«កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡឹម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង» (កិច្ចការ ១:៨)។
ព្រះអម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់រាស្ត្រព្រះអង្គ ដើម្បីឲ្យពួកគេនាំព្រះបន្ទូលព្រះអង្គ ទៅដល់លោកីយ៍។
បើគ្មានព្រះវិញ្ញាណទេ ព្រឹត្តិការណ៍ដែលមានចែងក្នុងកណ្ឌគម្ពីរកិច្ចការ ក៏មិនអាចកើតឡើងបានដែរ។ ព្រឹត្តិការណ៍ទាំងនោះ បានឆ្លុះបញ្ចាំងអំពីការរីកសុះសាយនៃដំណឹងល្អ ដោយក្នុងនោះ ពួកសាវ័ករបស់ព្រះយេស៊ូវបានដើរតាមផ្លូវនៃទីក្រុងយេរូសាឡឹម ដើម្បីប្រកាសព្រះរាជសាររបស់ព្រះគ្រីស្ទ ដែលមានព្រះជន្មរស់ឡើងវិញ។ កាលប៉ុន្មានសប្ដាហ៍មុន ពួកសាវ័កទាំងនោះកំពុងលាក់ខ្លួនសម្ងំនៅក្នុងផ្ទះដែលមានទ្វារបិទជិត ដោយការភ័យខ្លាច ខណៈពេលដែលពួកគេកំពុងកាន់ទុក្ខ ចំពោះការសុគតនៃក្សត្ររបស់ពួកគេនៅលើឈើឆ្កាង។ តើមានអ្វីដែលនាំឲ្យពួកគេមានការផ្លាស់ប្ដូរភ្លាមៗដូចនេះ?
យើងអាចរកឃើញចម្លើយ នៅក្នុងជ័យជម្នះ ដែលព្រះយេស៊ូវមានមកលើសេចក្តីស្លាប់ និងព្រះបន្ទូលសន្យា ដែលព្រះអង្គប្រទានឲ្យសិស្សព្រះអង្គ គឺការសន្យាថា នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយ និងប្រទានអំណាចឲ្យពួកគេធ្វើការថ្វាយព្រះអង្គ។ ព្រះបន្ទូលសន្យានេះ គឺស្របនឹងព្រះរាជបញ្ជា ឲ្យអ្នកដើរតាមព្រះយេស៊ូវចូលទៅក្នុងលោកីយ៍ទាំងមូល ដើម្បីផ្សាយដំណឹងល្អ។
មុនពេលពួកសាវ័កចូលទៅផ្សាយដំណឹងល្អ ដោយចិត្តឆេះឆួល ព្រះយេស៊ូវបានបង្រៀនពួកគេឲ្យមានការផ្ដោតចិត្តត្រឹមត្រូវ។ ពួកគេមិនទាន់បានយល់ការពិតដែលថា ព្រះអង្គមិនគ្រាន់តែយកព្រះទ័យទុកដាក់ចំពោះពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែចំពោះមនុស្សទាំងអស់នៅលើពិភពលោក។ ហើយមួយរយៈក្រោយមក ពួកគេក៏បានយល់ច្បាស់អំពីសេចក្តីពិតនេះ (សូមអានកណ្ឌគម្ពីរ កិច្ចការ ១០:១-១១:១៨)។ ហេតុនេះហើយ ព្រះយេស៊ូវបានបង្គាប់អ្នកដើរតាមព្រះអង្គ ឲ្យធ្វើជា «ស្មរបន្ទាល់របស់ព្រះអង្គនៅទីក្រុងយេរូសាឡឹម នៅទូទាំងស្រុកយូដា និងស្រុកសាម៉ារី ហើយដល់ចុងបំផុតនៃផែនដី»។
បន្ទាប់ពីព្រះយេស៊ូវបានយាងឡើងស្ថានសួគ៌វិញ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើអ្នកដើរតាមព្រះអង្គ គឺដូចដែលព្រះយេស៊ូវបានសន្យា ហើយបន្ទាប់មក រឿងដ៏អស្ចារ្យនៃការរីកសុសសាយនៃពួកជំនុំទៅដល់កន្លែងដទៃទៀត ក្នុងពិភពលោកក៏បានចាប់ផ្ដើម។ មានរឿងមួយដែលមិនទាន់បានបញ្ចប់ ហើយក៏បានរាប់បញ្ចូលអ្នកជឿព្រះម្នាក់ៗ ខណៈពេលដែលគេបន្តផ្សាយដំណឹងល្អ នៅទូទាំងពិភពលោក។
បើអ្នកនៅជាប់ក្នុងព្រះគ្រីស្ទ នោះអ្នកក៏មានព្រះវិញ្ញាណផងដែរ ហើយព្រះចេស្ដាព្រះអង្គជួយអ្នកឲ្យផ្សាយសេចក្តីពិតអំពីព្រះយេស៊ូវ នៅទូទាំងពិភពលោក។ ព្រះអង្គបានប្រទានព្រះវិញ្ញាណមក មិនមែនដើម្បីឲ្យយើងអាចអង្គុយនៅមួយកន្លែង ដើម្បីចែកចាយដល់គ្រីស្ទានដទៃទៀត អំពីបទពិសោធន៍ខាងវិញ្ញាណរបស់យើងនោះទេ។ ផ្ទុយទៅវិញ យើងត្រូវប្រើអំណោយទាន និងទេពកោសល្យរបស់យើង ដើម្បីនាំដំណឹងល្អទៅដល់ប្រជាជាតិទាំងឡាយ។ មានន័យមកថា អ្នកខ្លះត្រូវទៅធ្វើបេសកកម្មនៅប្រទេសដទៃ។ ហើយខ្លះទៀត ត្រូវធ្វើដំណើរឆ្លងថ្នល់ ឬឆ្លងទីក្រុង ដើម្បីទៅធ្វើបេសកកម្មផងដែរ។
ព្រះអម្ចាស់ត្រាស់ហៅអ្នកឲ្យស្រឡាញ់ និងបម្រើ សូម្បីតែអ្នកដែលមានសញ្ជាតិនៅផែនដីខុសពីយើង។ ព្រះអង្គត្រាស់ហៅអ្នកឲ្យចេញពីភាពសុខស្រួល ទៅផ្សាយដំណឹងល្អដល់មនុស្សដែលអ្នកមិនចូលចិត្ត តាមនិស្ស័យសាច់ឈាមរបស់អ្នក ឬថែមទាំងចែកចាយដល់មនុស្សដែលចាត់ទុកអ្នកជាសត្រូវរបស់ពួកគេផងដែរ។ ប៉ុន្តែ ព្រះអង្គមិនបានត្រាស់ហៅអ្នកឲ្យជួយខ្លួនឯងឲ្យមានសេចក្តីស្រឡាញ់ និងចិត្តក្លាហាន ដើម្បីធ្វើកិច្ចការទាំងនេះទេ។ ទេ យើងត្រូវតែមានការផ្លាស់ប្រែ ដោយព្រះចេស្ដារបស់ព្រះអង្គ តាមព្រះបន្ទូលសន្យា និងជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូចនេះ ចូរយើងទូលសូមព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណជាថ្មីក្នុងជីវិតយើងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកប្រកាសដំណឹងល្អ ដោយចិត្តក្លាហាន និងភាពឧស្សាហ៍។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ១:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២៩-៣១ និងម៉ាថាយ ៣