ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់ នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួនជា​នាង​ទៅ​ក្នុង​ស្រែ១របស់​បូអូស ដែល​ជា​សាច់​ញាតិ​នឹង​អេលីម៉ាលេច ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម»(នាងរស់ ២:៣-៤)។

ពេល​យើង​មើលទៅ​ជីវិត យើង​ច្រើនតែ​មើល​ឃើញ​ខ្សែ​អំបោះ​នៃ​ជីវិត ដែល​ចាក់​ស្រែះ ឬ​ប្រទាក់​គ្នា នៅ​ផ្ទៃ​ខាង​ក្រោយ​នៃ​ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់ ដែល​ព្រះអម្ចាស់​កំពុង​រចនា។

នាង ន៉ាអូមី និង​នាង រស់ ក៏​បាន​ឆ្លង​កាត់​ភាព​ចាក់​ស្រែះ​របស់​ខ្សែ​អំបោះ​នៃ​ជីវិត។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អ៊ីស្រាអែល​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ គ្មាន​ប្រាក់​ជាប់​ខ្លួន ជា​ស្ថានភាព​ដែល​ងាយ​រង​គ្រោះ​បំផុត សម្រាប់​ស្ត្រី​នៅ​ក្នុង​សង្គម​អនាធិបតេយ្យ (ពួក​ចៅហ្វាយ ២១:២៥)។ ក្នុង​សង្គម​របស់​សាសន៍​អ៊ីស្រាអែល​សម័យ​បុរាណ មាន​ក្រឹត្យ​វិន័យ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នកក្រ​ចូល​ក្នុង​វាល​ស្រែ​រើស​កួរ​ស្រូវ ដែល​អ្នក​ប្រមូល​ផល​បាន​ជ្រុះ​នៅ​លើ​ដី។ ព្រះ​អម្ចាស់​បាន​បង្កើត​ច្បាប់​នេះ​មក ដោយ​បាន​បង្ហាញ​ព្រះទ័យ​ទុកដាក់ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជន​ទុរគត។ ប៉ុន្តែ គេ​មិន​តែងតែ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​នេះ ឲ្យ​បាន​ញឹក​ញាប់ ក្នុង​សម័យ​នោះ​ទេ។

តែ​នៅពេល​ដែល​នាងរស់​បាន​តាំង​ចិត្ត​ដើរ​ចូល​ក្នុង​វាល​ស្រែ ព្រះអម្ចាស់​បាន​ធ្វើ​ការ​តាម​រយៈ​ក្រឹត្យ​វិន័យ​នេះ ដើម្បី​ផ្គត់​ផ្គង់​នាងរស់ និង​នាង​ន៉ាអូមី។ ការ​សម្រេច​ចិត្ត​ដ៏​សាមញ្ញ​របស់​នាងរស់ ហាក់​ដូចជា​បាន​ក្លាយ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ស្ត្រី​ទាំង​ពីរ និង​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ​ទាំងមូល។

នាងរស់​ក៏​បាន​ទៅ​រើស​កួរ​ស្រូវ​ក្នុង​ដី​ស្រែ​របស់​លោក​បូអូស ជា​ញាតិ​សាច់​ឆ្ងាយ​របស់​ស្វាមី​របស់​នាង​ន៉ាអូមី និង​ជា​បុរស​ដែល​មាន​ឋានៈ​ខ្ពស់។ ជនជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​យល់​ដឹង​ថា គ្រួសារ​គឺជា​ផ្នែក​មូលដ្ឋាន​របស់​សង្គម ដែល​ក្នុង​នោះ​សមាជិក​របស់​គ្រួសារ​ធំ​មាន​កាតព្វកិច្ច​ក្នុង​ការ​គាំទ្រ និង​ការពារ​សាច់​ញាតិ ដែល​កំពុង​ជួប​ការ​លំបាក​ដូច​នាង​ន៉ាអូមី​ជាដើម។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​ហស្ត​របស់​ព្រះ នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ដោយ​សេចក្តី​សប្បុរស​ដល់​នាង រស់ និង​នាង ន៉ាអូមី ហើយ​តាម​របៀប​ដែល​ហាក់​ដូចជា​មិន​គួរ​ឲ្យ​កត់​សំ​គាល់ បើ​គេ​មើល​តែ​មួយ​ភ្លែត។

