នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​របស់​គ្រីស្ទ​បរិស័ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​របស់​គ្រីស្ទ​បរិស័ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

June 21, 2025

«ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា» (រ៉ូម ១២:៩)។
ខ្សែ​ភាព​យន្ត​អាច​ថត​បាន​រូប​ភាព​ដ៏​អស្ចារ្យ​នៃ​ភាព​មិន​ស៊ី​សង្វាក់​គ្នា ដែល​អាច​កើត​មាន​រវាង​ពាក្យ​សម្ដី​របស់​តួ​អង្គ និង​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​ពួក​គេ។ តាម​ធម្មតា យើង​អាច​មើល​ដឹង​ដោយ​ពិនិត្យ​មើល​ភ្នែក​របស់​ពួក​គេ។ ឧទាហរណ៍៖ តួ​អង្គ​ស្រី​និយាយ​ថា «លោក ចេនឃិន (Jenkins) ខ្ញុំ​ពិត​ជា​មាន​ចិត្ត​រីករាយ​ណាស់​ដែល​បាន​ជួប​លោក​ម្តង​ទៀត!» ហើយ​តាម​រយៈ​ការ​បង្ហាញ​ទឹក​មុខ​របស់​នាង ទស្សនិកជន​អាច​ដឹង​ថា នាង​មិន​បាន​និយាយ​ចេញ​ពី​ចិត្ត​ទេ។ តាម​ពិត​នាង​ចង់​មាន​ន័យ​ថា «លោក ចេនឃិន ខ្ញុំ​ចង់​ជៀស​វាង​មិន​ឲ្យ​ជួប​លោក បើ​សិន​ជា​អាច ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជៀស​មិន​រួច»។
ពាក្យ​សម្ដី​អ្វី​ដែល​ចេញ​ពី​មាត់​មនុស្ស​មក មិន​មែន​សុទ្ធ​តែ​ជា​ការ​ពិត​នោះ​ទេ។ ចិត្ត​របស់​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ដែល​ប្រេះ​បែក ហើយ​ជីវិត​របស់​មនុស្ស​ត្រូវ​បាន​បំផ្លាញ ដោយ​មនុស្ស​ដែល​និយាយ​ថា «ខ្ញុំ​ស្រឡាញ់​អ្នក» តែ​បបូរ​មាត់។ តាម​ព្រះ​គម្ពីរ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​របស់​គ្រីស្ទ​បរិស័ទ គឺ​ជា​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​ជានិច្ច។ ក្នុង​ការ​ចែកចាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ស្រឡាញ់​តែ​បបូរ​មាត់ និង​ការ​បោក​បញ្ឆោត សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​អ្នកជឿ​ឲ្យ​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ​ត្រង់​បាន​សេចក្តី​ថា ស្រឡាញ់​ដោយ​ចិត្ត​ដែល​ស្រប​នឹង​ពាក្យ​សម្ដី។ ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ភាព​ផ្តាច់​ការ​នៃ​ការ​សម្ដែង​ថា យើ​ចូល​ចិត្ត​មនុស្ស​គ្រប់​គ្នា ឬ​គិត​ថា យើង​ត្រូវ​ឲ្យ​គេ​គ្រប់​គ្នា​ចូល​ចិត្ត​យើង ហើយ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​អង្គ​ក៏​បាន​ជួយ​យើង​ឲ្យ​អាច​ស្រឡាញ់ សូម្បី​តែ​មនុស្ស​ដែល​យើង​មិន​ចង់​នៅ​ក្បែរ​កាល​ពី​មុន​ផង​ដែរ។ 
