ការ​អាណិត​ដ៏​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហេតុ​នោះ​បានជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះទ័យ​មេត្តា​ករុណា ហើយក៏​ស្មោះ​ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជាជន​ទាំងឡាយ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្តី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់អ្នក ដែល​ត្រូវ​សេចក្តី​ល្បួង​បាន​ដែរ» (ហេព្រើរ ២:១៧-១៨)។

មនុស្ស​ជា​ច្រើន​មាន​ការ​បាក់​ទឹក​ចិត្ត ដោយ​សារ​ភាព​ទៀង​ទាត់​នៃ​ការ​ល្បួង​ដែល​ពួក​គេ​ជួប​ប្រទះ។ យើង​អាច​មាន​អារម្មណ៍​ខ្មាស ចំពោះ​ការ​ទាញ​នាំ​នៃ​ការ​ល្បួង ក្នុង​ជីវិត​យើង។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ពិបាក​ពេក។ ក្នុង​ពេល​បែប​នោះ យើង​ចាំបាច់​ត្រូវ​ចាំ​ថា ការ​ដក​ពិសោធន៍​ជា​មួយ​នឹង​ការ​ល្បួង មិនមែន​ជា​បាប​ទេ ព្រោះ​ព្រះ​គ្រីស្ទ ដែល​គ្មាន​បាប​សោះ ក៏​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បួង​ផង​ដែរ។ តែ​ដោយ​សារ​ព្រះ​អង្គ​មិន​បាន​ចាញ់​ការ​ល្បួង ខុសពី​យើង ដែល​ចាញ់​ល្បួង​ជា​ញឹក​ញាប់ ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ជា​គំរូ ខណៈ​ពេល​ដែល​យើង​ព្យាយាម​រស់នៅ ដោយ​សេចក្តី​សុចរិត។

កាល​ព្រះ​យេស៊ូវ​យក​កំណើត​ជា​មនុស្ស ព្រះ​អង្គ​ក៏​បាន​ទទួល​យក​ដែន​កំណត់ និង​ទុក្ខ​លំបាក​នៃ​ភាពជា​មនុស្ស​ផង​ដែរ។ ដូច​នេះ ទោះ​ព្រះ​យេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ស​ម្ដេច​សង្ឃ​មកពី​ស្ថាន​សួគ៌ មិនមែន​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​អាច​មាន​ព្រះទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​យើង។

ព្រះ​ទ័យ​អាណិត​របស់​ព្រះ​គ្រីស្ទ​ចំពោះ​ទុក្ខ​លំបាក ដែល​យើង​ជួប មិន​មែន​ផ្អែក​ទៅ​លើ​ការ​ដក​ពិសោធន៍​ជា​មួយ​បាប តែ​ផ្អែក​ទៅលើ​ការ​ដក​ពិសោធន៍​ជា​មួយ​ការ​ល្បួង ឲ្យ​ប្រព្រឹត្ត​បាប ដែល​មាន​តែ​អង្គ​បុគ្គល​មិន​មាន​បាប​សោះ​ ដែល​អាច​យល់​ច្បាស់​អំពី​ការ​ល្បួង​នោះ​យ៉ាង​ពេញលេញ។ ព្រះ​យេស៊ូវ​មិន​បាន​បង្ហាញ​ព្រះទ័យ​អាណិត​ពី​ចម្ងាយ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ស្គាល់​ការ​ឈឺ​ចាប់ និង​បញ្ហា​ប្រឈម​នៃ​ការ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បួង ដោយ​ផ្ទាល់។ ព្រះ​អង្គ​បាន​ដើរ​តាម​ផ្លូវ​នៅ​លើ​ផែនដី ដូច​យើង​ដែរ។

