
ការដាច់ចេញបានរលាយនៅលើឈើឆ្កាង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 22, 2025
«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ» (អេភេសូរ ២:១-២)។
ព្រះគម្ពីរប៊ីបបានប្រៀបធៀបមនុស្សដែលមិនទទួលការប្រោសលោះ ទៅនឹងមនុស្សស្លាប់ដែលមានចលនា ទោះស្តាប់មើលទៅ រឿងនេះដូចជាធ្ងន់ធ្ងរ និងនាំឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងណាក៏ដោយ។ បើមិនបាននៅក្នុងព្រះយេស៊ូវទេ មនុស្សទាំងប្រុសស្រី ជាមនុស្ស «ស្លាប់» ក្នុងការរំលង និងបាបរបស់ខ្លួន។
ការដែលព្រះគម្ពីរបានបកស្រាយអំពីមនុស្សជាតិយ៉ាងដូចនេះ គួរតែបានជួយឲ្យយើងមានការរំពឹងគិត អំពីលក្ខណៈនៃជីវិតដែលមនុស្សអាចមាននៅក្រៅនគរព្រះ។ ការអប់រំមានសារៈសំខាន់ណាស់។ ច្បាប់របស់រដ្ឋក៏មានភាពចាំបាច់មែន។ ប៉ុន្តែ ការអប់រំ និងច្បាប់ មិនអាចដោះស្រាយបញ្ហាជាមូលដ្ឋាន ដែលមានក្នុងចិត្តមនុស្សឡើយ។ ដំណោះស្រាយរបស់លោកីយ៍មិនអាចជួយយើងបានទេ ព្រោះពួកវាមិនអាចលើកយកបញ្ហាធំបំផុតមកនិយាយ គឺបញ្ហាពីកំណើតរបស់យើងដែល «ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ...នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ» (អេភេសូរ ២:១,៣)។
ការដាច់ចេញពីព្រះ ដែលជាសញ្ញាសំគាល់របស់មនុស្សជាតិនៅក្រៅព្រះគ្រីស្ទ មានលក្ខណៈខ្សែបន្ទាត់ឈរ។ ប៉ុន្តែ ផលវិបាករបស់វា បាញ់ចេញទៅគ្រប់ទិស។ សាវ័ក ប៉ុល បានបន្តបកស្រាយក្នុងកណ្ឌគម្ពីរអេភេសូរ អំពីរបៀបដែលការដាច់ចេញក្នុងលក្ខណៈខ្សែបន្ទាត់ឈរ មានផលប៉ះពាល់មកលើទំនាក់ទំនងក្នុងលក្ខណៈខ្សែបន្ទាត់ដេក រវាងសាសន៍យូដា និងសាសន៍ដទៃ (អេភេសូរ ២:១១-១២)។ ការប្រឆាំងគ្នាដ៏រ៉ាំរ៉ៃរវាងសាសន៍យូដា និងសាសន៍ក្រិកក្នុងសម័យបុរាណ មានឫសគល់នៅក្នុងបាបរបស់មនុស្ស។ សាសន៍ទាំងពីរក្រុម សុទ្ធតែដាច់ចេញពីព្រះ គឺដូចដែលវាំងននក្នុងព្រះវិហារនៅទីក្រុងយេរូសាឡឹមបានធ្វើជាដំណាងឲ្យការដាច់ចេញនេះ ហើយសាសន៍ទាំងពីក្រុម ក៏បានដាច់ចេញពីគ្នា ដោយជញ្ជាំងនៃវប្បធម៌ និងសាសនានៅចន្លោះពួកគេ (ខ.១៤)។
