នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ស្រឡាញ់ ដែល​សក្តិ​សមនឹង​លះបង់​ជីវិត

សេចក្តី​ស្រឡាញ់ ដែល​សក្តិ​សមនឹង​លះបង់​ជីវិត

ដោយWinn Collier

May 22, 2025

 

ម៉ាថាយ ១៦:២១-២៨ 

ព្រោះ​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ​។ ម៉ាថាយ ១៦:២៥

លោក​វីលៀម ថេមភល(William Temple) គឺជា​អ្នក​ដឹកនាំ​ពួក​ជំនុំ ជនជាតិ​អង់គ្លេស នៅ​សតវត្សរ៍ទី១៩ ធ្លាប់​បាន​អធិប្បាយ​ព្រះបន្ទូល​ព្រះ ទៅ​កាន់​និស្សិត​សកលវិទ្យាល័យ​អក់ស្វឺត ហើយ​​​បាន​បញ្ចប់​ការ​អធិប្បាយ​ព្រះបន្ទូល​ដោយ​ពាក្យ​ពេចន៍ ដក​ស្រង់​ពី​​ទំនុក​សកល មាន​ចំណង​ជើង​ថា “កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ”(លេខ៤៨)។ ប៉ុន្តែ គាត់​បាន​ដាស់តឿន​ពួកគេ មិន​ឲ្យ​មើល​ស្រាល​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ឡើយ​។ លោក​គ្រូ​ថេមភល មាន​ប្រសាសន៍​ថា “បើ​ពាក្យ​ពេចន៍​ក្នុង​ទំនុក​ដំកើង​នោះ ពិត​ជា​ប៉ះ​ពាល់​ចិត្ត​អ្នក​មែន ចូរ​ច្រៀង​ឲ្យ​ឮ​ៗ​ចុះ​។ តែបើ​មិន​ប៉ះ​ពាល់​ចិត្ត​អ្នក​ទាល់តែសោះ សូម​នៅ​ស្ងៀម កុំ​ច្រៀង​អី​។ បើ​ប៉ះ​ពាល់​ចិត្ត​អ្នក​បន្តិច​បន្តួច​ដែរ ហើយ​អ្នក​ចង់​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​ជាង​នេះ​ទៀត នោះ​ចូរ​ច្រៀង​ដោយ​សម្លេង​ស្រទន់​វិញ”។ ហ្វូង​មនុស្ស​ដែល​កំពុង​ស្តាប់​ការ​អធិប្បាយ មាន​សភាព​ស្ងាត់​ស្ងៀម ខណៈ​ពេល​ដែល​ម្នាក់ៗ​កំពុង​មើល​ទំនុក​ច្រៀង​របស់​បទ​នេះ​។ សម្លេង​មនុស្ស​រាប់​ពាន់​នាក់​ក៏បាន​ចាប់​ផ្តើម​ច្រៀង ដោយ​សម្លេង​ខ្សឹប​​ៗ បន្តិច​ម្តងៗ ហើយក៏​បាន​ដំឡើង​សម្លេង​ច្រៀង​កាន់តែ​ខ្លាំង នៅ​ឃ្លា​ចុង​ក្រោយ ដែល​ច្រៀង​ថា “សេចក្តី​ស្រឡាញ់​នៃ​ព្រះ​ឧត្តម នោះ​គួរ​តប ដោយ​ថ្វាយ​គ្រប់​ទាំង​អស់”។

និស្សិត​ទាំង​នោះ នៅ​សកលវិទ្យាល័យ​អក់ស្វឺត បាន​យល់​ការ​ពិត​ដែល​ថា ការ​ជឿ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់ ព្រោះ​ការ​សម្រេច​ចិត្ត​នេះ​គឺ​មានន័យថា ពួក​គេ​ត្រូវ​ឱប​ក្រសោប​យក​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ដែល​តម្រូវ​ឲ្យ​យើង​លះបង់​អ្វីៗ​គ្រប់​យ៉ាង​។ ការ​ដើរ​តាម​ព្រះគ្រីស្ទ តម្រូវ​ឲ្យ​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះអង្គ​។ ព្រះអង្គ​បាន​ប្រាប់​ពួក​សាវ័ក​របស់​ព្រះអង្គ​យ៉ាង​ច្បាស់​ថា “បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាថាយ ១៦:២៤)។ គ្មាន​នរណា​ម្នាក់​ដែល​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះអង្គ ដោយ​គ្មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​។

ប៉ុន្តែ ការ​ដើរ​តាម​ព្រះយេស៊ូវ ក៏​ជា​ផ្លូវ​ចូល​ទៅ​រក​ក្តី​អំណរ​ជ្រាល​ជ្រៅ​បំផុត​។ យើង​នឹង​បាន​ដឹង​ថា ជីវិត​ដែល​រស់នៅ​ក្នុង​ព្រះអង្គ គឺជា​ជីវិត​ដែល​យើង​ពិតជា​ចង់​បាន​។ យើង​ប្រហែល​ជា​ពិបាក​យល់​ពី​ដំបូង​។ ទោះជា​យ៉ាងណា​ក៏ដោយ បើ​យើង​ឆ្លើយតប ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ជឿ​លើ​ព្រះគ្រីស្ទ ហើយ​លះបង់​ភាព​អាត្មា​និយម ដែល​មិន​បាន​គិត​វែង​ឆ្ងាយ នោះ​យើង​នឹង​រក​ឃើញ​ជីវិត ដែល​វិញ្ញាណ​យើង​កំពុង​ស្រេក​ឃ្លាន​ចង់​បាន(ខ.២៥)។—Winn Collier

តើ​ការ​ជឿ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ តម្រូវ​ឲ្យ​អ្នក​មាន​ការ​លះបង់​អ្វី​ខ្លះ? តើ​អ្នក​នឹង​ទទួល​បាន​អ្វី​ខ្លះ?

ឱ​ព្រះអម្ចាស់ ការ​ដើរ​តាម​ព្រះអង្គ​មិន​ងាយ​ស្រួល​ទេ តែ​ទូល​បង្គំ​ចង់​ថ្វាយ​ជីវិត និង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​។

For further study, read Keeping the Faith—The Cost of Following Christ at DiscoverySeries.org/Q0614.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៦-១៨ និង យ៉ូហាន ៧:២៨-៥៣