
សរសើរឲ្យបានត្រឹមត្រូវ
ដោយKaren Huang
June 25, 2025
ដានីយ៉ែល ២:១-៥,១៣-១៩
ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្ដេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន។ ដានីយ៉ែល ២:៤៧
មានភ្ញៀវរាប់រយនាក់បានមកផ្តុំគ្នា នៅក្នុងរាត្រីសមោសរ ដើម្បីអបអរខួបលើកទី៥០ឆ្នាំ របស់អង្គការមិនរកប្រាក់ចំណេញមួយ និងដើម្បីផ្តល់កិត្តិយសដល់អ្នកដែលបានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍នេះអាចកើតឡើង ជាពិសេសអ្នកដែលបានធ្វើការ ក្នុងអង្គការនេះជាច្រើនទសវត្សរ៍មកហើយ។ សមាជិកនៃស្ថាបនិកម្នាក់របស់អង្គការនេះ បានចែកចាយ ដោយការដឹងគុណថា ទោះមានអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានចូលរួម និងមានប្រាក់ឧបត្ថម្ភរាប់លានដុល្លាក៏ដោយ ក៏ពួកគេមិនអាចជោគជ័យ ដោយគ្មានជំនួយមកពីព្រះបានឡើយ។ គាត់ក៏បានក្រើនរំឭកជាថ្មីម្តងទៀតថា ទោះពួកគេមានការប្រឹងប្រែងជាច្រើនក៏ដោយ ក៏អង្គការនេះបានបង្កើតផលផ្លែជាច្រើន មិនមែនដោយសារការប្រឹងប្រែងរបស់មនុស្សនោះទេ តែដោយសារព្រះទ្រង់ផ្គត់ផ្គង់ពួកគេ។
លោកដានីយ៉ែលបានយល់អំពីសារៈសំខាន់នៃការសរសើរដំកើងព្រះ សម្រាប់អំណោយល្អៗដែលមនុស្សបានទទួល។ នៅពេលដែលស្តេចនេប៊ូក្នេសា បានយល់សប្តិអំពីពេលអនាគត ទ្រង់បានត្រាស់បង្គាប់អ្នកប្រាជ្ញទាំងអស់ ក្នុងចក្រភពបាប៊ីឡូន ឲ្យកាត់ស្រាយសុបិន្ដរបស់ទ្រង់។ ពួកគេក៏បានទូលស្តេចដោយអស់សង្ឃឹមថា គ្មាននរណាម្នាក់នៅលើផែនដីនេះ អាចកាត់ស្រាយថ្វាយទ្រង់បានទេ លើកលែងតែមានការអស្ចារ្យ(ដានីយ៉ែល ២:១០-១១)។ ពេលនោះ លោកដានីយ៉ែលក៏បានយល់ស្របមតិពួកគេ ដោយទូលទ្រង់ថា “សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន”(ខ.២៧-២៨)។ គាត់ក៏បានទូលសូមព្រះអម្ចាស់ដោយសេចក្តីជំនឿ ដើម្បីឲ្យព្រះអង្គប្រទានការបើកសម្ដែងអំពីសុបិន្ដនោះដល់គាត់។ នៅពេលដែលព្រះអង្គឆ្លើយតបការអធិស្ឋាននេះ លោកដានីយ៉ែលក៏បានបន្ទាបខ្លួន ហើយក៏បានប្រញាប់បញ្ជាក់ឲ្យគេដឹងថា ការកាត់ស្រាយរបស់គាត់ មិនបានធ្វើឡើងដោយប្រាជ្ញារបស់គាត់ តែដោយជំនួយមកពីព្រះដ៏ធំប្រសើររបស់គាត់(ខ.៣០,៤៥)។
ការអបអរភាពជោគជ័យ គឺជាទង្វើដ៏ត្រឹមត្រូវ តែទន្ទឹមនឹងនោះ យើងគួរតែថ្វាយសិរីល្អដល់ព្រះ។ យើងអាចដឹងថា រឿងល្អៗជាច្រើន ដែលបានកើតឡើងក្នុងជីវិតយើង សុទ្ធតែមានប្រភពមកពីព្រះអង្គ។—Karen Pimpo
ថ្មីៗនេះ អ្នកបានកត់សំគាល់ឃើញព្រះទ្រង់ផ្គត់ផ្គង់អ្នក នៅក្នុងផ្នែកណាខ្លះនៃជីវិតអ្នក?
ហេតុអ្វីនៅពេលខ្លះ យើងពិបាកទទួលស្គាល់ថា ព្រះអង្គជាអ្នកផ្គត់ផ្គង់យើង?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាអ្នកប្រទានអ្វីៗគ្រប់យ៉ាងដែលល្អ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០