តាមពិត ការដាច់ចេញពីគ្នានេះនៅតែបន្តមានសម្រាប់អ្នកដែលមិននៅក្នុងព្រះគ្រីស្ទ។ ការលះបង់ដើម្បីសហគមន៍របស់យើង និងការធ្វើការដើម្បីការផ្លាស់ប្ដូរក្នុងសង្គម និងដើម្បីប្រយោជន៍អ្នកជិតខាងយើង គឺជាការល្អ (ហើយតាមពិត ព្រះទ្រង់បង្គាប់រាស្ត្រព្រះអង្គឲ្យអនុវត្តដូចនេះឯង ដូចមានចែងក្នុង យេរេមា ២៩:៧) តែនេះមិនមែនជាកិច្ចការ ដែលគ្រីស្ទបរិស័ទត្រូវផ្ដោតចិត្តជាចម្បងនៅក្នុងការខិតខំធ្វើការបម្រើព្រះ ឬត្រូវដាក់ក្តីសង្ឃឹមទៅលើ ដើម្បីឲ្យមានការចាប់ផ្ដើមជាថ្មីនោះទេ។ មានតែនៅក្នុងព្រះយេស៊ូវទេ ដែលព្រះអម្ចាស់បានបង្កើតសង្គមថ្មីមួយ ដែលរនាំងនោះបានដួលរលំ ដោយសារព្រះគុណព្រះ។ ព្រះអម្ចាស់បានប្រទាន «ខ្នាតគំរូ» ក្នុងពួកជំនុំក្នុងតំបន់ពិតប្រាកដ ដើម្បីនាំមកនូវការផ្លាស់ប្ដូរក្នុងលោកីយ៍។1 ពេលណាមនុស្សបានឃើញពួកជំនុំមានខ្នាតគំរូនេះ ពួកគេនឹងបានស្គាល់រសជាតិនៃការអ្វីដែលព្រះទ្រង់នឹងធ្វើ តាមផែនការទ្រង់ នៅពេលដែលបាប ទឹកភ្នែក និងទុក្ខវេទនាលែងមានទៀត នៅពេលដែលអ្វីៗដែលព្រះអង្គបានគ្រោងទុក ក្នុងផ្ទៃមេឃ និងផែនដីថ្មី នឹងបានសម្រេច។
ការដាច់ចេញទាំងក្នុងលក្ខណៈខ្សែបន្ទាត់ឈរ និងខ្សែបន្ទាត់ដេក គឺមិនអាចជៀសបានទេ ពេលណាយើងដាច់ចេញពីព្រះគ្រីស្ទ។ ប៉ុន្តែ ក្នុងព្រះគ្រីស្ទ និងក្នុងសង្គមដែលព្រះអង្គកំពុងកសាង និងដឹកនាំ ការដាច់ចេញដូចនេះ បានជាប់ឆ្កាងជាមួយព្រះអង្គហើយ។ បើយើងគិតអំពីធាតុពិតនៃបាបឲ្យបានដិតដល់ គឺមានន័យថា យើងត្រូវខិតខំធ្វើការក្នុងពួកជំនុំ ដើម្បីធានាថា ពួកជំនុំគឺជាកន្លែង ដែលព្រះគុណបានផ្ដួលរំលំរនាំង ហើយគេអាចមើលឃើញគំរូនៃនគរព្រះ ដែលនឹងមកដល់នៅពេលអនាគត។ ទំរាំដល់ពេលយើងបានទៅរស់នៅទីនោះ យើងមានឱកាសធ្វើការថ្វាយនគរព្រះអង្គ និងអរសប្បាយនឹងគំរូនៃនគរព្រះអង្គក្នុងពេលបច្ចុប្បន្ន។
ព្រះគម្ពីរសញ្ជឹងគិត៖ ២យ៉ូហាន ១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១-៣ និងម៉ាថាយ ១២:១-២១
1 លោក Christopher Ash, Remaking a Broken World: The Heart of the Bible Story (The Good Book Company, ឆ្នាំ២០១៩), ទំព័រ១៦៣។
បទគម្ពីរប្រចាំថ្ងៃ
«ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ» (អេភេសូរ ២:១-២)។
ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១-៣ និងម៉ាថាយ ១២:១-២១