
មិនអាចចាក់ខ្សែបានឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 22, 2025
«ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ» (រ៉ូម ១២:៩)។
អ្នកជំងឺណាក៏ដោយ ដែលបានឆ្លងកាត់ការផ្លាស់ប្ដូរខួរឆ្អឹង សុទ្ធតែបានដឹងអំពីសារៈសំខាន់នៃការជៀសវាងជំងឺឆ្លងដែលអាចកើតឡើង។ ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេមានការចុះខ្សោយយ៉ាងខ្លាំង បានជាពួកគេងាយនឹងឆ្លងជំងឺជាងមនុស្សទូទៅ។ បើសិនជាមានភ្ញៀវណាម្នាក់មកសួរសុខទុក្ខពួកគេ ដោយមានការក្អក និងកណ្ដាស់ ហើយការដោះសាថា វាមិនមែនជារឿងធំដុំទេ គឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើមចំពោះអ្នកជំងឺក៏ដូចជាវេជ្ជបណ្ឌិត។ ពួកគេត្រូវការការពារគ្រប់ភេទ ប្រៀបដូចជាការការពារជំងឺកូវីឌអញ្ចឹងដែរ ព្រោះផលវិបាកនៃជំងឺនីមួយៗសុទ្ធតែអាចបណ្ដាលឲ្យពួកគេស្លាប់បាន។
សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគួរតែបានឆ្លុះបញ្ចាំអំពីផ្នត់គំនិតដូចនេះ ពេលណាពួកគេប្រឈមមុខដាក់ការអាក្រក់។ យើងមិនអាចនិយាយថា យើងពិតជាស្រឡាញ់អ្នកដទៃឡើយ បើសិនជាយើងស្រឡាញ់ ឬគ្រាន់តែទ្រាំទ្រការអាក្រក់ក្នុងចិត្តយើង ហើយនៅឆ្ងាយពីការល្អនោះ។ យើងមិនអាចលេងសើចនឹងសេចក្តីទុច្ចរិត ដោយព្យាយាមបណ្តោយឲ្យការអាក្រក់ណាមួយបន្តកើតមាននោះទេ។ ពាក្យ «ស្អប់ខ្ពើម» គឺជាពាក្យធ្ងន់បំផុតដែលសាវ័ក ប៉ុល បានប្រើដោយសារគាត់មិនអាចចាក់ខ្សែបានឡើយ ពេលណាគាត់ត្រូវនិយាយអំពីសេចក្តីបរិសុទ្ធ។ នៅដើមដំបូងនៃខគម្ពីរនេះ សាវ័ក ប៉ុល បានបង្រៀនពួកជំនុំឲ្យ «ស្រឡាញ់ដោយឥតពុតមាយា»។ ដូចនេះ តើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬអី នៅពេលដែលសាវ័ក ប៉ុល ប្រើពាក្យ «ខ្ពើម» បន្ទាប់ពីគាត់ទើបតែបានប្រើពាក្យ «ស្រឡាញ់»? យើងច្រើនតែគិតថា បើយើងស្រឡាញ់ យើងមិនគួរស្អប់នរណាម្នាក់ ឬអ្វីមួយទេ ប៉ុន្តែនេះគ្រាន់តែបញ្ហាមនោសញ្ចេតនាប៉ុណ្ណោះ។ សាវ័ក ប៉ុល បានបង្រៀនច្បាស់ថា សេចក្តីស្រឡាញ់ មិនអរសប្បាយនឹងការអាក្រក់ (១កូរិនថូស ១៣:៦)។ បើអ្នកស្រឡាញ់ប្ដីប្រពន្ធរបស់អ្នក ដោយសេចក្តីបរិសុទ្ធដ៏ឆេះឆួល នោះអ្នកក៏ស្អប់អ្វីៗដែលឆក់យកទំនាក់ទំនងប្ដីប្រពន្ធ ចេញពីជីវិតអ្នក ពុំនោះទេ សេចក្តីស្រឡាញ់របស់អ្នក មិនមែនជាសេចក្តីស្រឡាញ់ពិតឡើយ។ ការស្រឡាញ់ដែលយើងមានចំពោះព្រះមានលក្ខណៈដូចនេះដែរ។ យើងមិនអាចស្រឡាញ់សេចក្តីបរិសុទ្ធ ដោយមិនស្អប់សេចក្តីស្មោកគ្រោកនោះឡើយ។
