នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

អំណោយ​ទាន​មក​ពី​ស្ថាន​ដ៏​ខ្ពស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អំណោយ​ទាន​មក​ពី​ស្ថាន​ដ៏​ខ្ពស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 20, 2025

«នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប​កាយ​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ ដូច្នេះ​ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ​គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្តី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ» (រ៉ូម ១២:៥-៦)។
អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ គឺ​ជា​ឧបករណ៍​មិន​មែន​របស់​ក្មេង​លេង​នោះ​ទេ។ អំណោយ​ទាន​ទាំង​នោះ​មិន​មែន​សម្រាប់​ឲ្យ​យើង​លេង ឬ​ប្រើ​ប្រាស់ ដើម្បី​ទាក់​ទាញ​មនុស្ស​ឲ្យ​ចូល​មក​រក​យើង​ទេ តែ​សម្រាប់​ឲ្យ​ព្រះ​អង្គ​ប្រើ​តាម​រយៈ​យើង ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ និង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ 
ទោះ​យើង​មាន​អំណោយ​ទាន​អ្វី​ក៏​ដោយ ទោះ​ជា​អំណោយ​ទាន​ខាង​ការ​និយាយ ឬ​បម្រើ​ក្តី។ ព្រះ​អង្គ​បាន​ប្រទាន​មក ដើម្បី​សុខុមាល​ភាព​របស់​ពួក​ជំនុំ។ ព្រះ​អម្ចាស់​ប្រទាន​អំណោយ​នេះ​សម្រាប់​ឲ្យ​យើង​ប្រើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ពោល​គឺ​ដើម្បី​ឲ្យ​ចម្រើន​កម្លាំង​ឲ្យ​ពួក​ជំនុំ ជា​រូប​កាយ​ទាំង​មូល​របស់​ព្រះ​គ្រីស្ទ​បាន​រឹងមាំ​ឡើង។ ព្រះ​អង្គ​បាន​ប្រទាន​មក ដើម្បី​ឲ្យ​យើង​មាន​ឱកាស​សម្រេច​គោល​បំណង​ផ្ទាល់​ខ្លួន ឬ​ដើម្បី​សំញែង​សមត្ថភាព តែ​ដើម្បី​ពង្រឹង​ការ​រួបរួម ភាព​សុខដុម និង​ការ​លូត​លាស់​របស់​រាស្ត្រ​ព្រះ​អង្គ​ទាំង​អស់។ មូល​ហេតុ​ដែល​យើង​មាន​អំណោយ​ទាន​ខុស​គ្នា គឺ​ដើម្បី​ឲ្យ​យើង​អាច​រៀន​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។
ប៉ុន្តែ អំណោយ​ទាន​មក​ពី​ព្រះ​អាច​លើក​កម្ពស់​ភាព​សុខដុម និង​សុខុមាល​ភាព​របស់​រាស្ត្រ​ព្រះ​អង្គ​បាន ទាល់​តែ​យើង​ប្រើ​អំណោយ​ទាន​ទាំង​នោះ ដោយ​វិញ្ញាណ​នៃ​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ។ រូប​កាយ​នៃ​ពួក​ជំនុំ​ប្រចាំ​តំបន់​ចម្រើន​ឡើង ទាល់​តែ​ផ្នែក​នីមួយៗ​មាន​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ (អេភេសូរ ៤:‌១៦)។ មុន​ពេល​សាវ័ក ប៉ុល លើក​ទឹក​ចិត្ត​អ្នក​អាន​សំបុត្រ​គាត់​ឲ្យ​ប្រើ​អំណោយ​ទាន។ សាវ័ក ប៉ុល បាន​រៀប​រាប់​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ដោយ​លើក​ឡើង​អំពី​ការ​បន្ទាប​ខ្លួន ដោយ​ជំរុញ​ម្នាក់ៗ​ឲ្យ «គិត​បែប​ឲ្យ​មាន​គំនិត​នឹងធឹង តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​នីមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ» (រ៉ូម ១២:៣)។ បើ​គ្មាន​ការ​បន្ទាប​ខ្លួន​ទេ យើង​នឹង​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ការ​ប្រើ​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ។ យើង​មិន​ប្រគល់​ឧបករណ៍​ជាង ទៅ​ក្មេង​ជំទង់​ដោយ​គ្មាន​ការ​ណែនាំ​ត្រឹម​ត្រូវ​ឡើយ ហើយ​យើង​មិន​មើល​ការ​ខុស​ត្រូវ​ពួក​គេ​នោះ​ទេ យើង​ក៏​មិន​ប្រគល់​រណា​យន្ត​ត្រង់​សេណឺ​ឲ្យ​ពួក​គេ​កាន់​រត់​ចុះ​ឡើងៗ​ដែរ។ បើ​សិន​ជា​យើង​មិន​ចង់​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ! ស្រដៀង​គ្នា​នេះ​ដែរ យើង​ត្រូវ​ប្រើ​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ឲ្យ​ត្រូវ​មុខងារ និង​តាម​របៀប​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​កើត​ឡើង។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ជា​ពួក​ជំនុំ​មាន​អំណោយ​ទាន​ច្រើន តែ​ខ្វះ​ប្រាជ្ញា ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ប្រើ​អំណោយ​ទាន។ ការ​ចង់​បាន និង​ការ​ឲ្យ​តម្លៃ​មក​លើ​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ គឺ​ជា​ការ​ល្អ​ហើយ តែ​ដែល​ល្អ​ជាង​នេះ​ទៀត​នោះ គឺ​យើង​ត្រូវ​ប្រើ​អំណោយ​ទាន ដោយ​ចិត្ត​អត់​ធ្មត់ សប្បុរស និង​ការ​បន្ទាប​ខ្លួន និយាយ​រួម គឺ​ដោយ​សេចក្តី​ស្រឡាញ់ (១កូរិនថូស ១២:៣១-១៣:៧)។ 
យើង​ត្រូវ​តែ​ចង​ចាំ​ថា អំណោយ​ទាន​គឺ​ជា​អំណោយ​ដែល​ព្រះ​ប្រទាន​មក​យើង។ ព្រះ​អង្គ​ជា​ប្រភព​នៃ​អំណោយ​ទាន ដូច​នេះ​ការ​អួត​សំញែង ធ្វើ​មើល​តែ​អំណោយ​ទាន​ជា​របស់​យើង គឺ​ជា​ទង្វើ​ដ៏​ល្ងង់​ខ្លៅ ហើយ​ការ​ប្រើ​អំណោយ​ទាន ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ក៏​ជា​កំហុស​ធ្ងន់​ណាស់​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​បន្ទាប​ខ្លួន​ក្នុង​ការ​ប្រើ​អំណោយ​ទាន ហើយ​រៀន​រស់​នៅ​ដោយ​ភាព​សុខដុម​ជាមួយ​អ្នក​ដទៃ នោះ​យើង​នឹង​បាន​ឃើញ​ផល​ផ្លែ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​ធ្វើ​ការ​នៅ​ក្នុង និង​តាម​រយៈ​យើង។ តើ​ព្រះ​អម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​អ្វី​ខ្លះ​ដល់​អ្នក? ចូរ​អរ​សប្បាយ​នឹង​អំណោយ​ទាន​ទាំង​នោះ​ចុះ។ តើ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ប្រើ​អំណោយ​ទាន​ទាំង​នោះ​ដូច​ម្ដេច​ខ្លះ​ជា​ប្រយោជន៍​ដល់​ពួក​ជំនុំ និង​ដើម្បី​សិរី​ល្អ​នៃ​ព្រះ​បុត្រា​ព្រះ​អង្គ? ចូរ​ប្រើ​អំណោយ​ទាន​តាម​របៀប​នោះ​ចុះ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:១-១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៤០-៤២ និង​ម៉ាថាយ ២៧:២៧-៥០

ប្រភេទ