លោកុប្បត្តិ ១:១-១៣
រួចទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ។ លោកុប្បត្តិ ១:១១
អ្នកស្រី អ៊ីនេស មេសៀ(Ynes Mexia ឆ្នាំ ១៨៧០-១៩៣៨) បានសម្រេចចិត្តចូលរៀនថ្នាក់រុក្ខវិទ្យា នៅមហាវិទ្យាល័យ ក្នុងនាមជាសិស្សឆ្នាំទី១ ក្នុងវ័យ៥១ឆ្នាំ។ នៅក្នុងអាជីពរបស់គាត់ ដែលមានរយៈពេល១៣ឆ្នាំ គាត់បានធ្វើដំណើរនៅទូទាំងតំបន់អាមេរិកកណ្តាល និងខាងត្បូង ដោយបានរកឃើញពូជរបស់រុក្ខជាតិថ្មីៗ៥០០ប្រភេទ។ មិនមែនមានតែគាត់ទេ ដែលបានធ្វើដំណើររុករកនេះ។ រៀងរាល់ឆ្នាំ អ្នកវិទ្យាសាស្ត្របានរកឃើញពូជរុក្ខជាតិថ្មីៗ ជាង២ពាន់មុខ។
ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក១ ព្រះទ្រង់បានប្រើផែនដីដែលនៅទទេ និងងងឹត(ខ.២) ដើម្បីបង្កើតទីកន្លែង ដែលមានជីវិតសត្វ និងរុក្ខជាតិជាបរិបូរ។ នៅថ្ងៃទី៣ ព្រះអង្គបានញែកទឹកចេញពីគ្នា ដើម្បីបង្កើតដីគោក ហើយក៏បានចាប់ផ្តើមធ្វើឲ្យវាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបាន ដោយ “ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី”(ខ.១១)។ រុក្ខជាតិ និងដើមឈើទាំងនោះ មានគ្រាប់ និងផ្លែ ដែលមនុស្សអាចបរិភោគជាអាហារបាន។ ព្រះអង្គមិនគ្រាន់តែបានបង្កើតដើមឈើហូបផ្លែមួយប្រភេទ តែបានបង្កើតឲ្យមានច្រើនជាបរិបូរ។
ព្រះទ្រង់មិនគ្រាន់តែជាព្រះអាទិករដែលបានបង្កើតរបស់សព្វសារពើ(ខ.១) តែព្រះអង្គក៏មានភាពប៉ិនប្រសប់ផងដែរ។ ព្រះអង្គចូលចិត្តបង្កើតរុក្ខជាតិ សត្វ និងផ្កាយជាច្រើនប្រភេទ។ បើព្រះអង្គគ្រាន់តែខ្វល់អំពីការប្រទានអាហារដល់យើង នោះព្រះអង្គអាចបង្កើតដើមឈើហូបផ្លែតែមួយប្រភេទក៏បាន។ តែព្រះអង្គមិនបានសំចៃ ឬរិះថាំក្នុងការបង្កើតរបស់សព្វសារពើ ហើយក៏មិនដែលធ្វើអ្វីៗ ដោយមិនគ្រប់ជ្រុងជ្រោយនោះឡើយ។
ព្រះអង្គមិនគ្រាន់តែមានភាពបរិបូរ នៅក្នុងការបង្កើតរបស់សព្វសារពើប៉ុណ្ណោះទេ។ ព្រះអង្គក៏បានប្រទានព្រះគុណមក ដោយព្រះទ័យសប្បុរសផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង”(១ធីម៉ូថេ ១:១៤)។ ព្រះគុណព្រះអង្គគឺមានលើសពីតម្រូវការរបស់យើង ហើយព្រះអង្គក៏បានប្រទានព្រះគុណមកជាបរិបូរហូរហៀរ ដោយស្រឡាញ់យើងរាល់គ្នា គឺដូចដែលព្រះអង្គបានបង្ហាញភាពបរិបូររបស់ព្រះអង្គ ក្នុងការបង្កើតអ្វីៗមក។—Matt Lucas
តើស្នាព្រះហស្តរបស់ព្រះបានបង្ហាញព្រះគុណដ៏ល្អ និងបរិបូររបស់ព្រះ ដូចម្តេចខ្លះ?
តើអ្នកអាចចែកចាយអំពីរឿងនៃព្រះគុណរបស់ព្រះអង្គ ដល់អ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្កើតពិភពលោកដ៏ស្រស់ស្អាតមក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១កូរិនថូស ៤-៦ និង យ៉ូហាន ៦:១-២១