នៅក្នុងខបន្ទាប់ សាវ័ក ប៉ុល ក៏បានងាកមកនិយាយអំពីរឿងវិជ្ជមានវិញ ដោយបន្តប្រើពាក្យ «ខ្ជាប់ខ្ជួន» ដែលមានន័យដូចពាក្យ «នៅជាប់» ដែលព្រះយេស៊ូវបានប្រើក្នុងការបង្រៀនអំពីទំនាក់ទំនងប្ដីប្រពន្ធ (ម៉ាថាយ ១៩:៥)។ សាវ័ក ប៉ុល មិនបានប្រើឃ្លានេះ ដោយការចាក់ខ្សែនោះទេ។ ទំនាក់ទំនងប្ដីប្រពន្ធគឺជាការរួបរួមរបស់មនុស្សដែលជិតស្និទ្ធបំផុត ទាំងផ្លូវអារម្មណ៍ ប្រាជ្ញា និងវិញ្ញាណ។ ហេតុនេះហើយក្នុងបទគម្ពីរនេះ សាវ័ក ប៉ុល បានបង្រៀនថា សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគួរតែមានការប្ដេជ្ញាចិត្តដ៏ជាប់លាប់ចំពោះសេចក្តីល្អដូចកាវវិទ្យាសាស្ត្រអញ្ចឹងដែរ។
យើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់លោកីយ៍ ដែលនាំឲ្យយើងហៅ «ការអាក្រក់ថាល្អ ហើយការល្អថាអាក្រក់» ឬជៀសវាងការរស់នៅជាមនុស្ស «ដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ» (អេសាយ ៥:២០)។ រាស្ត្ររបស់ព្រះដឹងថា មានពេលដែលត្រូវស្រឡាញ់ និងពេលដែលត្រូវស្អប់ (សាស្ដា ៣:៨)។ ដូចនេះ តើអ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះការអាក្រក់ ជាពិសេសបាបដែលមានភាពទាក់ទាញបំផុតចំពោះអ្នក ឬបាបដែលមនុស្សនៅជុំវិញអ្នកបានអបអរខ្លាំងបំផុត? បើអ្នកស្អប់ខ្ពើមការអាក្រក់ទាំងនោះ តើនឹងការផ្លាស់ប្ដូរអ្វីកើតឡើង? នៅថ្ងៃនេះ ចូរយើងពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះ ដើម្បីជួយយើងឲ្យស្រឡាញ់តាមរបៀបត្រឹមត្រូវ ដោយស្អប់ការអ្វីដែលព្រះស្អប់។ គឺដូចដែលលោក ចន បេលេ (John Baillie) បានអធិស្ឋានថា៖ «ឱព្រះអង្គអើយ សូមព្រះអង្គប្រទានទូលបង្គំនូវអំណាច ដើម្បីឲ្យទូលបង្គំដើរតាមការអ្វីដែលល្អ។ ពេលនេះ ទូលបង្គំសូមអធិស្ឋាន ដើម្បីមិនឲ្យមានសេចក្តីអាក្រក់ណាមួយ ដែលបានលាក់ខ្លួនឮក្នុងគំនិតយើងខ្ញុំ ដើម្បីរកឱកាសសម្រេចគោលបំណងរបស់វាឡើយ»។1
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៩:៤២-៥០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៦-៤៧ និងម៉ាថាយ ២៨