
ព្រះអង្គមិនរេរា ក្នុងការសម្រេចផែនការ
ដោយJasmine Goh
June 21, 2025
យ៉ូហាន ៦:៥-១៥
ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្ដេច។ យ៉ូហាន ៦:១៥
ខ្សែភាពយន្តហូលីវូដ មានចំណងជើងថា ស្ពានឆ្លងទន្លេខ្វៃ ដែលគេបានផលិតនៅឆ្នាំ១៩៥៧ មានភាពពេញនិយមយ៉ាងខ្លាំង បានជាទស្សនិកជនទាំងហ្វូងៗ បានធ្វើដំណើរទៅកាន់ខេត្តកាន់ចាណាបូរី ប្រទេសថៃ ដើម្បីស្វែងរកស្ពានដែក ដែលពិតជាមានក្នុងជីវិតពិត។ គេបានរកឃើញស្ពាននោះ តែវាមិនមានទីតាំងនៅលើទន្លេខ្វៃនោះទេ ដោយសារខ្សែភាពយន្តនោះមិនបានប្រើឈ្មោះទន្លេនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន គេក៏បានដាក់ឈ្មោះឲ្យផ្នែកនៃទន្លេមេក្លុង ដែលមានស្ពាននោះថា ទន្លេខ្វេ យ៉ៃ(ឬទន្លេខ្វៃ) ស្របតាមការរំពឹងចង់បានរបស់មនុស្សជាច្រើនដែលចង់ស្គាល់កន្លែងនោះ។
ព្រះយេស៊ូវមិនដែលមានការរេរា ក្នុងការបំពេញព្រះរាជបេសកកម្ម ដោយសារការរំពឹងចង់បានរបស់មនុស្សនោះឡើយ។ មនុស្សទាំងហ្វូងៗបានមកផ្តុំគ្នា ដើម្បីឲ្យបានឃើញព្រះអង្គ ព្រោះពួកគេបានឮអំពីទីសំគាល់ និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ(យ៉ូហាន ៦:២)។ នៅពេលដែលពួកគេបានរកឃើញព្រះអង្គ ហើយជឿថា ព្រះអង្គជាព្រះមែស៊ី ដែលបានសន្យាថា នឹងយាងមក ពួកគេចង់ឲ្យព្រះអង្គឡើងធ្វើស្តេច ដើម្បីដឹកនាំទ័ពរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចផុតពីការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ កណ្ឌគម្ពីរយ៉ូហានបានចែងថា “ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្ដេច”(ខ.១៥)។
ទោះព្រះគ្រីស្ទបានប្រឈមមុខដាក់សម្ពាធរបស់ពួកបណ្តាជនដែលបង្ខំព្រះអង្គឲ្យសង្គ្រោះពួកគេ ដូចអ្វីដែលពួកគេចង់បានក៏ដោយ ក៏ព្រះអង្គបានដើរតាមផែនការរបស់ព្រះ ដោយមិនងាករេ ដើម្បីជួយសង្គ្រោះពួកគេ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះ(កូល៉ុស ១:១៣) គឺមិនមែនសង្រ្គោះឲ្យរួចពីបញ្ហាខាងសាច់ឈាមនៅផែនដីនោះទេ តែឲ្យរួចពីអំណាចរបស់ “បាប និងសេចក្តីស្លាប់” (រ៉ូម ៨:២)។
ព្រះយេស៊ូវមានបំណងព្រះទ័យមិនងាករេ ក្នុងការប្រទានអ្វីដែលយើងត្រូវការ។ ហេតុនេះហើយ យើងអាចទុកចិត្តព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់។ នៅពេលណាផ្លូវរបស់ព្រះ ហាក់ដូចជាមិនសមស្របនឹងអ្វីដែលយើងចង់បានក៏ដោយ ក៏យើងអាចទុកចិត្តថា ផែនការរបស់ព្រះអង្គ តែងតែល្អជាងផែនការរបស់យើង ព្រោះព្រះអង្គមិនបានងាករេ នៅក្នុងការសម្រេចបំណងព្រះទ័យ ដែលចង់សង្គ្រោះយើងឲ្យរួចពីបាប។—Jasmine Goh
តើនៅពេលណាអ្នកមានអារម្មណ៍ថា ព្រះទ្រង់មិនបានប្រទានអ្វីដែលអ្នករំពឹងចង់បាន?
តើធ្វើដូចម្តេចឲ្យអ្នកអាចទុកចិត្តព្រះអង្គ?
ឱព្រះអម្ចាស់ ព្រះអង្គមិនបានរេរា ក្នុងការសម្រេចបំណងព្រះទ័យជួយសង្គ្រោះទូលបង្គំឡើយ
ហេតុនេះហើយ ទូលបង្គំអាចទុកចិត្តថា ព្រះអង្គនឹងប្រទានអ្វីដែលល្អបំផុតសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៣-៥ និង កិច្ចការ ៥:២២-៤២