ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​នៃ​សេចក្តី​ស្រឡាញ់

យ៉ូហាន ២០:១០-១៨

នាង​បាន​ឃើញ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង​។ យ៉ូហាន ២០:១៨

នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប​ប្រឌិត អំពី​កីឡា មាន​ចំណង​ជើង​ថា ទីលាន​ប្រកួត​នៃ​សេចក្តី​ស្រមៃ តួ​អង្គ​ឈ្មោះ រេយ ឃីន​សេឡា(Ray Kinsella) បាន​យល់សប្តិ​ឃើញ​ឪពុក​គាត់ ដែល​បាន​លាចាក​លោក​ហើយ​។ គាត់​បាន​ឃើញ​ឪពុក​គាត់ ដែល​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​។ គាត់​ក៏​បាន​ប្រាប់​អេននី(Annie) ជា​ភរិយា​គាត់​ថា គាត់​មិន​ដែល​បាន​ឃើញ​ឪពុក​គាត់ ក្នុង​វ័យ​ក្មេង និង​រឹងមាំ​ដូច​នេះ​ទេ តែ​គាត់​ធ្លាប់តែ​ឃើញ​ឪពុក​គាត់ ក្នុង​វ័យ​ចាស់​ជាង​នោះ ដោយ​មាន​សភាព​ទ្រុឌ​ទ្រោម ដោយសារ​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ បើ​គាត់​បាន​ជួប​ឪពុក​គាត់​ដោយ​ផ្ទាល់ គាត់​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទៅ​កាន់​ឪពុក​គាត់​ទេ​។ រឿង​នេះ បាន​ចោទ​ជា​សំណួរ​ដល់​យើង​រាល់​គ្នា​ថា តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាងណា បើសិន​ជា​យើង​បាន​ជួប​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​លាចាក​លោក​ហើយ ដោយ​ឃើញ​ពួកគេ​នៅ​ក្មេង ហើយ​រឹងមាំ​ដូច​កាលពី​មុន?

នាង​ម៉ារា​មកពី​ស្រុក​ម៉ាកដាឡា មាន​បទ​ពិសោធន៍​ដូច​នេះ នៅពេល​ដែល​នាង​បាន​​ជួប​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ នាង​ម៉ារា​កំពុង​យំ​នៅ​ក្បែរ​ផ្នូរ​របស់​ព្រះអង្គ ដែល​នៅ​ទ​ទេ នៅពេល​ដែល​នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ​យេស៊ូវ​ឈរ តែ​មើល​ព្រះអង្គ​មិន​ស្គាល់​ទេ(យ៉ូហាន ២០:១៤)។ ហេតុ​អ្វី​នាង​មើល​ព្រះអង្គ​មិន​ស្គាល់? គឺ​ប្រហែល​មកពី​ទឹក​ភ្នែក​នៅ​លើ​កែវ​ភ្នែក​របស់​នាង ធ្វើ​ឲ្យ​នាង​ស្រវាំង​មើល​មិន​ច្បាស់ ឬ​ដោយសារ​កន្លែង​នោះ​ងងឹត​នៅឡើយ(ខ.១)។ ឬ​ក៏​ប្រហែល​ដោយសារ​លើក​មុន នាង​បាន​ឃើញ​ព្រះ​អង្គ​មាន​ឈាម​ជោគ​ព្រះ​កាយ មាន​ស្នាម​គេ​វាយដំ និង​ធ្វើ​ទារុណកម្ម​ដល់​អស់​ព្រះ​ជន្ម​។ នាង​មិន​នឹក​ស្មានថា នាង​នឹង​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះ​ជន្ម​ឡើង​វិញ​ទេ​។ ព្រះអង្គ​មាន​ព្រះ​ជន្ម​ឡើង​វិញ ហើយ​មាន​ព្រះ​កាយ​ខុសពី​ពេល​នោះ​យ៉ាង​ខ្លាំង បានជា​ទាល់​តែ​មួយ​រយៈ​ក្រោយមក នាង​ក៏បាន​យល់​ការ​ពិត​។

ព្រះយេស៊ូវ​ពិតជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ព្រះ​កាយ “ដែល​មិន​ចេះ​ពួក​រលួយ”(១កូរិនថូស ១៥:៤២)។ នៅពេល​ដែល​ព្រះ​អង្គ​ហៅ​ឈ្មោះ​នាង​ម៉ារា នាង​ក៏បាន​ស្គាល់​ព្រះអង្គ មិន​គ្រាន់តែ​ជា​មិត្តសំឡាញ់ និង “គ្រូ” ដ៏​ស្មោះ​ត្រង់(យ៉ូហាន ២០:១៦) តែ​ជា​ព្រះ​អម្ចាស់​នៃ​ជីវិត​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ព្រះ​ទ្រង់​តែងតែ​មាន​វិធី​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ការ​អស្ចារ្យ​របស់​ព្រះអង្គ​។ ជ័យ​ជម្នះ​ដែល​ព្រះ​អង្គ​មាន​មក​លើ​សេចក្តី​ស្លាប់ គឺជា​អ្វី​ដែល​យើង​គួរតែ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​។—James Banks

តើ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ចែករំលែក​សេចក្តី​សប្បុរស​​របស់​ព្រះអង្គ ដល់​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដោយ​របៀបណា?

ឱ​​ព្រះវរបិតា ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដែល​បាន​ប្រោស​ព្រះយេស៊ូវ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ!
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ ក្នុង​ជីវិត​ដែល​ព្រះអង្គ​បាន​ប្រទាន​ទូល​បង្គំ នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៧-៩ និង យ៉ូហាន ១:១-២៨

More articles