បាន​ចាក់​ឫស​ជ្រៅ ក្នុង​ព្រះយេស៊ូវ

អេភេសូរ ៣:១៤-២១

ឲ្យ​ព្រះគ្រីស្ទ​ស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​រសេច​ក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំ​មួន​ក្នុង​សេចក្ដី​ស្រឡាញ់​។ អេភេសូរ ៣:១៧

លោក​អេឌ្រូ មួរេយ(Andrew Murray ឆ្នាំ១៨២៨-១៩១៧) ជា​គ្រូ​គង្វាល​ជាទី​ស្រឡាញ់​របស់​ពួក​ជំនុំ​មួយ​កន្លែង​។ គាត់​បាន​ចែកចាយ​ផល​ប៉ះ​ពាល់ ដែល​ជំងឺ​ផ្សេងៗ​មាន មក​លើ​ដើម​ក្រូច នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​​កំណើត​របស់​គាត់​។ មនុស្ស​ជា​ទូទៅ​ប្រហែល​ជា​មើល​ឃើញ​ដើម​ក្រូច​ទាំង​នោះ ហាក់​ដូចជា​មាន​ការ​លូត​លាស់​ធម្មតា ប៉ុន្តែ អ្នក​ជំនាញ​ខាង​កសិកម្ម​អាច​មើល​ឃើញ​ភាព​ពុក​ផុយ ដែល​កំពុងតែ​សម្លាប់​ដើម​ក្រូច​ទាំង​នោះ​បន្តិច​ម្តងៗ​។ មាន​វិធី​តែមួយ​ទេ ដើម្បី​សង្គ្រោះ​ដើម​ក្រូច​ដែល​មាន​ជំងឺ​ទាំង​នោះ គឺ​ត្រូវ​កាត់​ដើម និង​​មែក​របស់​ពួកវា​ចេញ​ពី​ឫស យក​ទៅ​បំបៅ នៅ​លើ​ដើម​ថ្មី​។ បន្ទាប់មក ដើម​ក្រូច​នោះ​អាច​លូត​លាស់​បាន​ល្អ និង​បង្កើត​ផល​​ផ្លែ​។

លោក​គ្រូ​មួរេយ ក៏បាន​តភ្ជាប់​ការ​ពិពណ៌នា​នេះ ជាមួយនឹង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​។ កាល​សាវ័ក​ប៉ុល​កំពុង​ជាប់គុក នៅ​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ ដោយ​សង្ខេប​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​។ គាត់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់​ជា​គ្រូ​គង្វាល ដោយ​អធិស្ឋាន​សូម​ឲ្យ​អ្នកជឿ បាន​មាំមួន​ឡើង ដោយ​ព្រះ​ចេស្តា តាមរយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​ព្រះអង្គ​បាន​គង់នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ដោយ​សេចក្តី​ជំនឿ(អេភេសូរ ៣:១៦-១៧)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ចង់​ឲ្យ​ពួកគេ បាន​ចាក់​ឫស និង​លូត​លាស់​យ៉ាង​រឹងមាំ ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​បាន​ស្គាល់​ខ្នាត​ទាំង​អស់ នៃ​សេចក្តី​ស្រឡាញ់​ជា​បរិបូរ​របស់​ព្រះ(ខ.១៧-១៨)។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ឫស​របស់​យើង​បាន​ចាក់​ចូល​ជ្រៅ ទៅ​ក្នុង​ដី​ដែល​មាន​ជីជាតិ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ការពារ និង​ជួយ​ឲ្យ​យើង​លូត​លាស់​បាន​ល្អ​។ ហើយ​ខណៈ​ពេល​ដែល​យើង​នៅ​ជាប់​នឹង​ព្រះយេស៊ូវ ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ក៏​ជួយ​យើង​ឲ្យ​បង្កើត​ផល​ផ្លែ​។ យើង​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​ខ្យល់​ព្យុះ ដែល​អង្រួន​យើង​ឲ្យ​រង្គោះ​រង្គើ តែ​យើង​អាច​ឈ​រ​យ៉ាង​មាំមួន ពេលណា​យើង​បាន​ចាក់​ឫស​ក្នុង​ប្រភព​នៃ​ជីវិត និង​សេចក្តី​ស្រឡាញ់​។—Amy Boucher Pye

តើ​ការ​ដែល​អ្នក​ជា​ខ្នែង នៅ​ជាប់​នឹង​ដើម​ទំពាំង​បាយ​ជូរ ដែល​ជា​ព្រះយេស៊ូវ មានន័យ​ដូច​ម្តេច ចំពោះ​អ្នក?
តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​ប្រាកដ​ថា អ្នក​បាន​ទទួល​ជីវជាតិ​គ្រប់​គ្រាន់ ក្នុង​ជីវិត​អ្នក​ដើម្បី​ឲ្យ​បាន​ចម្រើន​ឡើង?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​តាំង​ទូល​បង្គំ​ឲ្យ​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​បង្កើត​ផល​ផ្លែ និង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៤-៦ និង លូកា ២៤:៣៦-៥៣

More articles