ដូច​នេះ ពេល​ណា​អ្នក​បាន​ដឹង​ច្បាស់​បំផុត អំពី​ការ​ល្បួង​ដែល​អ្នក​ជួប​ប្រទះ និង​ដឹង​ច្បាស់​បំផុត អំពី​ភាព​កម្សោយ​របស់​អ្នក អ្នក​អាច​អនុវត្ត​ដូច​តទៅ។ ចូរ​កុំ​ពឹង​ផ្អែក​ទៅលើ​ប្រាជ្ញា​របស់​លោកីយ៍ របស់ «ស​ម្ដេច​សង្ឃ» នៃ​សតវត្សរ៍​ទី២១ ដែល​ប្រាប់​អ្នក​ថា ការ​ល្បួង គឺជា​សេចក្តី​ប៉ង​ប្រាថ្នា​សម្រាប់​ឲ្យ​អ្នក​រីករាយ​សប្បាយ និង​ថា ការ​ស្គាល់​កំហុស​គឺជា​ការ​ធ្វើ​បាប​ខ្លួន​ឯង ដែល​ត្រូវ​បដិសេធ ហើយ​ថា ភាព​អាម៉ាស់​តែង​តែ​គ្មាន​ប្រយោជន៍ និង​មិន​ចាំបាច់។ ផ្ទុយ​ទៅវិញ ចូរ​ងាក​បែរ​មក​រក​សម្ដេច​សង្ឃ​ដ៏​ធំ​ប្រសើរ ដែល​ប្រាប់​អ្នក​ថា ការ​ល្បួង​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ជម្នះ ហើយ​ទ្រង់​ក៏បាន​ប្រទាន​កម្លាំង​ឲ្យ​អ្នក​អាច​ឈ្នះ​ការ​ល្បួង (១កូរិនថូស ១០:១៣) ហើយក៏​បាន​ធានា​អ្នក​ថា ព្រះ​អង្គ​បាន​ទទួលយក​កំហុស និង​ក្តី​អា​ម៉ាស​របស់​អ្នក ដាក់លើ​អង្គ​ទ្រង់ និង​បាន​ដកចេញ កាល​ព្រះ​អង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង​រួច​ហើយ ដូច​នេះ អ្នក​គ្រាន់​តែ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ​អង្គ។

ទំនាក់​ទំនងជា​មួយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ពិតជា​មាន​ភាព​ស្រស់​ស្អាត​នៅ​ត្រង់​ចំណុច​ដែល​ថា អ្នក​អាច​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​ចូល​ទៅ​ចំពោះ​ព្រះ ដែល​បាន​សុគត ដើម្បី​ឲ្យ​អ្នក​អាច​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ ដែល​អ្នក​បាន​ប្រកាស។ អ្នក​អាច​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ជា​ទៀង​ទាត់ ដោយ​ការ​បន្ទាប​ខ្លួន និង​ទំនុក​ចិត្ត ដោយ​ព្រះ​អង្គ​បាន​ស្វាគមន៍​អ្នក​តាមរយៈ​ព្រះ​គ្រីស្ទ ដែល​យល់​អំពី​ទុក្ខ​លំបាក​អ្នក​យ៉ាង​ឥត​ខ្ចោះ។

ហើយ​នៅ​ទី​បំផុត ពេល​អ្នក​បាន​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​អស់​កល្ប​ជានិច្ច អ្នក​នឹង​គ្មាន​អ្វី​ទៀត ដែល​ត្រូវ​ការ​ឲ្យ​ព្រះ​គ្រីស្ទ​ទូល​អង្វរ​ឲ្យ​អ្នក​ទៀត​ទេ។ អ្នក​នឹង​គ្រាន់​តែ​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ដោយ​ការ​ថ្វាយបង្គំ សរសើរ​តម្កើង​ព្រះ​អង្គ ដែល​បាន​អញ្ជើញ​អ្នក ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។ ទំរាំ​ដល់​ពេល​នោះ ចូរ​ទូល​សូម​ព្រះ​អង្គ​គង់នៅ​ជា​មួយ​អ្នក ខណៈ​ពេល​ដែល​អ្នក​តយុទ្ធ​នឹង​ការ​ល្បួង និង​ខិតខំ​ស្តាប់​បង្គាប់​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ ដោយ​ដឹង​ថា ព្រះ​អង្គ​ធ្លាប់​បាន​ប្រឈម​មុខ​ដាក់ និង​ការ​ជម្នះ​ការ​ល្បួង ដោយ​ផ្ទាល់។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ២:៥-១៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ជន​គណនា ៣២-៣៤ និង​ម៉ាថាយ ៤

More articles