កាន់តែ​រួម​គ្នា កាន់តែ​ប្រសើរ​ឡើង

សា​ស្តា ៤:៩-១២

ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​។ សា​ស្តា ៤:១០

មែហ្គី(Meggie) បាន​ប្រើ​ប្រាស់​ឆ្នាំ​ញៀន​រយៈ​ពេល១០ឆ្នាំ ដែល​បណ្តាល​ឲ្យ​គាត់​ជាប់គុក ជា​ច្រើន​លើក​ច្រើន​សារ​។ ដោយសារ​ជីវិត​របស់​នាង​មិន​មាន​ការ​ផ្លាស់​ប្តូរ មិន​យូរ​ប៉ុន្មាន​នាង​នឹង​ត្រូវ​ត្រឡប់​មក​ចូល​គុក​វិញ​ទៀត​។ ក្រោយមក នាង​ក៏​បាន​ជួប​​លោក​ហាន(Hans) ជា​អតីត​អ្នក​ញៀន​ថ្នាំ ដែល​ស្ទើរតែ​បាត់​បង់ដៃ​មួយ​ចំហៀង ដោយសារ​សរសៃ​ឈាម​បាន​បែក នៅពេល​ដែល​គាត់​ចាក់​គ្រឿងញៀន​​ចូល​ក្នុង​ដៃ​ខ្លួនឯង។ ហាន​និយាយ​ថា “ពេល​នោះ គឺជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​ស្រែក​រក​ព្រះ”។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ហើយ​បាន​រៀបចំ​ខ្លួន​គាត់ ធ្វើ​ជា​អ្នក​ឯកទេស​ម្នាក់ នៅ​ក្នុង​អង្គការ​មួយ ដែល​ជួយ​អ្នក​ញៀន​ថ្នាំ​ដែលកំពុង​​ជាប់គុក ឲ្យ​បាន​ជា​សះ​​ស្បើយ​ពី​​ការ​ញៀន​​ថ្នាំ​។

កម្ម​វិធី​សម្ល​ថ្ម ដែល​អង្គការ​នេះ​បាន​បង្កើត​ឡើង កំពុង​ជួយ​មន្ទីរ​ឃុំ​ឃាំង​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ​ជួយ​អ្នក​ដែល​ធ្លាប់​ជាប់គុក ឲ្យ​អាច​វិល​ត្រឡប់​ទៅ​រក​ការ​រស់នៅ​ក្នុង​សហគមន៍​ឡើង​វិញ​។ តាមរយៈ​កម្មវិធី​នេះ មែហ្គី​ក៏​ផ្លាស់​ទៅ​រស់នៅ ក្នុង​ផ្ទះ​ដែល​មិន​មាន​សារ​ធាតុ​ញៀន ហើយ​គាត់​ក៏​បាន​ឈប់​ប្រើ​ថ្នាំញៀន​។ លោក​ហាន​ក៏​បាន​ជួយ​មែហ្គី និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ការងារ​ធ្វើ មាន​ជម្រើស​ក្នុង​ការ​ទទួល​ការ​អប់រំ ការ​ព្យាបាល និង​ជួយ​​ពួកគេ​ឲ្យ​មាន​ទំនាក់​ទំនងជា​មួយ​គ្រួសារ​របស់​ខ្លួន​ឡើង​វិញ​។

ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​ចំណុច​ខ្លាំង នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូរ ប្រកបដោយ​ប្រាជ្ញា​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នកណា​ដែល​ដួល​ក្នុង​កាលដែល​នៅតែ​ម្នាក់ឯង ឥតមាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(សា​ស្តា ៤:៩-១០)។

កម្ម​វិធី​សម្ល​ថ្ម​ដែល​ពួកគេ​បាន​ធ្វើ​នេះ គឺ​បាន​យក​លំនាំ​តាម​រឿង​និទាន​អំពី សម្ល​ថ្ម ដែល​ក្នុង​រឿង​នោះ អ្នក​ដំណើរ​ដែល​កំពុង​ឃ្លាន​អាហារ ត្រូវ​បាន​អ្នក​ភូមិ​អញ្ជើញ ឲ្យ​បន្ថែម​គ្រឿង​ម្នាក់​​មួយ​មុខៗ ទៅ​ក្នុង​​សម្ល​ស៊ុប​ដែល​មាន​តែ​ថ្ម​មួយ​ដុំ​នៅ​ខាង​ក្នុង ​ ហើយ​ទីបំផុត​អ្នកដំណើរ​ជា​ច្រើន​ បាន​ថែម​គ្រឿង​ម្នាក់​មួយ​មុខ​ៗ បង្កើត​បាន​ជា​សម្ល​ដ៏​ឈ្ងុយ​ឆ្ងាញ់​។ ព្រះ​គម្ពីរ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា យើង​មាន​ភាព​រឹងមាំ និង​ល្អ​ប្រសើរ​ឡើង ពេលណា​យើង​ជួយ​ជ្រោង​គ្នា​ទៅវិញ​ទៅមក(ខ.១២)។ ផែនការ​របស់​ព្រះ គឺ​ដើម្បី​ឲ្យ​យើង​រស់នៅ ជា​សហគមន៍ ដោយ​ជួយ​អ្នក​ដទៃ និង​ទទួល​ជំនួយ​ពី​គេ​មកវិញ​។ នេះ​មិនមែន​ជា​រឿង​និទាន​ទេ តែ​ជា​សេចក្តី​ពិត​សម្រាប់​ជីវិត​។—Patricia Raybon

តើ​ការ​រួម​ចំណែក​របស់​យើង បាន​ជួយ​យើង​ឲ្យ​បម្រើ​អ្នក​ដទៃ​បាន​ល្អ​ជាង​មុន យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​អាច​រួម​ចំណែក​អ្វី​ខ្លះ ដើម្បី​ជួយ​បង្កើត​សម្ល​ថ្ម សម្រាប់​សហគមន៍​របស់​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ប្រទាន​ពរ​ទូល​បង្គំ ឲ្យ​ចូល​រួម​ជាមួយ​អ្នក​ដទៃ ដើម្បី​ជួយ​ពួកគេ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ៧-៩ និង យ៉ូហាន ៦:២២-៤៤

More articles