
ពេលវេលារបស់ទូលបង្គំ នៅក្នុងព្រះហស្តព្រះអង្គ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 13, 2025
«តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្តីសប្បុរសនៃទ្រង់» (ទំនុកតម្កើង ៣១:១៤-១៦)។
មនុស្សភាគច្រើនមានអារម្មណ៍ និងបទពិសោធន៍លាយឡំគ្នា។ អារម្មណ៍ និងបទពិសោធន៍ល្អ អាក្រក់ និងគួរឲ្យខ្លាចកើតមានចំពោះយើងជារឿយៗ។ គន្លឹះស្ថិតនៅត្រង់ថា តើយើងគិតយ៉ាងណា ចំពោះអារម្មណ៍ និងបទពិសោធន៍ទាំងអស់នោះ។ តើការរស់នៅជាអ្នកជឿព្រះបានកែប្រែរបៀបដែលយើងគិតអំពីលោកីយ៍ដូចម្ដេចខ្លះ? ឃ្លា «សុទ្ធតែនៅក្នុងព្រះហស្តទ្រង់» គឺជាពាក្យបញ្ជាក់ ដើម្បីរម្លឹកគ្រីស្ទបរិស័ទថា ទោះយើងជួបគ្រោះមហន្តរាយ និងទុក្ខលំបាកយ៉ាងណាក៏ដោយ យើងនៅតែស្ថិតនៅក្រោមការថែរក្សារបស់ព្រះមានគ្រប់ចេស្ដា។
ក្នុងខដំបូងនៃបទគម្ពីរទំនុកតម្កើងជំពូក៣១ យើងឃើញថាស្ដេច ដាវីឌ ទំនងជាមានការឈឺចាប់។ ពេលដែលយើងបន្តអានទៅមុខទៀត យើងឃើញថា ទ្រង់ហាក់ដូចជាបានទទួលការធានានៅពីរបីខទៀត ប៉ុន្តែបន្ទាប់មកទ្រង់ក៏បានវិលទៅរកការពិបាកចិត្តវិញភ្លាម។ វដ្ដនៃការឈឺចាប់ និងក្តីអំណរដូចនេះ មិនមែនជាបទពិសោធន៍ចម្លែកក្នុងការធ្វើដំណើរខាងឯវិញ្ញាណរបស់គ្រីស្ទបរិស័ទនោះឡើយ។ តាមពិត ការខកចិត្ត និងការពិបាក កើតមានឡើងវិញជាធម្មតានៅក្នុងផ្លូវនៃសេចក្តីជំនឿ។
ក្នុងសៀវភៅដែលអ្នកស្រី ខូរី ធែន ប៊ូម (Corrie ten Boom) បាននិពន្ធមានចំណងជើងថា កន្លែងលាក់ខ្លួន គាត់បានចែកចាយទីបន្ទាល់អំពីពេលដែលគាត់ទន្ទឹងរង់ចាំការធ្វើដំណើរតាមរថភ្លើង។ ទោះការធ្វើដំណើររបស់គាត់ មិនបានប្រព្រឹត្តទៅអស់ជាច្រើនសប្ដាហ៍ គាត់បានទៅរកឪពុករបស់គាត់ ហើយសួរគាត់ថា គាត់មានសំបុត្ររទេះភ្លើងដែរឬទេ។ ឪពុកគាត់ប្រាប់គាត់ម្តងហើយម្តងទៀតថា គាត់មានសំបុត្រ។ គាត់ក៏បានដឹងថា បញ្ហារបស់គាត់គឺស្ថិតនៅត្រង់ការមិនទុកចិត្តឪពុកគាត់ បានសេចក្តីថា គាត់មិនជឿថា ឪពុកគាត់បានមើលការខុសត្រូវគ្រប់យ៉ាងទេ។ គាត់ខ្លាចឪពុកគាត់ធ្វើបាត់សំបុត្ររថភ្លើងរបស់គាត់ ហើយគាត់ខ្លាចមិនមានសំបុត្រនោះសម្រាប់ការធ្វើដំណើរ។ ក្នុងមេរៀននេះ គាត់រៀនសូត្របានថា ព្រះអម្ចាស់ប្រទានយើងនូវសំបុត្រនៅថ្ងៃដែលយើងធ្វើដំណើរមិនមែននៅមុនថ្ងៃយើងធ្វើដំណើរទេ។1 ជាការពិតណាស់ ព្រះអង្គរក្សាទុកសំបុត្រនោះបានល្អជាងយើង។
ក្នុងការធ្វើដំណើររបស់យើង យើងឆ្លងកាត់ការឈឺក្បាល ការខកចិត្ត និងការបាត់បង់មនុស្សជាទីស្រឡាញ់ ព្រមទាំងបរាជ័យផ្ទាល់ខ្លួន យើងអាចរៀនសូត្របានថា នេះជាការពិតមែន។ ដូចនេះ យើងត្រូវតែទុកចិត្តព្រះអង្គ។ នៅថ្ងៃដែលយើងធ្វើដំណើរចូលពេលដ៏អស់កល្បជានិច្ច បើយើងស្គាល់ព្រះគ្រីស្ទ យើងដឹងថា ព្រះអង្គនឹងប្រទានសំបុត្រមកយើងមិនខាន។ បើយើងត្រូវចូលក្នុងពេលអស់កល្បជានិច្ចនៅថ្ងៃនេះ ព្រះអង្គនឹងប្រទានសំបុត្រមកយើងមិនខាន។ បើមិនទាន់ដល់ពេលនោះទេ តើយើងនៅដេកគិតដោយឲ្យអារម្មណ៍គ្រប់គ្រងយើង ហើយការព្រួយបារម្ភគ្របសង្កត់យើងដើម្បីអ្វី? យើងមិនស្ថិតនៅក្រោមសេចក្តីមេត្តារបស់អំណាចដែលគ្មានហេតុផល ដែលមិនមែនជាអង្គបុគ្គលនោះទេ តែយើងនៅក្នុងព្រះហស្តរបស់ព្រះនៃសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលមកកាន់យើងថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល» (ម៉ាថាយ ១១:២៨-៣០)។
នេះជាការធានានូវសន្តិសុខ សម្រាប់អ្នកខាងឯវិញ្ញាណ។ ពេលវេលារបស់អ្នក ទោះខ្លី ឬវែង ទោះជាពេលដែលអ្នកជាអ្នកមាន ឬអ្នកក្រ ទោះជាពេលដែលអ្នកពិបាកចិត្ត ឬសប្បាយចិត្តក្តី គឺសុទ្ធតែស្ថិតក្នុងព្រះហស្តព្រះអង្គ។ ព្រះអង្គនឹងប្រទានអ្នកនូវការល្អសម្រាប់ឲ្យអ្នកធ្វើជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកនៅថ្ងៃចុងក្រោយរបស់អ្នក ព្រះអង្គនឹងចម្លងអ្នកដោយសុវត្ថិភាពចូលទៅក្នុងកន្លែង ដែលអ្នកនឹងរស់នៅអស់កល្បជានិច្ចដោយភាពបរិបូរហួសក្តីស្រមៃ និងមានក្តីអំណរដែលមិនអាចពិពណ៌នាបាន។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២២-២៤ និងម៉ាថាយ ២៤:២៩-៥១