រះអង្គម្ចាស់​​មភី​បូសែត ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ដែល​ពិការ​ជើង​ទាំង​សងខាង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង​របស់​ទ្រង់ ហើយ​បាន​ប្រទាន​កិត្តិយស​ឲ្យ​ព្រះអង្គម្ចាស់​​មភី​បូសែត​បាន​អង្គុយ​នៅ​តុ​ជាមួយ​ទ្រង់​ផង​ដែរ(៩:៧)។

សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​យើង​យ៉ាង​ច្បាស់ អំពី​របៀប​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​។ “ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញ​ទៅមក​ចុះ ខាង​ឯ​សេចក្ដី​រាប់អាន នោះ​ឲ្យ​ខំ​រាប់អាន​គេ​ជាមុន”(រ៉ូម ១២:១០)។

ចូរ​យើង​អនុវត្ត​នូវ​ការ​រស់នៅ​ដែល​មាន​ការ​រួបរួម ដោយ​ប្រាកដ​ថា យើង​ត្រូវ​ផ្តល់​កិត្តិយស​ដល់​មនុស្ស​ទាំង​អស់ ដែល​យើង​ជួប ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​។—Dave Branon

តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​មនុស្ស ដែល​មាន​ទំនាក់​ទំនងជា​មួយ​អ្នក ដូច​ម្តេច​ខ្លះ? តើ​ការ​ផ្តល់​កិត្តិយស​ដល់​អ្នក​ដទៃ មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​ព្រះគុណ និង​សេចក្តី​សប្បុរស ចំពោះ​មនុស្ស​ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ជំនួយ​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១-៣ និង លូកា ២៤:១-៣៥

More articles