«គ្រានោះនាង រស់ ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ» (នាងរស់ ២:២)។
នៅពេលអ្នកភ្ញាក់ពីដំណេកពេលព្រឹក តើអ្នកធ្លាប់គេងគិតនៅលើគ្រែ អំពីពេលអនាគត និងអ្វីៗដែលកំពុងកើតឡើងឬទេ? តើអ្នកមានអារម្មណ៍ថា ពិបាកពេក ដោយសារបញ្ហាប្រឈមនៅថ្ងៃបន្ទាប់ ឬពិបាកពេក ដោយសារបញ្ហាដែលកើតឡើងម្តងហើយម្តងទៀតឬទេ?
នៅពេលដែលនាង រស់ ក្រោកពីគេង នៅរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការរស់នៅរបស់នាងនៅភូមិបេថ្លេហិម នាងទំនងជាចំណាយពេលមួយភ្លែត ដើម្បីរម្លឹកខ្លួនឯងថា នាងកំពុងនៅកន្លែងណា ហើយពេលនាងគិតអំពីអ្វីៗដែលបានកើតឡើង នាងនឹកចាំថា៖ ប្ដីរបស់ខ្ញុំស្លាប់ហើយ។ ខ្ញុំកំពុងរស់នៅក្នុងទឹកដីបរទេសជាមួយម្តាយក្មេកខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំបានសម្រេចចិត្តចាកចេញ តែខ្ញុំសង្ឃឹមថា ខ្ញុំបានធ្វើរឿងដ៏ត្រឹមត្រូវ។ តើពេលនេះ ខ្ញុំត្រូវគិតយ៉ាងណា?
នាង រស់ មិនបានអង្គុយស្ងៀម ដោយរង់ចាំការអស្ចារ្យ មុននឹងបន្តសកម្មភាពនៃការរស់នៅនោះទេ។ ទេសម្រាប់នាង រស់ ការមានសុភវិនិច្ឆ័យនាំឲ្យនាងមានការគិតយ៉ាងប្រុងប្រយ័ត្ន ហើយការគិតដោយប្រុងប្រយ័ត្ននាំឲ្យមានការអនុវត្តតាមស្ថានភាពជាក់ស្ដែង។ នាង រស់ ដឹងថា នាង និងម្តាយក្មេកនាងត្រូវការស្បៀងអាហារ ហើយនាងក៏ដឹងថា នាងអាចធ្វើការងារបាន។ ដូចនេះ នាងក៏បានស្វែងរកការប្រឹក្សាយោបល់ និងការអនុញ្ញាតពីនាង ន៉ាអូមី មុននឹងចេញទៅវាលស្រែ ដើម្បីធ្វើការ និងស្វែងរកអាហារ។
ការមានសុភវិនិច្ឆ័យ គឺមិនមានន័យថា យើងពឹងផ្អែកលើការយល់ឃើញ ឬសមត្ថភាពរបស់យើងនោះទេ។ យើងត្រូវទុកចិត្តព្រះ ហើយសម្លឹងមើលទៅព្រះអង្គ។ ប៉ុន្តែ យើងក៏ត្រូវប្រើសមត្ថភាពដែលព្រះអង្គប្រទានមកយើងឲ្យរស់នៅ ដោយចេះគិតពិចារណា តាមបំណងព្រះទ័យព្រះអង្គ។ យើងត្រូវតែត្រៀមខ្លួន ធ្វើការអ្វីដែលយើងអាចធ្វើបាន និងថ្វាយអ្វីដែលយើងមិនអាចធ្វើបាន ដល់ព្រះអង្គ។ ចូរកុំយល់ច្រឡំថា ការនៅស្ងៀមចាំទទួលអ្វីមួយ ដោយមិនធ្វើអ្វីសោះ គឺជាការកោតខ្លាចព្រះនោះឡើយ។ ប៉ុន្តែ តាមរយៈអាកប្បកិរិយា និងសកម្មភាពរបស់យើង នាង រស់ បានបង្រៀនយើងថា អ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់ប្រទាន គឺឱកាសសម្រាប់ទទួលអ្វីដែលយើងត្រូវការ គឺដោយសារសេចក្តីមេត្តា និងការអនុគ្រោះដែលយើងមិនសមទទួលពីព្រះដែលជាអ្នកប្រទានអំណោយល្អ និងគ្រប់លក្ខណ៍ (យ៉ាកុប ១:១៧)។
ពេលណាយើងក្រោកឡើង ហើយធ្វើការងារ យើងអាចទុកចិត្តថា ព្រះអម្ចាស់មិនដែលនៅស្ងៀមឡើយ។ ព្រះអង្គកំពុងធ្វើអ្វីៗគ្រប់យ៉ាង តាមបំណងព្រះទ័យព្រះអង្គ (រ៉ូម ៨:២៨) គឺមិនដូចកញ្ចប់អំណោយដែលគេសម្រូតចុះពីស្ថានសួគ៌មកទេ តែដូចជាក្រាំងដែលពន្លៀកពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលយើងឆ្លងកាត់ជីវិតដ៏លំបាក។ ការអនុគ្រោះរបស់ព្រះអង្គក្នុងរឿងសាមញ្ញក្នុងជីវិត ជួយយើងឲ្យបន្តដើរបានមួយថ្ងៃទៀត។ ស្ថានភាពរបស់អ្នកនៅថ្ងៃនេះ ប្រហែលមិនមានលក្ខណៈរំភើបរីករាយ ឬស្រស់ស្រាយទេ។ អ្នកប្រហែលមិនដឹងច្បាស់ថា អ្នកនឹងជម្នះបញ្ហាចំពោះមុខ ដោយរបៀបណាទេ។ ប៉ុន្តែ ព្រះអម្ចាស់បានឲ្យអ្នកនៅមានជីវិតនៅថ្ងៃនេះ ដូចនេះព្រះអង្គនឹងប្រទានអ្វីៗដែលអ្នកត្រូវការ ដើម្បីឲ្យអ្នកធ្វើការអ្វីដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ។
តើអ្នកនឹងក្រោកឡើង ហើយប្រើជីវិតដែលព្រះបានប្រទានយ៉ាងសកម្ម ដោយរស់នៅថ្វាយព្រះអង្គ និងសិរីល្អរបស់ព្រះអង្គ ដូចនាង រស់ ដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ២ថែស្សាឡូនីច ៣:៧-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៨-៩ និងម៉ាថាយ ៨:១-១៧