នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សេចក្តី​សុចរិត សេចក្តី​សប្បុរស និង​ការ​បន្ទាប​ខ្លួន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

សេចក្តី​សុចរិត សេចក្តី​សប្បុរស និង​ការ​បន្ទាប​ខ្លួន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 10, 2025

«ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្តី​ដែល​ល្អ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត​ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាប​ប៉ុណ្ណោះ» (មីកា ៦:៨)។
កាល​លោក ចន ញូតុន (John Newton) ជា​អ្នក​និពន្ធ​ចម្រៀង​ទំនុក​សកល និង​ជា​គ្រូ​គង្វាល​នៅ​សតវត្សរ៍​ទី១៨​បាន​អធិប្បាយ​ព្រះ​បន្ទូល​ផ្អែក​ទៅ​លើ​ខ​គម្ពីរ​នេះ គាត់​បាន​ដាក់​ចំណង​ជើង​ឲ្យ​ការ​អធិប្បាយ​របស់​គាត់​ថា «យើង​មាន​សិទ្ធិ​ចូល​ទៅ​រក​ព្រះ ដោយ​សារ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ»។ ហេតុ​អ្វី​គាត់​ប្រើ​ចំណង​ជើង​នេះ ដែល​ហាក់​ដូច​ជា​មិន​ជាប់​ទាក់ទង​នឹង​ខ​គម្ពីរ​នេះ? លោក ញូតុន ក៏​បាន​បក​ស្រាយ​ថា «ក្នុង​ព្រះ​គម្ពីរ គ្មាន​ខ​គម្ពីរ​ណា ដែល​គេ​មាន​ការ​យល់​ច្រឡំ​ជា​ទូទៅ​ខ្លាំង​ជាង​ខ​គម្ពីរ​នេះ​ទេ»។1 
គាត់​បាន​ជ្រើស​រើស​ចំណង​ជើង​សម្រាប់​ការ​អធិប្បាយ​នេះ ដើម្បី​កែ​តម្រង់​ការ​យល់​ច្រឡំ​ដែល​មាន​ជា​ទូទៅ​នោះ។ ចំណង​ជើង​នេះ​បាន​ដាស់​តឿន​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​គ្រោះ​ថ្នាក់​នៃ​ការ​អាន​អំពី​សេចក្តី​ល្អ​ក្នុង​ខ​គម្ពីរ​នេះ ហើយ​ព្យាយាម​ប្រព្រឹត្ត​ដោយ​សេចក្តី​ល្អ​នេះ​ដោយ​គ្មាន​ដំណឹង​ល្អ ឬ​ប្រកាស​អំពី​សេចក្តី​ល្អ​នេះ​ជំនួស​ឲ្យ​ដំណឹង​ល្អ​ដោយ​និយាយ​ថា សេចក្តី​ល្អ​នេះ​ជា​ផ្លូវ​ចូល​ទៅ​រក​ព្រះ។ ការ​អនុវត្ត​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ប្រាស​ចាក​ពី​ការ​អ្វី​ដែល​ហោរា មីកា និង​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​តាម។ វិធី​ល្អ​បំផុត​ដើម្បី​យល់​បទ​គម្ពីរ មីកា ៦:៨ គឺ​មិន​មែន​តាម​រយៈ​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត​ជា​ច្រើន​នោះ​ទេ តែ​ការ​ប្រព្រឹត្ត​ទាំង​នោះ​ជា​ភស្តុតាង​បង្ហាញ​ថា យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ហើយ។ ពេល​ណា​យើង​មាន​ការ​យល់​ដឹង​ដូច​នេះ ដោយ​មាន​ការ​បណ្ដាល​ចិត្ត និង​គោល​ដៅ​ត្រឹម​ត្រូវ។ យើង​អាច​យល់​អំពី​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​កំពុង​ត្រាស់​ហៅ​ពួក​អ៊‌ីស្រាអែល​ក៏​ដូច​ជា​ត្រាស់​ហៅ​យើង​ឲ្យ​ធ្វើ។ 
ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា មីកា ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សុចរិត​ជា​ទី​មួយ។ បាន​សេចក្តី​ថា យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ប្រព្រឹត្ត​តាម​ព្រះ​ទ័យ និង​គោល​បំណង​របស់​ព្រះ​អម្ចាស់។ ឧទាហរណ៍៖ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា លោក ម៉ូសេ បាន​ថ្លែង​ថា ព្រះ​អម្ចាស់ «សម្រេច​សេចក្តី​សុចរិត​ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ​ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀក​បំពាក់​ផង» (ចោទិយកថា ១០:១៨)។ យើង​ចង់​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់។ បាន​សេចក្តី​ថា យើង​ត្រូវ​ដាក់​អាទិភាព​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយ​ប្ដេជ្ញា​ចិត្ត​ថា «កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម» (កាឡាទី ៦:១០)។