តាម​ពិត ពេល​យើង​អាន​រឿង​នាង រស់ យើង​កត់​សម្គាល់​ឃើញ​ចំណុច​លម្អិត​ជា​ច្រើន ដែល​បាន​បើក​បង្ហាញ ដែល​ហាក់​ដូចជា​ចៃដន្យ។ នាង រស់ ស្រាប់តែ​សម្រេច​ចិត្ត​រើស​កួរ​ស្រូវ​នៅ​ថ្ងៃ​នោះ។ នាង ន៉ាអូមី ស្រាប់តែ​បាន​លើក​ទឹក​ចិត្ត​នាង រស់ ឲ្យ​ទៅ​រើស​កួរស្រូវ​នោះ។ លោក បូអូស ក៏​ស្រាប់តែ​ជ្រើសរើស​ពេល​ទៅ​ប្រមូល​ផល​ស្រែ​នៅ​ថ្ងៃ​នោះ​ផង​ដែរ។ នាង រស់ ស្រាប់តែ​សម្រេច​ចិត្ត​ទៅ​រើស​ក្នុង​ស្រែ​គាត់។ ប៉ុន្តែ ពេល​យើង​មើល​ទៅ​រឿង​នេះ​ទាំងមូល យើង​ឃើញថា ព្រះ​អង្គ​បាន​ប្រើ​ការ​ទាំង​អស់​នេះ​ដែល​បាន​កើត​ឡើង ដើម្បី​បង្ហាញ​ការ​ថែរក្សា​របស់​ព្រះ​អង្គ ដែល​បាន​បង្ហាញ​គោលបំណង​របស់​ព្រះ​អង្គ​នៅ​ក្នុង​ការ​ប្រោស​លោះ។ សរុប​មក ខ្សែ​លោហិត​ដែល​កើត​ចេញពី​លោក បូអូស និង​នាង រស់ គឺ​មាន​ស្ដេច ដាវីឌ ហើយ​ទី​បំផុត គឺ​មាន​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​អ្នក​ផ្គត់ផ្គង់ និង​ការពារ​ដែល​ធំ​ប្រសើរ​ជាង​លោក បូអូស ទៀត ដែល​ព្រះ​អង្គ​ក៏​មាន​ស្រុក​កំណើត​នៅ​ភូមិ​បេថ្លេហិម​ផង​ដែរ។

ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ចាក់​ខ្សែ​អំបោះ​បង្កើត​បានជា​រូប​ភាព​នៃ​រឿង​ដ៏​មានន័យ ដែល​និយាយ​អំពី​ការ​ផ្គត់ផ្គង់​នេះ នាង រស់ និង​នាង ន៉ាអូមី មុខ​ជា​បាន​គិតថា ពួក​គេ​ជា​ខ្សែ​អំបោះ​ដែល​ចាក់​ស្រែះ​ក្នុង​ពេល​ដ៏​ពិបាក​នោះ។ ជា​ញឹក​ញាប់ សាតាំង​ចង់​ឲ្យ​យើង​ផ្ដោត​ទៅលើ​កាលៈទេសៈ​ដែល​ហាក់​ដូចជា​ច្របូក​ច្របល់ និង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ដោយ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ យើង​ពិតជា​ងាយ​នឹង​ភ្លេច​ថា ការ​អ្វី​ដែល​ហាក់​ដូច​ជា​រញ៉េរញ៉ៃ គឺ​គ្រាន់តែ​ជា​ផ្ទៃ​ខាង​ក្រោយ​នៃ​ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់ ដែល​ព្រះ​អង្គ​បាន​ធ្វើ។ នៅ​ថ្ងៃ​មួយ យើង​នឹង​បាន​ឃើញ​ស្នា​ព្រះ​ហស្ត​ដ៏​វិចិត្រ​របស់​ព្រះ​អង្គ នៅ​លើ​ផ្ទៃ​ខាង​មុខ​នៃ​ផ្ទាំង​រូប​ក្រ​ណាត់​ប៉ាក់​នោះ ហើយ​នឹង​បាន​ដឹង​ច្បាស់​ថា ខ្សែ​អំបោះ​ចាក់​ស្រែះ នៅ​ផ្ទៃ​ខាង​ក្រោយ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​រុងរឿង​របស់​ព្រះ​អង្គ​ទេ។ នៅ​ថ្ងៃ​នេះ ចូរ​យើង​ចាំ​ថា រឿង​ទាំង​នោះ​គ្មាន​ភាព​ចៃដន្យ​ទេ ហើយ​ភាព​មិន​ច្បាស់​លាស់ និង​ការ​លំបាក គឺ​គ្រាន់តែ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ ហើយ​អ្វីៗ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ការ តាម​ផែនការ​នៅ​ពី​ក្រោយ​បញ្ហា​ទាំង​នោះ ដើម្បី​ជួយ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ចម្រើន​ឡើង​ខាង​ជំនឿ ការ​កោត​ខ្លាច​ព្រះ និង​នាំ​ពួក​គេ​ទៅ​រក​ព្រះ​អង្គ​នៅ​ស្ថាន​សួគ៌។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ នាងរស់ ២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១០-១១ និង​ម៉ាថាយ ៨:១៨-៣៤

More articles