អេសាយ ៤១:១០-១៣
អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង។ អេសាយ ៤១:១០
បន្ទាប់ពីប្រទេសទួគីបានទទួលរងគ្រោះរញ្ជួយដី ដែលបណ្តាលឲ្យមានវិនាសកម្ម នៅខែកុម្ភៈ ឆ្នាំ២០២៣ មានរូបថតដែលគួរឲ្យភ័យខ្លាចមួយ បានលេចឡើងនៅលើទំព័រសារព័ត៌មានជាច្រើន។ ក្នុងរូបថតនោះ គេឃើញបុរសជាឪពុកម្នាក់កំពុងអង្គុយ កាន់ដៃមួយដែលបានលានចេញពីគំនរថ្ម ដៃនោះគឺជាដៃរបស់កូនស្រីគាត់។ ក្នុងរូបថតនោះ គេក៏ឃើញជាយរបស់ពូកដែលកូនស្រីរបស់គាត់បានគេង នៅពេលរញ្ជួយដីបានកើតឡើង ហើយគេក៏ឃើញម្រាមដៃលែងមានជីវិត ដែលគាត់កំពុងតែកាន់។ ទឹកមុខគាត់ក្រៀមក្រំយ៉ាងខ្លាំង។ គាត់មានការសោកសង្រេងលើសពាក្យពណ៌នា។
នៅក្នុងទឹកមុខដ៏ក្រៀមក្រំរបស់ឪពុកម្នាក់នេះ ខ្ញុំបាននឹកចាំព្រះទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ កណ្ឌគម្ពីរលោកុប្បត្តិបានប្រាប់យើងថា ព្រះទ្រង់បានសោកសង្រេង ដោយសារសេចក្តីហិនវិនាសនៃបាបរបស់មនុស្ស ជាស្នាព្រះហស្តរបស់ព្រះអង្គ(៦:៦)។ កណ្ឌគម្ពីរអេសាយបានចែងអំពីព្រះមែស៊ីដែលត្រូវយាងមក យ៉ាងដូចនេះថា “ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់”(៥៣:៣)។ ព្រះទ្រង់បានសោកសង្រេង ចំពោះយើង និងជាមួយយើង ហើយក៏គង់នៅជាយនៃគំនរបាក់បែកនៃជីវិតយើង ដោយឈោងព្រះហស្តមករកយើង ដោយបន្ទូលថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង”(៤១:១៣)។
ទោះអ្នកកំពុងជួបប្រទះគ្រោះមហន្តរាយ ដែលជាកាលៈទេសៈដ៏សោកសៅ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬកំពុងទទួលផលវិបាកពីបាបរបស់អ្នកក៏ដោយ ចូរដឹងថា ព្រះទ្រង់បានសោកសង្រេងជាមួយអ្នក។ ទោះជីវិតអ្នករង្គោះរង្គើ ដោយសារបញ្ហាណាក៏ដោយ ដែលវេទនាដូចគ្រោះរញ្ជួយដី ចូរចាំថា ព្រះទ្រង់កំពុងឈោងមករកដៃអ្នកហើយ។ ទោះអ្នកមានការសោកសង្រេងយ៉ាងណា នៅពេលបច្ចុប្បន្ន ចូរស្តាប់ព្រះនៃសេចក្តីស្រឡាញ់ មានបន្ទូលមកអ្នកថា “កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង”(ខ.១៣)។—Kenneth Petersen
តើជីវិតរបស់អ្នក ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអតីតកាល បានរង្គោះរង្គើ ដូចម្តេចខ្លះ?
តើការដែលព្រះទ្រង់សោកសង្រេងជាមួយអ្នក មានន័យយ៉ាងណាចំពោះអ្នក?
ឱព្រះវរបិតា ដែលបានសោកសង្រេងជាមួយទូលបង្គំ និងចំពោះទូលបង្គំ ទូលបង្គំសូមអរព្រះគុណព្រះអង្គ
ដែលបានឈោងមករកទូលបង្គំ ដោយព្រះហស្តស្តាំដ៏សុចរិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១២ និង យ៉ូហាន ៦:៤៥-៧១