ទីពីរ ព្រះ​អម្ចាស់​ប្រាប់​យើង​ឲ្យ «ស្រឡាញ់​សេចក្តី​សប្បុរស»។ បើ​ការ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នូវ​ការ​ស្រឡាញ់​សេចក្តី​សប្បុរស គឺ​ជា​សណ្ឋាន​នៃ​ចិត្ត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រព្រឹត្ត​នោះ។ វា​ជា​ការ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​អ្នក​ដទៃ ដោយ​ធានា​ថា យើង​ដេញ​តាម​សេចក្តី​សុចរិត មិន​មែន​ជា​ការ​សម្ដែង ដើម្បី​បំពេញ​កាតព្វកិច្ច តែ​ជា​ការ​ធ្វើ​អំពើ​សប្បុរស ដោយ​ចិត្ត​រីករាយ។ 
ទី​បី យើង​ត្រូវ «ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប»។ ម្យ៉ាង​ទៀត យើង​ត្រូវ​ដើរ​ដោយ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ ដោយ​ឱប​ក្រសោប​យក​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​អង្គ​គ្រប់​ជំហាន។ ហេតុ​អ្វី​ហោរា មីកា បាន​បញ្ចប់​ខ​គម្ពីរ​នេះ ដោយ​ពាក្យ​សុភាព​រាបទាប? ទី​មួយ ព្រោះ​ការ​បន្ទាប​ខ្លួន​គឺ​ជា​អ្វី​ដែល​យើង​ចាំ​បាច់​ត្រូវ​ធ្វើ ដើម្បី​ទទួល​ស្គាល់​ថា យើង​មិន​បាន​ស្តាប់​បង្គាប់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​ស្រឡាញ់​សេចក្តី​សប្បុរស និង​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ការ​ការ​អត់​ទោស​របស់​ព្រះ​អម្ចាស់ មិន​មែន​គ្រាន់​តែ​ត្រូវ​ការ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​នោះ​ទេ។ ហើយ​ទី២ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ស្តាប់​បង្គាប់​ព្រះ​អង្គ​តាម​បទ​គម្ពីរ មីកា ៦:៨ ក៏​ផល​ផ្លែ​ការ​ប្រព្រឹត្ត​របស់​យើង​មិន​ស្រេច​តែ​លើ​យើង​ដែរ។ 
យើង​មិន​អាច​ជួស​ជុល​លោកីយ៍​នេះ​បាន​ទេ។ ហេតុ​នេះ​ហើយ​យើង​ត្រូវតែ​ទុក​ចិត្ត​លើ​ដំណោះ​ស្រាយ​របស់​ព្រះ​ដ៏​ជា​ក្សត្រ និង​ចៅ​ក្រម​នៃ​លោកីយ៍។ ការ​អនុវត្ត​ដូច​នេះ​នឹង​បណ្ដាល​ចិត្ត និង​ទ្រទ្រង់​យើង ដោយ​ជំនួយ​មក​ពី​ព្រះ ដើម្បី​ឲ្យ​យើង​រស់​នៅ​តាម​ដំណឹង​ល្អ ដែល​បាន​សង្គ្រោះ​យើង​តាមរយៈ​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​សុចរិត សេចក្តី​សប្បុរស និង​ការ​បន្ទាប​ខ្លួន ជា​ប្រយោជន៍​ដល់​អ្នក​ជិត​ខាង ហើយ​ធ្វើ​ជា​បន្ទាល់​របស់​ពួក​ជំនុំ និង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​កណ្ឌ​គម្ពីរ​មីកា​បាន​ត្រាស់​ហៅ​យើង​ឲ្យ​សញ្ជឹង​គិត​ដោយ​ការ​បន្ទាប​ខ្លួន​អំពី​ដំណឹង​ល្អ​ដែល​យើង​ខ្វះ​មិន​បាន​ឲ្យ​ពិនិត្យ​មើល​ចិត្ត​ខ្លួន​ឯង និង​សូម​ព្រះ​វិញ្ញាណ​ជួយ​យើង​ឲ្យ​មាន​សេចក្តី​សប្បុរស​ដូច​ព្រះ​គ្រីស្ទ ហើយ​មើល​ទៅ​ការ​រស់​នៅ​របស់​យើង ព្រម​ទាំង​ដេញ​តាម​ភាព​ទៀង​ត្រង់ និង​សេចក្តី​យុត្តិ​ធម៌។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ មីកា ៦:១-៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ១៥-១៧ និង​ម៉ាថាយ ២៣:១-២២

ប្រភេទ