ជា​ការ​ពិត​ណាស់ លោក ដាប់ប៊លយូ អ៊ី វ៉ាញ (W.E. Vine) មាន​ប្រសាសន៍​ថា «សេចក្តី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ មិន​តែង​តែ​ដើរ​តាម​និស្ស័យ​សាច់​ឈាម​របស់​យើង ហើយ​ក៏​មិន​កំណត់​ថា យើង​ត្រូវ​ផ្ដោត​ទៅ​លើ​តែ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ដែល​យើង​ចូល​ចិត្ត​នោះ​ឡើយ។1 អាច​និយាយ​ម្យ៉ាង​ទៀត​ថា ក្តី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ​មិន​មាន​លក្ខណៈ​ធម្មជាតិ​ទេ។ តាម​ធម្មតា យើង​ស្រឡាញ់​តែ​មនុស្ស​ដែល​យើង​គិត​ថា គួរ​ឲ្យ​ស្រឡាញ់ មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង គំនិត​ដូច​យើង និង​មាន​លក្ខណៈ​សម្បត្តិ​ដែល​យើង​រំពឹង​ចង់​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​លើស​ពី​ធម្មជាតិ​មិន​ស្ថិត​ក្នុង​ដែន​កំណត់​នៃ​ជាតិ​សាសន៍ ចំណេះ​ដឹង និង​ឋានៈ​ក្នុង​សង្គម​ទេ។ ពោល​គឺ​លើស​ដែន​កំណត់​ទាំង​អស់​ដែល​មនុស្ស​បាន​ដាក់។ 
កណ្ឌ​គម្ពីរ រ៉ូម ៥:៨ បាន​ចែង​អំពី​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ​ថា «តែ​ឯ​ព្រះ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ ក្តី​ស្រឡាញ់​ដែល​ស្មោះ​ត្រង់​អាច​កើត​មាន ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ។ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​លះបង់​របស់​ព្រះ​យេស៊ូវ​សម្រាប់​យើង។ ពេល​ណា​សេចក្តី​ស្រឡាញ់​របស់​ព្រះ​កែ​ប្រែ​ជីវិត​អ្នក​ជឿ ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង នឹង​បង្ហូរ​ចេញ​ដោយ​សេចក្តី​ស្រឡាញ់​នោះ។ 
សាវ័ក ប៉ុល សង្ឃឹម​ថា ពេល​ណា​លោកីយ៍​មើល​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គេ​នឹង​និយាយ​ថា «ពួក​មនុស្ស​ទាំង​នេះ​ស្រឡាញ់​គ្នា តាម​របៀប​ខុស​ប្លែក​ពី​គេ»។ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​មាន​លក្ខណៈ​ដូច​នេះ ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ ចូរ​យើង​កុំ​ទទួល​យក​សេចក្តី​ស្រឡាញ់​តែ​បបូរ​មាត់ ទន់​ខ្សោយ ឬ​ក្លែងក្លាយ​ឡើយ។ ចូរ​កុំ​បណ្តោយ​ឲ្យ​ចិត្ត​អ្នក​ប្រែ​ជា​ខ្វះ​សេចក្តី​ស្រឡាញ់ ទោះ​អ្នក​ដឹង​ថា អ្នក​កំពុង​តែ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ។ ចូរ​មាន​ក្តី​ស្រឡាញ់​ពិត​ប្រាកដ ដោយ​មើល​ទៅ​ព្រះ ដែល​ស្រឡាញ់​អ្នក​ជា​មនុស្ស​មាន​បាប ហើយ​បាន​សុគត​ដើម្បី​លោះ​បាប​អ្នក។ ចូរ​អធិស្ឋាន​សូម​ឲ្យ​ក្តី​ស្រឡាញ់​របស់​អ្នក​មាន​ភាព​ខុស​ប្លែក និង​ជ្រាល​ជ្រៅ​ជាង​សេចក្តី​ស្រឡាញ់​របស់​លោកីយ៍ ដើម្បី​ឲ្យ​អ្នក​អាច​ចង្អុល​បង្ហាញ​អ្នក​ដទៃ​ឲ្យ​ងាក​ទៅ​រក​ព្រះ​ដែល​ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៥:១២-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យេរេមា ៤៣-៤៥ និង​ម៉ាថាយ ២៧:៥១-៦៦

ប្រភេទ