នំម៉ាណាប្រចាំថ្ងៃ
លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា

លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា

ដោយMonica Larose

May 15, 2025

២កូរិនថូស ១២:១-១០

ខ្ញុំ​នឹង​ស៊ូ​អួត​ពី​​សេចក្ដី​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌​​ចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅនឹង​ខ្ញុំ​។ ២កូរិនថូស ១២:៩

លោក​ថូ​ម៉ាស អ័​គីណាស(Thomas Aquinas) ជា​ទេវ​វិទូ នៅ​ក្នុង​មជ្ឈិម​សម័យ បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​រស់នៅ ក្នុង​ជីវិត​ដែល​ស្វែងរក​បំណង​ព្រះទ័យ​ព្រះ​។ ក្រុម​គ្រួសារ​គាត់​បាន​ឃុំ​ខ្លួន​គាត់​ក្នុង​គុក អស់​រយៈ​ពេល១ឆ្នាំ ដើម្បី​​ព្យាយាម​បំបាក់​ទឹក​ចិត្ត​គាត់ មិន​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ដូ​មីនីខិន ជា​ក្រុម​ដែល​មាន​ការ​ប្តូរ​ផ្តាច់ ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដែល​សាមញ្ញ និង​មានការ​សិក្សា និង​ផ្សាយ​ព្រះបន្ទូល​។ បន្ទាប់ពី​គាត់​បាន​ចំណាយ​​ពេល​ពេញ​មួយ​ជីវិត ដើម្បី​​សិក្សា​ព្រះ​គម្ពីរប៊ីប និង​ខគម្ពីរ​ដែល​និយាយ​អំពី​​ការ​បង្កើត​របស់​ព្រះ ហើយ​បាន​និពន្ធ​សៀវភៅ​ជិត១០០ភាគ គាត់​បាន​ដក​ពិសោធន៍​នូវ​ទំនាក់​ទំនងជា​មួយ​ព្រះ ដែល​មានន័យ​យ៉ាង​ខ្លាំង បានជា​គាត់​សរសេរ​ថា “ខ្ញុំ​មិន​អាច​រក​ពាក្យ​ដើម្បី​សរសេរ​សៀវភៅ​​ទៀត​ទេ ព្រោះ​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​នូវ​ការ​យល់​ដឹង អំពី​ប្រាជ្ញា​របស់​ព្រះអង្គ ដែល​មាន​ពេញ​ដោយ​សិរី​ល្អ បានជា​ពាក្យ​ពេចន៍​ទាំង​អស់ ដែល​ខ្ញុំ​បាន​សរសេរ​កន្លងមក គឺ​ប្រៀប​ដូចជា​ចំបើង​ប៉ុណ្ណោះ”។ បី​ខែ​ក្រោយមក គាត់​ក៏បាន​លាចាក​លោក​។

សាវ័ក​ប៉ុល​ក៏បាន​ពិពណ៌នា អំពី​ការ​ដក​ពិសោធន៍​ដែល​គាត់​មាន​ជាមួយ​ព្រះ ដោយ​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង លើស​ពី​ពាក្យ​ដែល​គាត់​អាច​ពិពណ៌នា​បាន គឺ​នៅពេល​ដែល​ព្រះ​ទ្រង់​​បាន​លើក​គាត់​ឡើង​ "ដល់​ស្ថាន​​​បរម​សុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ “ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ” សាវ័ក​ប៉ុល​មាន “បន្លា១ចាត់មក​ក្នុង​សាច់ឈាម”(ខ.៧) ដើម្បី​ឲ្យ​គាត់​បន្ទាប​ខ្លួន និង​ពឹង​ផ្អែកលើ​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កម្សោយ”(ខ.៩)។

ពេលណា​យើង​ស្វែង​យល់​អំពី​ព្រះ​កាន់តែ​ច្រើន យើង​នឹង​បាន​​ដឹង​កាន់តែ​ច្បាស់​ថា ព្រះអង្គ​មាន​លក្ខណៈ​ល្អ​អស្ចារ្យ លើស​ពាក្យ​ដែល​យើង​អាច​ពិពណ៌នា​បាន​។ តែ​ព្រះគុណ និង​សេចក្តី​ល្អ​របស់​ព្រះគ្រីស្ទ​ក៏​បាន​ចែងចាំង​យ៉ាង​ច្បាស់ នៅ​​ក្នុង​ភាព​កម្សោយ និង​ភាព​ស្ញប់​ស្ញែង​ដែល​មិន​អាច​ពិពណ៌នា​បាន​​។—Monica La Rose

តើ​អ្នក​បាន​ដក​ពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ព្រះអម្ចាស់ ក្នុង​ជីវិត​អ្នក ដែល​លើស​ពី​ពាក្យ​ដែល​អ្នក​អាច​ពិពណ៌នា​បាន?
តើ​បទ​ពិសោធន៍​នោះ​បាន​ផ្លាស់​ប្តូរ​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ល្អ​របស់​ព្រះអង្គ ដែល​បាន​កែ​​ប្រែ​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​សម្រាក ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ២២-២៣ និង យ៉ូហាន ៤:៣១-៥៤

លើស​ពី​ពាក្យ​ដែល​អាច​ពិពណ៌នា | នំម៉ាណាប្រចាំថ្ងៃ - Daily Manna