ការ​កត់​ត្រា​ច្បាស់​លាស់​អំពី​ព្រះយេស៊ូវ

ម៉ាកុស ១:១-៨

នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ ម៉ាកុស ១:១

កាលពី​ពេល​ថ្មីៗ​នេះ បង​ប្រុស​របស់​ខ្ញុំ ឈ្មោះ​ស្កត់(Scott) បាន​ទទួល​កំណត់ហេតុ អំពី​ការ​ចូល​បម្រើ​កងទ័ព​របស់​ឪពុក​យើង នៅ​សម័យ​សង្គ្រាម​លោក​លើកទី២​។ នៅពេល​ដែល​ខ្ញុំ​អាន​កំណត់ហេតុ​ប៉ុន្មាន​ទំព័រ​នោះ ខ្ញុំ​មិន​បាន​ឃើញ​មាន​កំណត់​ត្រា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អំពី​ឪពុក​របស់​យើង​ទេ​។ គេ​គ្រាន់តែ​បាន​កត់​ត្រា​អំពី​ការ​ពិត ដែល​ជា​ទិន្នន័យ​។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​អាន តែ​ទី​បំផុត ខ្ញុំ​មាន​ការ​មិន​ពេញ​ចិត្ត ព្រោះ​អ្វី​ដែលគេ​បាន​សរសេរ​អំពី​គាត់ មិន​មាន​អ្វី​ថ្មី​សម្រាប់​ខ្ញុំ​សោះ។

តែ​យើង​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​កំណត់​ត្រា​អំពី​ព្រះជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង៤ ដែល​លើស​ពី​ទិន្នន័យ​ធម្មតា​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​គឺជា​ការ​ពិពណ៌នា ដែល​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះយេស៊ូវ​ជា​នរណា ក្នុង​សម័យ​ដែល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ក៏​ដូចជា​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ការ​កត់​ត្រា​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី​បក​ស្រាយ អំពី​សេចក្តី​ថ្លែង​ការ​ដ៏​សំខាន់​របស់​កណ្ឌ​គម្ពីរ​នេះ ដែល​បាន​ចែងថា “នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ” (ម៉ាកុស ១:១)។ ខ​គម្ពីរ​ដែល​មាន​ជា​បន្ត​បន្ទាប់ ក៏បាន​ប្រាប់​យើង​អំពី​របៀប​ដែល​លោក​យ៉ូហាន បាទីស្ទ បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​មែស៊ី​។ គឺ​ដូច​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះអង្គ​​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌​បាទ​ទ្រង់​ផង”(ខ.៧)។ កំណត់​ត្រា​របស់​កណ្ឌ​គម្ពីរ​ម៉ាកុស គឺ​បាន​បង្ហាញ​ច្បាស់​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ សាវ័ក​យ៉ូហាន​ក៏​​បាន​កត់​​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​ផង​ដែរ​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន “បាន​ចែង​​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយសារ​ព្រះ​នាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ”(យ៉ូហាន ២០:៣១)។

ការ​អះអាង​អំពី​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ មាន​ភស្តុតាង​ជា​បរិបូរ​។ អ្វី​ដែល​យើង​ត្រូវ​សួរ​ខ្លួនឯង​នោះ​គឺ តើ​អ្នក​គិតថា ព្រះ​អង្គ​សំខាន់​ប៉ុណ្ណា​ចំពោះ​អ្នក? តើ​ព្រះ​អង្គ​បាន​កែ​ប្រែ​ជីវិត​អ្នក យ៉ាងណា​ខ្លះ?—Bill Crowder

តើ​អ្នក​យល់​ឃើញ​យ៉ាងណា អំពី​ភស្តុតាង​អំពី​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ?
តើ​អ្នក​អាច​ចែក​ចាយ​ដូច​ម្តេច​ខ្លះ អំពី​ការ​ឆ្លើយតប​របស់​អ្នក ចំពោះ​​ភស្តុតាង​ទាំង​នោះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​កំណត់​ត្រា​ច្បាស់​លាស់ អំពី​ព្រះ​ជន្ម​របស់​ព្រះរាជបុត្រា​របស់​ព្រះអង្គ​។

Learn more here: ODB.org/personal-relationship-with-god.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤

More articles